ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​តាមដាន​សង្គម​ចោទ​សួរ​អំពី​​ការ​សាង​សង់​របង​ថ្ម​លើ​ឆ្នេរ​អូរឈើទាល​


កម្មករសំណង់ កំពុងរៀបឥដ្ឋធ្វើរបង នៅលើឆ្នេរអូរឈើទាល ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣។ (រូបថតផ្តល់ឲ្យដោយលោក ម៉ា ចិត្រា)
កម្មករសំណង់ កំពុងរៀបឥដ្ឋធ្វើរបង នៅលើឆ្នេរអូរឈើទាល ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣។ (រូបថតផ្តល់ឲ្យដោយលោក ម៉ា ចិត្រា)

អ្នក​តាម​ដាន​សង្គម​បាន​ជំរុញ​ឲ្យអាជ្ញាធរខេត្តព្រះសីហនុ​បង្ហាញ​ព័ត៌មានឲ្យ​បាន​ច្បាស់អំពីការ​សាង​សង់​របង​ថ្ម​នៅ​លើឆ្នេរអូរ​ឈើ​ទាល​នេះ​ ព្រម​ទាំង​ទាម​ទារ​ឲ្យ​បំភ្លឺថា​ហេតុអ្វី​បាន​ជា​ក្រុម​ហ៊ុន​ឯកជនមាន​សិទ្ធិ​កាន់​កាប់ដីឆ្នេរ​សមុទ្រ​នេះ។​

នា​ពេល​ថ្មីៗ​នេះ ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​មាន​ការ​រិះ​គន់​ទាក់​ទងនឹង​ការ​សាង​សង់​សំណង់​របង​ថ្ម​មួយ​នៅ​លើ​ឆ្នេរ​អូរ​ឈើ​ទាល ​ក្នុង​ក្រុង​ព្រះ​សីហនុ ខណៈប្រជា​ពល​រដ្ឋ ​និង​អ្នក​តាម​ដាន​សង្គម​បាន​រិះគន់​ជា​ហូរ​ហែ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ​និង​បានចាត់​ទុក​ថា ការ​សាង​សង់​របង​ថ្ម​នោះ​គឺ​ខុស​ច្បាប់​ និង​ខុស​ពីសារាចរ​ណែនាំ​ស្តី​ពីការ​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ ​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សោភ័ណភាព​ឆ្នេរ​កម្ពុជា​ និង​បាត់​បង់​ដល់​ការ​បម្រើប្រយោជន៍​សាធារណៈ។​

លោក ​ហេង គឹមហុង ​ប្រធាន​កម្ម​វិធី​ផ្នែក​ស្រាវ​ជ្រាវ ​និង​តស៊ូ​មតិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​(CYN) ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ច័ន្ទ​នេះថា ​ការ​សាង​សង់​របង​ថ្ម​ ឬ​សំណង់​រឹង​នៅ​លើ​ឆ្នេរ​សមុទ្រ​មិន​គួរ​ឲ្យ​កើត​មាន​នោះ​ទេ ​ព្រោះ​វា​បាត់​បង់​ប្រយោជន៍​សាធារណៈ​ ដែល​រដ្ឋបាល​ខេត្ត​គួរ​តែ​គិត​អំពី​ប្រយោជន៍​សាធារណៈ ​និងត្រូវបាន​ប្រើ​ប្រាស់​ឲ្យ​ចំ​សក្តានុពល​ផ្នែក​សេវា​ទេសចរណ៍។​

លោក​ជំរុញ​ឲ្យ​អាជ្ញាធរខេត្ត​ព្រះ​សីហនុ​បញ្ជាក់​ឲ្យ​បាន​ច្បាស់អំពី​ការ​សាង​សង់​របង​ថ្ម​នេះ ថា​ហេតុ​អ្វី​បាន​ជា​មាន​ការ​ផ្ទេរ​កម្ម​សិទ្ធិ​ពី​ដី​រដ្ឋ​ទៅ​ជា​របស់​ឯក​ជន ​និង​ចង់​ដឹង​ថា តើ​ករណី​នេះ​មាន​ពាក់​ព័ន្ធ​នឹងអំពើ​ពុក​រលួយ​ដែរ​ឬ​ទេ?​

លោក​ថ្លែង​ថា៖​ «សម្រាប់​ខ្ញុំ​ រដ្ឋ​បាល​ខេត្ត​ត្រូវ​តែ​ធ្វើ​ការ​បំភ្លឺ​ជា​សាធារណៈ​ជាមួយ​ស្ថាប័ន​ពាក់​ព័ន្ធ​អំពី​នីតិវីធី ​និង​ភាព​ចាំបាច់​ក្នុង​ការ​ផ្ទេរ​កម្ម​សិទ្ធិ​ពី​រដ្ឋ​ទៅ​ឯកជន។ ​ទី២​ថា​តើ​អត្ថ​ប្រយោជន៍​ផ្សេងៗ​ ដែល​បាន​ពី​ការ​ផ្ទេរ​ហ្នឹង​វា​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​ប្រយោជន៍​អ្វីខ្លះ? ​ថា តើ​មាន​ពាក់​ព័ន្ធ​ជាមួយ​អំពើ​ពុក​រលួយ​ដែរ​ឬ​ទេ?​ ​ហើយ​ទី៣ ​ត្រូវ​ធ្វើការ​បកស្រាយ​ និង​បំភ្លឺ​ថា ហេតុអ្វី​បាន​ជា​ក្រុមហ៊ុន​ឯកជន​នេះ​មាន​សិទ្ធិ​កាន់​កាប់​ឆ្នេរ​សមុទ្រ​ ដែល​ជា​សម្បត្តិ​សាធារណៈ​ ផ្ទុយ​ទាំង​ស្រុង​ពី​ច្បាប់​ភូមិបាល»។​

ចំណែក​អ្នក​សម្រប​សម្រួល​គម្រោង​ធុរកិច្ច​ និង​សិទ្ធិ​មនុស្ស​នៃ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ លោក​វណ្ណ សុផាត ​ថ្លែង​ថា​ កន្លង​មក​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ មាន​ប្រសាសន៍​ថា​ ប្រសិន​បើប៉ះពាល់​ដី​សាធារណៈ​ ជា​ពិសេស​តំបន់​ឆ្នេរ​ ​គឺ​សុំ​ឲ្យ​លុប​ចោទ ឬ​មោឃភាព​វិញ ​ដូច្នេះ​លោក​ថា រដ្ឋាភិបាល​គួរតែ​ពិចារណាសើរើ​ និង​ដក​ហូត​ដីដែល​កំពុង​មាន​ការសាង​សង់​របង​ថ្ម​លើឆ្នេរ​អូរ​ឈើ​ទាល​នេះ​ យក​មក​ដាក់​ជាប្រយោជន៍​សាធារណៈ​វិញ។ ​ម្យ៉ាង​ទៀត​ លោក​ថា ​ការ​សាង​សង់​សំណង​រឹង​លើ​ឆ្នេរបែប​នេះ​នឹងប៉ះ​ពាល់​មុខ​មាត់​កម្ពុជា​ ព្រោះ​ឆ្នេរ​កម្ពុជាក៏​ត្រូវ​បាន​ចាត់​ទុក​ជា​ឆ្នេរ​ស្អាត​នៅ​លើ​ពិភព​លោក​ផង​ដែរ។​

ទិដ្ឋភាពរបងថ្មនៅលើឆ្នេរអូរឈើទាលក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលកំពុងរងការរិះគន់ពីប្រជាពលរដ្ឋ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣។ (រូបថតផ្តល់ឲ្យដោយលោក ម៉ា ចិត្រា)
ទិដ្ឋភាពរបងថ្មនៅលើឆ្នេរអូរឈើទាលក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលកំពុងរងការរិះគន់ពីប្រជាពលរដ្ឋ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣។ (រូបថតផ្តល់ឲ្យដោយលោក ម៉ា ចិត្រា)

លោក​ក៏​ទាម​ទារឱ្យ​អាជ្ញាធរខេត្តព្រះ​សីហនុ​បើក​វេទិកាសាធារណៈ​ ឬ​សន្និសីទ​សារ​ព័ត៌មាន​បង្ហាញ​ពី​តម្លា​ភាព​ទាក់ទង​ការ​សាង​សង់​របង​ថ្ម​លើ​ឆ្នេរ​អូរ​ឈើ​ទាល​នេះ​ផង​ដែរ ​ព្រោះ​លោក​ថា​ ការណ៍​នេះ​ហាក់​បង្ហាញ​ពី​ភាព​មិន​ស្មើគ្នា​លើ​ការ​អនុវត្ត​រវាង​អ្នក​មាន​អំណាច ​និង​ប្រជា​ពល​រដ្ឋ​សាមញ្ញ ​ទាក់​ទង​បញ្ហា​ដីធ្លី​នេះ។​

លោក​ថ្លែង​ថា៖ ​«ត្រូវ​តែ​មាន​បើក​វេទិកា​សាធារណៈ​ ឬ​មួយ​សន្និសីទ​សារព័ត៌មាន​ ដើម្បី​ឲ្យ​អ្នក​សារព័ត៌មាន ​ឬ​សាធារណជន​ គេ​ស្តាប់​ថា​ តើ​ការ​ផ្តល់​ជា​ដីជា​កម្មសិទ្ធិ​ទៅ​ឲ្យ​ក្រុមហ៊ុន​ហ្នឹង​ គឺ​ថា​ វា​ស្រប​ច្បាប់​ទេ? ​វា​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ ច្បាប់​ភូមិបាល ឬ​មួ​យ​សារាចរ​ណែនាំ ​និង​លិខិត​បទដ្ឋាន​គតិយុត្តិ​របស់​យើង​ ​ច្បាស់​លាស់​ទេ?​ ឬ​មួយ​គ្រាន់​តែ​បន្លំបកូវ​ ​ហើយ​ក៏​បិទ​ចោល​ ស្ងាត់ទៅ​ទាំង​អស់​គ្នា​អី​ចឹង​ទៅ។​ អាហ្នឹង​វា​មិន​មាន​តម្លា​ភាព ​ហើយ​វា​ធ្វើ​ឲ្យ​ក្លាយ​ទៅ​ជា​វប្បធម៌​និទណ្ឌភាព។​ អ្នកណា​ក៏​មាន​ឱកាស​ស៊ុម​គ្រលុំ​យក​ដី​រដ្ឋ​អ៊ីចឹង​បាន​ចេះ​តែយក​អ៊ីចឹង​ទៅ!​ ហើយ​ប្រជា​ពលរដ្ឋ​ធម្មតា ​គាត់​កាន់​កាប់​យូរ​មក​ហើយ​ ដីខ្លះ​គាត់​មាន​កម្ម​សិទ្ធិត្រឹម​ត្រូវ​ដោយ​ស្រប​ច្បាប់​នៅតែ​យក​របស់​គាត់​ទៀត។​ អាហ្នឹង​វា​ដូច​ជា​អយុត្តិធម៌​សម្រាប់​ប្រជា​ពលរដ្ឋ»។​

​លោក​បន្ថែម​ថា ​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង ​និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​ ដែល​លោក​ ជា សុផារ៉ា ​រដ្ឋមន្ត្រី​ក្រសួង​ដែន​ដី​ជា​ប្រធាន​ ត្រូវ​តែ​ពិនិត្យ​ និង​ពិចារណា​ឡើង​វិញ​ចំពោះ​ករណី​នេះ​ផង​ដែរ។​

ដោយ​ឡែក​ ប្រជា​ពល​រដ្ឋបា​ន​នាំ​គ្នា​រិះគន់តាម​បណ្តាញ​សង្គម​ហ្វេសប៊ុកថា​ ការ​សាង​សង់​របង​ថ្ម​នេះគឺ​ខុស​ពី​បទ​បញ្ញត្តិ​នៃ​ការ​គ្រប់គ្រង​ដី​ចំណី​ឆ្នេរ ​និង​ពាម​សមុទ្រ​ ដែល​ត្រូវ​មាន​ចម្ងាយ​១០០​ម៉ែត្រ​ពី​មាត់​ឆ្នេរ ​និង​ពាម។​ ប៉ុន្តែ​អ្នក​រិះគន់​បាន​លើក​ឡើង​ថា ​សំណង់​នៅ​លើ​ឆ្នេរ​អូរ​ឈើ​ទាល​នេះ​មាន​ប្រវែង​ជាង​១០​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ទឹក​សមុទ្រ។​

លោក ​ឡុង ឌីម៉ង់​ អភិបាល​រង​ខេត្ត​ព្រះ​សីហនុ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​ទីតាំង​ដី​ដែល​ឃើញ​មាន​ការ​សាង​សង់​របង​ថ្ម​នោះ​គឺ​ជា​ដីរបស់​អតីត​វីរៈ​នគរបាល​ព្រំដែន​ទឹក ​ដែល​មាន​ទំហំ​៨៤០០​ម៉ែត្រ​ការ៉េ​ និង​បាន​ឆ្លង​កាត់​នីតិវិធី​កសាង​បណ្ណ​កម្មសិទ្ធិ​ស្រប​តាម​ច្បាប់​ទៅ​ឲ្យ​ឯកជន​រួច​រាល់​អស់​ហើយ។ ​លោក​បន្ថែម​ថា ​ទីតាំង​ដី​នោះ​ សាធារណ​ជន​មិនដែលចូល​ទៅ​ទេ ​ព្រោះមាន​របង​ព័ទ្ធ​ជុំវិញ​រឹងមាំ​តាំង​ពី​ក្រោយ​ឆ្នាំ​១៩៧៩​ ប៉ុន្តែ​ការ​ធ្វើ​របង​ឡើង​វិញនេះ​គឺ​ក្រោយ​ពី​មាន​ការ​បាក់​រលំ​ដោយ​សារ​អាកាសធាតុ។​

លោក​បញ្ជាក់​ថា៖​ «អ៊ីចឹង​ដើម្បី​យក​ដី​មួយ​ដុំយក​ទៅ​ជួល​ឲ្យ​ឯក​ជនដើម្បី​វិនិយោគ​ដើម្បី​បម្រើ​បម្រាស់​បាន​ទាល់​តែ​គេ​ធ្វើ​អនុប្បយោគ​ដីពីដី​សាធារណៈ​របស់​រដ្ឋ​មក​ជា​ដី​ឯក​ជន​របស់​រដ្ឋ ទាល់​តែ​វា​ក្លាយ​ជា​ដី​ឯក​ជន​របស់​រដ្ឋ​ហ្នឹង​ហើយ ​ក្រោយ​ពី​ការ​ធ្វើ​អនុប្បយោគ​ហ្នឹង​ហើយ​បាន​ទៅ​តាម​ច្បាប់​មាន​សិទ្ធិ​ជួល​លក់​បាន ​យល់​ហ្ហេ?​ អាហ្នឹង​អ្វី​ដែល​គេហៅ​ថា​ អនុប្ប​យោគ។​ សុំ​ឲ្យ​យល់​កន្លែង​ហ្នឹង។ ​ហើយ​ទី២​ ខ្ញុំ​អត់​ដឹង​ម្ចាស់​ដី ​គេ​យក​ទៅ​ធ្វើអី។​ ខ្ញុំអត់​ដឹង​ទេ។​ ប៉ុន្តែ​វា​ជា​កម្ម​សិទ្ធិ​របស់​គេ»។​

លោក​បន្ថែម​ថា ​អ្វីដែល​ជាចម្ងល់​របស់​អ្នក​តាម​ដាន​ចង់​ដឹង​ផ្សេង​ទៀត​នោះ​គឺវា​ផុត​ដែន​សមត្ថកិច្ច​របស់​រដ្ឋបាល​ខេត្ត​ហើយ។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពីលោក​ សេង ឡូត ​ អ្នក​នាំ​ពាក្យ​ក្រសួងរៀបចំ​ដែនដី​នគរូបនីយកម្ម ​និង​សំណង់​បាន​នៅឡើយ​ទេ។​

មាត្រា​២៧​នៃ​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រងការ​ប្រើ​ប្រាស់​ និង​ការ​ចាត់​ចែង​លើ​ទ្រព្យ​សម្បត្តិ​រដ្ឋ​ចែង​ថា៖ ​«អនុប្ប​យោគ​ជា​ការ​ធ្វើ​ចំណាត់​ថ្នាក់​ឡើង​វិញ​នូវ​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​មក​ជា​ទ្រព្យ​សម្បត្តិ​ឯក​ជន​របស់​រដ្ឋ​ចំពោះ​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ដែល​នៅ​ទំនេរ​លែង​ជា​តម្រូវ​ការ​នៃ​ផល​ប្រយោជន៍​សាធារណៈ ​ឬ​ការ​ផ្តល់​សេវា​សាធារណៈ ​បាត់​បង់​លក្ខណៈ​សម្បត្តិ​ក្នុង​ការ​បម្រើ​ប្រយោជន៍​សាធារណៈ​ លែង​ជា​ការ​ប្រើ​ប្រាស់​ដោយ​ផ្ទាល់​ដោយ​សាធារណជន»៕​

XS
SM
MD
LG