អង្គការសង្គមស៊ីវិលបានបង្ហាញក្តីព្រួយបារម្ភអំពីការអភិវឌ្ឍនានានៅតាមតំបន់ឆ្នេរសមុទ្ររបស់កម្ពុជា ដោយក្នុងនោះពួកគេជំរុញឲ្យវាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គមឲ្យបានទូលំទូលាយ និងធានាថាកុំឲ្យប៉ះពាល់ប្រជានេសាទ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (Cambodian Center for Human Rights) នៅថ្ងៃពុធនេះ បានចេញផ្សាយរបាយការណ៍មួយស្តីអំពីសហគមន៍នេសាទនិងគម្រោងអភិវឌ្ឍន៍នៅតំបន់ឆ្នេរភាគនិរតីកម្ពុជា ដែលមានប្រវែងសរុប ៤៤០ គីឡូម៉ែត្រ។
របាយការណ៍បានលើកឡើងថា សហគមន៍នៅតំបន់ឆ្នេរកំពុងស្ថិតនៅក្នុង «ភាពប្រថុយប្រថាន» ដោយសារតែគម្រោងអភិវឌ្ឍន៍នានា ដែល «បានទន្រ្ទានយកនិងបំផ្លិចបំផ្លាញដីធ្លីដែលសហគមន៍នេសាទពឹងអាស្រ័យ»។
របាយការណ៍បានបង្ហាញការសិក្សាទៅលើសហគមន៍នេសាទក្នុងខេត្តកំពត និងកែប ដែលអង្គការលើកឡើងថា «កំពុងប្រឈមការគំរាមកំហែងពីគម្រោងអភិវឌ្ឍន៍នានា»។
របាយការណ៍បញ្ជាក់ថា៖ «ប៉ុន្មានឆ្នាំកន្លងមកនេះ គេសង្កេតឃើញមានការកើនឡើងនៃគម្រោងអភិវឌ្ឍន៍ដែលគំរាមកំហែងទៅដល់ការរស់រានរបស់សហគមន៍នេសាទ ហើយគម្រោងអភិវឌ្ឍន៍បានដាក់សម្ពាធទៅលើដែនសមុទ្រនិងតំបន់ឆ្នេរដែលជាបញ្ហាបរិស្ថានដ៏សំខាន់មួយក្នុងចំណោមបញ្ហាបរិស្ថាននានានៅក្នុងប្រទេស»។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក៏បានសិក្សាលើសហគមន៍នេសាទចំនួន ២ ដែលពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនជីង គ័រ អ៊ិមផត អ៊ិកផត ខូអិលធីឌី (Ching Kor Import Export Co.Ltd) នៅក្នុងខេត្តកំពត ដែលមានជម្លោះជាមួយប្រជានេសាទ តាំងពីឆ្នាំ ២០១៥។
របាយការណ៍ក៏បានបង្ហាញគម្រោងមួយចំនួនទៀត ដូចជាគម្រោងហ្រ្វេន រីវើរ៉ា ម៉ារីណា ដែលជាគម្រោងរមណីយដ្ឋានដ៏ធំសម្រាប់ពហុវិស័យ ការបង្កើតទីក្រុងថ្មីដែលធ្វើចាប់ពីជើងភ្នំបូកគោទៅទល់ភ្នំបូកគោ ការអភិវឌ្ឍឆ្នេរនៅខេត្តកែប ការសាងសង់កំពង់ផែទេសចរណ៍ថ្មីមួយទៀត ក៏ដូចជាការសាងសង់កំពង់ផែសមុទ្រ និងទីក្រុងរណបក្នុងខេត្តកំពត។
បើតាមរបាយការណ៍ សហគមន៍ព្រែកត្នោតនិងត្រពាំងរពៅ ដែលស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត បានរងផលប៉ះពាល់ ដែលនាំឲ្យពលរដ្ឋរាប់ពាន់គ្រួសារកើតក្ដីព្រួយបារម្ភអំពីការបណ្តេញចេញ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាឲ្យដឹងថាក្រុមហ៊ុនជីង គ័រ ដែលមានជម្លោះជាមួយប្រជាពលរដ្ឋ ជាកម្មសិទ្ធិរបស់លោកស្រី កែវ ម៉ាលី អតីតសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា ដែលទើបទទួលមរណភាព កាលពីឆ្នាំ ២០២០។
VOA មិនទាន់អាចសុំការអត្ថាធិប្បាយពីលោកស្រី កែវ ស៊ុយឆេង នាយកក្រុមហ៊ុនជីង គ័រ តាមលេខទូរស័ព្ទរបស់ក្រុមហ៊ុន ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មបាននៅឡើយទេ។
លោក វណ្ណ សុផាត អ្នកសម្របសម្រួលគម្រោងធានាសុវត្ថិភាពសិទ្ធិកាន់កាប់និងគ្រប់គ្រងដីធ្លីនិងធនធានធម្មជាតិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា រដ្ឋាភិបាលត្រូវតែវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ឲ្យមានតម្លាភាពនិងទូលំទូលាយ ស្របពេលដែលការអភិវឌ្ឍនៅតំបន់ឆ្នេរមានការកើនឡើងគួរឲ្យព្រួយបារម្ភ។
លោកបន្តថា ប្រជាសហគមន៍មិនចង់បានការអភិវឌ្ឍនៅតំបន់ឆ្នេរនោះទេ ដោយសារវាប៉ះពាល់សោភ័ណភាព ជីវៈចម្រុះសមុទ្រ និងការនេសាទរបស់ពួកគេ។
លោកប្រាប់ VOA ថា៖ «ពួកគាត់គឺមិនចង់ចាកចេញទេ ហើយឲ្យក្រុមហ៊ុនហ្នឹង បើត្រូវធ្វើ[គម្រោងអភិវឌ្ឍន៍] ត្រូវតែធ្វើការអភិវឌ្ឍនៅកន្លែងណាដែលពុំមានប្រជាពលរដ្ឋឬក៏ប្រជានេសាទរកទទួលទាននៅទីនោះ»។
អ្នកស្រី ត្លោះ សាឌះ អាយុ ៥០ ឆ្នាំជាសមាជិកម្នាក់នៃសហគមន៍នេសាទត្រពាំងរពៅខេត្តកំពត មានប្រសាសន៍ថា ប្រជាសហគមន៍បានជំទាស់ការណ៍ដែលក្រុមហ៊ុនចង់ឲ្យពួកគេផ្លាស់ទីទៅកន្លែងផ្សេង ដោយសារក្រុមហ៊ុនជីង គ័រ ចង់អភិវឌ្ឍនៅតំបន់នោះ។
ប៉ុន្តែអ្នកស្រីថា ប្រជាពលរដ្ឋដែលរងគ្រោះប្រមាណ២ពាន់គ្រួសារមិនព្រមចាកចេញនោះទេ ដោយសារបារម្ភអំពីការបាត់បង់ព្រៃកោងកាង និងការនេសាទនៅទីនោះ។ អ្នកស្រីបន្តថា ប្រជាពលរដ្ឋបានពឹងផ្អែកលើការនេសាទនៅទីនោះជាចម្បង។
អ្នកស្រីប្រាប់ VOA ថា៖ «សូម្បីតែស្រ្តីមេម៉ាយចាស់ជរា ថ្ងៃៗ ទឹកនាច គាត់ចុះទៅតែមួយភ្លែតបានបីបួនម៉ឺនរបស់គាត់ យកមក រួចមួយថ្ងៃ ចាយមួយថ្ងៃរបស់គាត់។ ហើយចុះបើសិនជាលុបអាហ្នឹងទៅបាត់ ស្រ្តីមេម៉ាយចាស់ជរាហ្នឹង គាត់ទៅរកអី? គាត់ពឹងអី? គាត់អត់មានអីពឹងទេ»។
បើតាមអ្នកស្រី សាឌះ កន្លងទៅក្រុមហ៊ុនបានចាក់ដីលុបឆ្នេរ ហើយអាជ្ញាធរធ្លាប់បានចុះមកហាមឃាត់ ទើបមានការបញ្ឈប់ទៅវិញ។
អ្នកស្រីបន្ថែមថា៖ «រាជរដ្ឋាភិបាលគាត់ជួយទប់ស្កាត់ផង ព្រោះអានេះជារឿងធំ មិនមែនរឿងតូចទេ។ កន្លែងតំបន់ខេត្តកំពតនេះ បើសិនជាអត់បានទប់ស្កាត់ជាមុនទេ អស់ហើយ នៅតែកន្លែងហ្នឹងមួយទៀតទេ»។
អភិបាលខេត្តកំពត លោក ជាវ តាយ ប្រាប់V OA នៅថ្ងៃពុធនេះថា ជាធម្មតាការអភិវឌ្ឍតែងតែមានផលប៉ះពាល់ ដោយសារកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍ។
លោកបន្តថា ការអភិវឌ្ឍនៅតាមតំបន់ឆ្នេរក្នុងខេត្តកំពត ជាគម្រោងដែលអនុញ្ញាតដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយអាជ្ញាធរខេត្តគ្រាន់តែចូលរួមពិនិត្យមើល ដោយមិនមានការសម្រេចចិត្តធំដុំអ្វីនោះទេ។
លោក ជាវ តាយ មានប្រសាសន៍ថា៖ «អាហ្នឹងពាក់ព័ន្ធតាមឆ្នេរ យើងមិនមានសិទ្ធិសម្រេចទេ។ គ្រាន់តែមានការចូលរួម»។
លោកបន្ថែមថា៖ «រយៈកាលកន្លងមក ដូចមិនមានហានិភ័យពាក់ព័ន្ធនឹងបញ្ហាប្រឈមច្រើនផង។ មុននឹងនេះ[ការអភិវឌ្ឍតាមឆ្នេរ]ត្រូវសិក្សាវាយតម្លៃផលប៉ះពាល់ជាមុន»។
បើតាមអភិបាលខេត្តកំពត មានក្រុមហ៊ុនយ៉ាងតិចចំនួន៤កំពុងសិក្សានិងវាយតម្លៃហេតុប៉ះពាល់នៃការអភិវឌ្ឍនៅតំបន់ឆ្នេរ ដែលមានគោលដៅទេសចរណ៍ជាចម្បង។
លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី បានបដិសេធមិនធ្វើអត្ថាធិប្បាយភ្លាមៗ ដោយថារវល់ប្រជុំ។
VOA ក៏មិនទាន់អាចទាក់ទងលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាបានដែរ។
លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានការពារភាពស្របច្បាប់និងការអនុវត្តតាមនីតិវិធីដែលបានប្រកាន់យកដោយក្រុមហ៊ុនអភិវឌ្ឍន៍តាមតំបន់ឆ្នេរទាំងនោះ។
លោកបន្តថា កន្លងទៅគម្រោងអភិវឌ្ឍតាមឆ្នេរសមុទ្រមួយចំនួនក្នុងខេត្តកំពតនិងកែប ត្រូវបានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ដោយមានការចូលរួមពីអាជ្ញាធរ ក្រុមហ៊ុននិងប្រជាពលរដ្ឋ ដើម្បី«កាត់បន្ថយផលប៉ះពាល់ដែលមានឲ្យបានជាអតិបរមា»។
ប៉ុន្តែលោកថា លោកមិនមានព័ត៌មានលម្អិតទាក់ទងនឹងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានរបស់ក្រុមហ៊ុន ជីង គ័រ ឡើយ។
នៅក្នុងរបាយការណ៍ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក៏បានជំរុញឲ្យមានការពិគ្រោះយោបល់ជាមួយសហគមន៍រងផលប៉ះពាល់ អ្នកពាក់ព័ន្ធសំខាន់ៗ និងអាជ្ញាធរ ប្រកបដោយអត្ថន័យ ទាន់ពេលវេលា មានតម្លាភាព និងដោះស្រាយនូវកង្វល់របស់ប្រជាពលរដ្ឋ៕