ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​តាមដាន​សង្គម​ជំរុញ​ឱ្យ​ដាក់​ទោស​មន្ត្រី​ពាក់ព័ន្ធ​សកម្ម​ភាព​អ្នកទោស​រាំ​ និង​ប្រើ​គ្រឿង​ញៀន​ក្នុង​ពន្ធនាគារ


មណ្ឌលអប់រំកែប្រែទី០១ ខណ្ឌដង្កោ ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជាកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។(ទុំ ម្លិះ/VOA)
មណ្ឌលអប់រំកែប្រែទី០១ ខណ្ឌដង្កោ ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជាកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។(ទុំ ម្លិះ/VOA)

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​ជំរុញ​ឱ្យ​អនុវត្ត​ច្បាប់​តឹងរ៉ឹង​លើ​មន្រ្តី​ពន្ធនាគារ​ដែល​ពាក់ព័ន្ធ​នឹង​សកម្ម​ភាព​ជន​ជាប់​ឃុំ​ចាក់​បាស់​រាំ ​និង​ប្រើ​គ្រឿង​ញៀន​ក្នុង​ពន្ធនាគារដូច​ក្នុង​វីដេអូ​ដែល​ត្រូវ​បាន​ចែក​ចាយ​លើ​បណ្តាញ​សង្គម។​

ក្នុង​វីដេអូ​ឃ្លីប​រយៈ​ពេល​១៥​វិនាទី ​ដែល​ត្រូវ​បាន​ចែកចាយ​កាលពី​ពេល​ថ្មីៗ​នេះ ​គេ​ឃើញ​មាន​បុរស​ប្រមាណ​ជា​១០​នាក់​ ចាក់​ធុង​បាស់​រាំ​ក្នុង​បន្ទប់​មួយ​ដែល​មាន​ការ​រៀបចំ​ដូច​ផ្ទះ​បាយ ​និង​មាន​បុរស​ម្នាក់​អង្គុយ​ក្នុង​កាយ​វិការ​កំពុង​ប្រើប្រាស់​ម្សៅស។​

លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ម៉ាណែត ​នៅ​ថ្ងៃ​អង្គារ ​បាន​បញ្ជា​ទៅ​ក្រសួង​មហាផ្ទៃ​ឱ្យ​ស្រាវជ្រាវ ​និង​បញ្ជា​ឱ្យ​ប្តូរ​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​១​ (ព្រៃ​ស ម១)​ ព្រមទាំង​ពង្រឹង​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស។​

ក្នុង​ពិធី​អប​អរសាទរ​ខួប​អនុស្សា​វរីយ៍​៣០​ឆ្នាំ នៃ​ថ្ងៃ​បង្កើត​កង​ពល​តូច​លេខ​៧០ ​លោក ​ហ៊ុន ម៉ាណែត​ ​ថ្លែង​ថា៖ ​«ម្សិលមិញ​ ឯកឧត្តម ​ស សុខា ​បាន​រាយ​ការណ៍​មក ​[គឺ]​ ខ្ញុំ​ឯកភាព​ ទី១ ​គឺ​ពង្រឹង​ម១​ តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​តែ​ម្តង​ ដើម្បី​ពង្រឹង​ស្ថាប័ន​នេះ។​ អ៊ីចឹង​ក៏​បាន​ត្រៀម ​ហើយ​ត្រូវ​ធ្វើ​យ៉ាង​ណា ​ធានា​នូវ​ការ​ពង្រឹង​សន្តិសុខ។ ​គ្រប់​ទិដ្ឋភាព​ទាំង​អស់​ត្រូវ​តែ​ធ្វើ»។​

អ្នក​នាំពាក្យ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​ លោក ​នុត សវនា ​ប្រាប់​វីអូអេ​នៅថ្ងៃ​ពុធ​ថា​ វីដេអូ​ដែល​ឃើញ​ជន​ជាប់​ឃុំ​ជន​ជាតិ​ចិន​ និង​ខ្មែរ​រាំ​ច្រៀង​នោះ​ ​ពិត​ជា​កើត​មាន​ក្នុង​ពន្ធនាគារ​ (ម១)​ មែន​ ដោយ​កើត​ឡើង​ចំ​ពេល ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ឆ្នាំ​២០២៣។​

បើ​តាម​លោក ​នុត សវនា ​នៅ​ពេល​មាន​ពិធី​បុណ្យ​ទាន ​គឺ​ជនជាប់​ឃុំ​តែង​ស្នើ​សុំ​ឱ្យ​ពន្ធនាគារ​រៀបចំ​កន្លែង​រាំលេង​កម្សាន្ត​ជុំ​គ្នា ​ដែល​ពន្ធនាគារ​ពិត​ជា​បាន​អនុញ្ញាត។ ​ប៉ុន្តែ​លោក​ថា ​ក្នុង​ករណី​ជនជាប់​ឃុំ​រាំ​លេង​ក្នុង​បន្ទប់​គឺ​ជា​ការ​ល្មើស​នឹង​បទ​បញ្ជា​ផ្ទៃ​ក្នុង ​និង​វិន័យ។​

ពាក់ព័ន្ធ​នឹង​រូប​ភាព​បុរស​ម្នាក់​ធ្វើ​សកម្ម​ភាព​ដូច​កំពុង​ប្រើ​ម្សៅស ​គ្រឿង​ញៀន ​លោក ​នុត សវនា ​ប្រាប់​ថា ​លោក​មិន​អាច​បញ្ជាក់​ថា ​នោះ​ពិត​ជា​សារធាតុ​ញៀន​មែន​ ឬ​យ៉ាងណា​នោះ​ឡើយ។​

លោក​ថ្លែង​ថា៖ ​«យើង​កំណត់​ថា​ អាហ្នឹង​ជា​ស្អី​ ទាល់​យើង​ចាប់​បាន​ ទាល់​របស់​ហ្នឹង​យក​មក​ពិនិត្យ។​ អា​នេះ​មាន​តែ​ក្នុង​វីដេអូ ​មិន​ដឹង​ជា​ស្អី​ផង។​ យើង​មិន​ដឹង​រក​ឯ​ណា​ឥឡូវ​ ព្រោះ​យើង​ធ្វើការ​ឆែកឆេរ​ដែរ។​ និយាយ​ទៅ​ ​វា​អត់​មាន​អី​ខុស​ប្រក្រតី»។​

ជា​ទូទៅ​ ក្រុម​គ្រួសារ​ ឬ​អ្នក​ចូល​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​យក​ ទំនិញ​ ឬ​វត្ថុ​ប្រើប្រាស់​ទាំងឡាយ​ណា​ដែល​មាន​រូបរាង​ស្រដៀង​នឹង​ម្សៅ​ពណ៌ស​ទៅ​ឱ្យ​អ្នក​ជាប់​ឃុំ​ទេ​សូម្បី​តែ​សាប៊ូ​បោក​ខោអាវ។​

បើ​តាម​លោក​ នុត សវនា ​នៅ​ក្នុង​ពន្ធនាគារ​មិន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​គ្រឿង​ញៀន​ទេ ​តែ​មាន​ករណី​ឆក​ល្វែង​មួយ​ចំនួន​ តាម​រយៈ​មន្ត្រី ​ឬ​បញ្ញើ​អីវ៉ាន់​ពី​ក្រុម​គ្រួសារ​ឱ្យ​ទៅ​អ្នក​ជាប់ឃុំ​ដែល​មាន​លាក់​សារធាតុ​ញៀន​ក្នុង​ពោះ​ត្រី ​ឬ​ទឹកផ្លែ​ឈើ​ជាដើម។ ​លោក​ថា​ ករណី​ទាំង​នេះ​ក៏​មាន​ការ​ទប់ស្កាត់​បាន​ជា​ហូរ​ហែ ​និង​មាន​វិធានការ​ផង​ដែរ។​

លោក​ នុត សវនា ​បន្ថែម​ថា​ អគ្គ​នាយកដ្ឋាន​នឹង​បំភ្លឺ​ជា​សាធារណៈ​ បន្ទាប់​ពី​ក្រុម​ការងារ​ជំនាញ​បិទ​បញ្ចប់​ការ​ស្រាវជ្រាវ​លើ​ករណី​នេះ។​

លោក ​យិន គន្ធ​ គឺ​ជា​អតីត​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី១ ​ដែល​ទើប​ចូល​និវត្តន៍​កាល​ពី​ថ្ងៃ​ទី៩ ​ខែកញ្ញា ​ឆ្នាំ​២០២៤។ ​បើតាម​លោក ​នុត សវនា​ ចាប់​តាំងពី​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី១​ ចូល​និវត្តន៍​ ក្រសួង​មហាផ្ទៃ​មិន​ទាន់​តែងតាំង​ប្រធាន​ថ្មី​នៅ​ឡើយ​ទេ។​

លោក​ មាស នី​ អ្នក​សិក្សា​ពី​ការ​វិវត្ត​សង្គម​ប្រាប់​វីអូអេ​ថា​ ករណី​នេះ​មិន​គួរ​ដាក់​ទោស​ត្រឹម​វិន័យ​រដ្ឋបាល​នោះ​ទេ ដោយសារ​អាច​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ពុករលួយ​ និង​ជា​ការ​បើក​ដៃ​ដោយ​មន្ត្រី​ពន្ធនាគារ។​

លោក​ថ្លែង​ថា៖ ​«បើ​សិន​ជា​ស្ថាន​ភាព​បែប​នេះ ​គេ​បណ្តោយ​ឱ្យ​កើត​ឡើង​ វា​ប្រាកដ​ជា​មិន​មែន​ជាការ​ចាប់​ផ្តើម​ឡើង​របស់​ពិរុទ្ធ​ជន​ទេ។ ​វា​អាច​ចាប់​ផ្តើម​ពី​ការ​បើកដៃ​ពី​មន្ត្រី​នៅ​ក្នុង​ពន្ធនាគារ។​ អាហ្នឹង​បើ​សិន​ជា​រឿង​ពិត»។​

លោក​ អំ សំអាត​ នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ គាំទ្រ​ការ​ធ្វើ​អធិការ​កិច្ច​លើ​ករណី​នេះ។ ​លោក​ថា ​ ប្រសិន​បើ​ករណី​នេះ​ពិតជា​កើត​មាន​មែន គឺ​ត្រូវ​តែ​ពង្រឹង​ការ​គ្រប់គ្រង​ពន្ធនាគារ ​និង​ដាក់​ទោស​អ្នក​ពាក់ព័ន្ធ​ ដោយ​ប្រើ​ច្បាប់​ពាក់ព័ន្ធ​នឹង​ពន្ធនាគារ ​និង​ច្បាប់​ព្រហ្ម​ទណ្ឌ​ ដើម្បី​កុំ​ឱ្យ​កើត​មាន​ភាព​ប្រក្រតី​បន្ត​ទៀត។​

កន្លង​មក​មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ការ​រក​ឃើញ ​និង​បង្ក្រាប​ករណី​នៃ​ការ​ប្រើប្រាស់ ​និង​ចែកចាយ​គ្រឿង​ញៀន​ក្នុង​ពន្ធនាគារ ​ការ​ប្រើ​ទូរស័ព្ទ​បញ្ជា​ឱ្យ​ចែកចាយ​គ្រឿង​ញៀន​ពី​ក្នុង​ពន្ធនាគារ​ ព្រមទាំង​ករណី​មន្រ្តី​ពន្ធនាគារ​ រក្សា​ទុក​គ្រឿងញៀន​ដើម្បី​ជួញ​ដូរ​ក្នុង​ពន្ធនាគារ​ជាដើម៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG