រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា កាលពីថ្ងៃអង្គារ បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចនៅតាមរាជធានីខេត្តទាំងអស់រៀបចំផែនការ ដើម្បីបង្រ្កាបការប្រើប្រាស់គ្រឿងញៀននៅតាមក្លឹបកម្សាន្តនានា។
ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសម្របសម្រួលជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ស សុខា បានទុកពេលមួយសប្តាហ៍ឱ្យនគរបាលមានសមត្ថកិច្ចរៀបចំផែនការ និងចាប់ផ្ដើមអនុវត្តក្នុងសប្តាហ៍បន្ទាប់។
លោកថ្លែងថា៖ «ខ្ញុំក៏បានណែនាំទៅដល់ស្នងការរាជធានីខេត្តទាំងអស់ គឺទុកឱ្យមួយអាទិត្យ ដើម្បីរៀបចំផែនការ ហើយចាប់ផ្ដើមអនុវត្តការងារនៅក្នុងអាទិត្យទី២យ៉ាងយូរ ក្នុងការបោសសម្អាតតាម ខេធីវី (KTV) ជាពិសេសខាងមុខប្រើប្រាស់ជាស្លាកយីហោ Beer Garden (កន្លែងផឹកស៊ីកម្សាន្ត) ប៉ុន្តែផ្ទុយទៅវិញខាងក្នុងគឺជាការប្រើប្រាស់ដោយសេរីនៃការប្រើប្រាស់គ្រឿងញៀនឬសារធាតុផ្សេងៗ»។
លោក ស សុខា បន្ថែមថា នាពេលថ្មីៗនេះ ប្រភេទគ្រឿងញៀនជាគ្រាប់មិនសូវមាននោះទេ ប៉ុន្តែមានការប្រើប្រាស់ជាប្រភេទម្សៅដែលមានតម្លៃធូរថ្លៃ។ លោករដ្ឋមន្រ្តីបន្ថែមថា សារធាតុញៀនប្រភេទម្សៅនេះបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់អ្នកប្រើប្រាស់ ពិសេសនោះគឺក្មេងអាយុក្រោម ១៨ ឆ្នាំ ដែលលោកថា ប្រើប្រាស់តែ ៣ ដងនឹងធ្វើឱ្យប៉ះពល់ដល់ប្រព័ន្ធខួរក្បាល។
លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់វីអូអេនៅរសៀលថ្ងៃពុធនេះថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនឹងរៀបចំផែនការ ហើយចុះអនុវត្ត។ លោកបន្ថែមថា ស្នងការដ្ឋានរាជធានីភ្នំពេញមានកម្លាំងត្រៀមរួចរាល់ហើយ។
លោកថ្លែងថា៖ «ការងារនេះអត់មានអីត្រូវស្មុគស្មាញទេ។ យើងមានកម្លាំងជំនាញអីច្បាស់លាស់ហើយ។ យើងធ្វើមួយអាទិត្យ គឺយើងអាចអនុវត្តបានហើយ។ ប៉ុន្តែយើងរង់ចាំឯកឧត្តមស្នងការ គាត់មើលកិច្ចការងារនេះសិន»។
លោក ពេជ្រ វីរៈ ស្នងការនរគបាលខេត្តស្វាយរៀង ប្រាប់វីអូអេថា កម្លាំងរបស់លោកបានអនុវត្តការងារបង្រ្កាបគ្រឿងញៀនកន្លងទៅជាបន្តបន្ទាប់។
លោកថ្លែងថា៖ «វាអត់មានអីខុសគ្នាទេ ព្រោះយុទ្ធសាស្ត្រ យើងបន្តហូរហែពីមួយដំណាក់កាលមកមួយដំណាក់កាលអ៊ីចឹង។ នៅពេលដែលយើងធ្វើ ទើបបានយើងដឹងពីលទ្ធផល។ ហើយអ្វីដែលត្រូវកែសម្រួលបាន ថ្នាក់ដឹកនាំគាត់កែសម្រួលដើម្បីឱ្យកាន់តែល្អ»។
ចំណែកស្នងការនគរបាលខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ខេត្តរបស់លោកពុំសូវមានក្លឹបកម្សាន្តពេលរាត្រីទេ។ លោកបន្តថា កន្លងមក កម្លាំងសមត្ថកិច្ចធ្លាប់បានចុះអប់រំ ណែនាំតាមទីតាំងកម្សាន្តរួចរាល់ហើយ។
លោកថ្លែងថា៖ «តាមរយៈស្នងការរង ផែនប្រយុទ្ធប្រឆាំងគ្រឿងញៀនគឺយើងបានចុះធ្វើការអប់រំណែនាំទៅតាមក្លឹបកម្សាន្តក៏ដូចជាខារ៉ាអូខេហ្នឹង! រួចរាល់អស់ហើយពាក់ព័ន្ធទៅនឹងទី ១ គឺពាក់ព័ន្ធនឹងការចែកចាយនៅក្នុងក្លឹបកម្សាន្តខារ៉ាអូខេ។ ទី ២ ការផ្ដល់ទីតាំងសម្រាប់ប្រើប្រាស់អីហ្នឹង គឺយើងបានធ្វើកិច្ចសន្យាចំពោះពួកគាត់រួចរាល់អស់ហើយ»។
នាយកទទួលបន្ទុកកិច្ចការទូទៅអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ជំរុញឱ្យមានការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង ប្រសិនបើរកឃើញក្លឹបកម្សាន្តណាប្រើប្រាស់សារធាតុញៀន។
លោកថ្លែងថា៖ «ការអនុវត្ត ឬ[ចាត់]វិធានការនេះឱ្យមានប្រសិទ្ធភាពទៅបាន វាទាល់តែពឹងលើឆន្ទៈនិងការប្ដេជ្ញាចិត្ត។ បើសិនជារកទៅឃើញថា ខេធីវី (KTV) ឬក៏កន្លែងកម្សាន្តណាមួយមានជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនត្រូវតែហ៊ានបង្រ្កាបទៅលើកន្លែងហ្នឹង ដោយអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង ហើយទាល់តែគិតថា បើសាច់ស្អុយត្រូវតែចៀរចោលហើយអនុវត្តទៅតាមផ្លូវច្បាប់ឱ្យខាងតែបាន»។
គួរបញ្ជាក់ថា កន្លងទៅ លោក ស សុខា ដែលបានធ្វើជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំនួសឪពុករបស់លោកបានជិតមួយឆ្នាំ ធ្លាប់បានព្រមានជាបន្តបន្ទាប់ចំពោះជនទាំងឡាយណាដែលជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ឱ្យដកខ្លួនចេញ ហើយអ្នកដែលដឹងថា ខ្លួនមានសារធាតុញៀនត្រូវស្វែងរកវិធីសាស្ដ្រដើម្បីផ្ដាច់ចោល៕
វេទិកាបញ្ចេញមតិ