ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេប៉ុស្តិ៍​ម្នាក់​នៅ​ខេត្ត​ព្រៃវែង​ត្រូវ​ឃុំ​ខ្លួន ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿង​ញៀន


រូបឯកសារ៖ អាជ្ញាធរ​បង្ហាញថ្នាំញៀនដែលត្រូវដុត​បំផ្លាញ​ចោល​ក្នុង​ទិវា​ប្រយុទ្ធប្រឆាំង​នឹង​ការ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។
រូបឯកសារ៖ អាជ្ញាធរ​បង្ហាញថ្នាំញៀនដែលត្រូវដុត​បំផ្លាញ​ចោល​ក្នុង​ទិវា​ប្រយុទ្ធប្រឆាំង​នឹង​ការ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។

មេ​ប៉ុស្តិ៍​អ្នក​លឿង​ក្នុង​ស្រុក​ពាមរក៍ ​ខេត្ត​ព្រៃវែង ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​បណ្តោះ​អាសន្ន ​កាល​ពី​ថ្ងៃ​អាទិត្យ ​ក្រោយ​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ជួញដូរ​គ្រឿង​ញៀន។ ​មន្រ្តី​អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់​វិធាន​ការ​បន្ថែម​ជុំវិញ​មន្រ្តី​នគរបាល​មាន​សមត្ថ​កិច្ច​លួច​ជួញ​ដូរ​គ្រឿង​ញៀន។​

តុលាការ​ខេត្ត​ព្រៃវែង​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំ​ខ្លួន​នាយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ឃុំ​អ្នក​លឿង ​ឈ្មោះ ​យ៉ែម រ៉ាន់យ៉ា ​អាយុ​ ៤២ ​ឆ្នាំ​ ពី​បទ​ជួញ​ដូរ​ ចាត់​ចែង ​និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​ និង​គូកន​ពីរ​នាក់​ផ្សេង​ទៀត។ ​នេះ​បើ​តាម​ដីកា​របស់​សាលាដំបូង​ខេត្ត​ព្រៃវែង ​ចុះ​ថ្ងៃ​ទី ​២៨​ ខែ​កក្កដា ​ឆ្នាំ​ ២០២៤ ​ដែល​វីអូអេ​ទទួល​បាន។​

មេ​ប៉ុស្តិ៍​នោះ​ត្រូវ​បាន​ឃាត់​ខ្លួន ​កាល​ពី​ថ្ងៃ​ទី ២៣​ ខែ​កក្កដា​ ឆ្នាំ​ ២០២៤ ​នៅ​ចំណុច​ហាង​KTV ​ផ្កាកូលាប​ ស្ថិត​ក្នុង​ឃុំ​ព្រែក​ខ្សាយ​ខ ​ស្រុក​ពាមរក៍ ​ខេត្ត​ព្រៃវែង។​

អ្នកស្រី ​អាត សុខន​ អ្នក​នាំពាក្យ​របស់​សាលា​ដំបូង​ខេត្ត​ព្រៃវែង ​ប្រាប់​វីអូអេ​ជា​អក្សរ​តាម​តេឡេក្រាម​ថា​ លោក ​យ៉ែម រ៉ាន់យ៉ា ​ត្រូវ​បាន​ឃុំ​ខ្លួន​តាម​ដីកា​សន្និដ្ឋាន​ស៊ើប​សួរ​របស់​តំណាង​អយ្យការ​ ពី​បទ​ជួញដូរ​ ចាត់​ចែង ​និង​ប្រើ​ប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន។ ​

អ្នកស្រី​មិន​អាច​បញ្ជាក់​លម្អិត​បន្ថែម​ឡើយ ​ដោយ​លើក​ឡើង​ថា​ វា​ជា​ការងារ​សម្ងាត់​របស់​ចៅក្រម។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិបាយ​ពី​លោក​ សេង​ ពន្លក​ អធិការ​ស្រុក​ពាមរក៍​បាន​នៅ​ឡើយ​ទេ។​

មេ​ឃុំ​អ្នក​លឿង ​លោក​ ភោគ ថានី ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ មេ​ប៉ុស្តិ៍​រូប​នោះ​ទើប​មក​ធ្វើការ​ក្នុង​ឃុំ​របស់​លោក​ ដូច្នេះ​លោក​មិន​សូវ​ស្គាល់​ប្រវត្តិរូប​ឡើយ។​

លោក​ថ្លែង​ថា៖​ «ប៉ុស្តិ៍​នៅ​ជិត​គ្នា​មែន ទើប​មក​នៅ​ជិត​គ្នា​បាន​ប្រហែល​ជា​ប្រាំ​ ​ប្រាំមួយ​ខែ​ហ្នឹង។​ យើង​មក​ធ្វើ​ប៉ុស្តិ៍​អី​នៅ​ក្បែរ​សាលា​ឃុំ ​ប៉ុន្តែ​មិន​មាន​សកម្ម​ភាព​អី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​ទេ​នៅ​ប៉ុស្តិ៍​ហ្នឹង។ ​ អត់​មាន​អ្នក​ជន​ចម្លែក​អី​ចេញ​ចូល​ទាក់​ទង​អី​ផ្សេង​ទេ​ អត់​មាន​ទេ​ មាន​តែ​រឿង​អ្នក​ធ្វើ​ការ​ងារ។ ​ប្រជា​ពល​រដ្ឋ​ពឹង​ពាក់​អី​ធម្មតា​ តែ​រឿង​អី​ផ្សេងៗ​ទៀត​យើង​អត់​ដឹង​ដែរ»។​

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​លោក ​អំ ​សំអាត ​ប្រាប់​វីអូអេ​ថា​ ​ទោះ​បី​ជា​កន្លង​មក​ថ្នាក់​ដឹក​នាំ​កំពូលៗ​បាន​អំពាវនាវ ​និង​ព្រមាន​អាជ្ញាធរ​ទាំង​អស់​កុំ​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​ក៏​ដោយ ​ករណី​ដែល​អាជ្ញាធរ​ជួញ​ដូរ​គ្រឿង​ញៀន​នៅ​តែ​មាន ​ហើយ​វា​បង្ក​ផល​លំបាក​មួយ​ក្នុង​ការ​ស៊ើប​អង្កេត ​ទប់​ស្កាត់ ​និង​បង្ក្រាប​គ្រឿង​ញៀន។​

លោក​ថ្លែង​ថា៖​ «ទី ​១ ​គឺ​សមត្ថ​កិច្ច​ដែល​ពាក់ព័ន្ធ​ទាំង​អស់ជា​ពិសេស​កង​កម្លាំង​ដែល​ពាក់​ព័ន្ធ​នឹង​ការ​បង្ក្រាប ​ការ​ទប់​ស្កាត់​គ្រឿង​ញៀន​ហ្នឹង​ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀន។ ​ ទី​ ២ ​គឺ​លុប​បំបាត់​រាល់​អំពើ​ពុក​រលួយ​ដែល​កើត​ចេញ​ពី​បញ្ហា​គ្រឿង​ញៀន។ ​បញ្ហា​ទី​ ៣​ គឺ​ត្រូវ​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹង​រ៉ឹង​ចំពោះ​បញ្ហា​គ្រឿង​ញៀន ​ទោះ​បី​ជា​បុគ្គល​ហ្នឹង​មាន​ឋានន្តរ​សក្តិ»។​

គួរ​បញ្ជាក់​ថា​ កន្លង​ទៅ ​ក្រសួង​មហាផ្ទៃ​បាន​ចាត់​វិធាន​ការ​ ដោយ​តម្រូវ​ឱ្យ​មន្ត្រី​នគរបាល​ធ្វើ​តេស្ត​ទឹក​នោម ​ដើម្បី​រក​សារធាតុ​ញៀន។ ​មន្រ្តី​នគរបាល​មួយ​ចំនួន​ត្រូវ​បាន​រក​ឃើញ​ថា​ ​ញៀន​គ្រឿង​ញៀន ​ហើយ​ត្រូវ​បាន​ដក​ឈ្មោះ​ចេញ​ពី​ក្រប​ខណ្ឌ​រដ្ឋ​ និង​បញ្ជូន​ទៅ​កន្លែង​បន្សាប​សារធាតុ​ញៀន៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG