ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ា​ស្វាគមន៍​លោកស្រី​អង់សាន​​ ស៊ូជី​សម្រាប់​ការ​ពិភាក្សា​អំពី​បញ្ហា​ការ​ដាក់​ទណ្ឌកម្ម​របស់​​អាមេរិក​លើ​មីយ៉ាន់ម៉ា


រូបឯកសារ៖ ប្រធានាធិបតីលោកបារ៉ាក់ អូបាម៉ា ដើរចេញក្រៅ​ជាមួយ​លោកស្រីអង់សាន ស៊ូជី​ នៅ​គេហដ្ឋាន​របស់លោកស្រី​ មុនពេលសន្និសីទ​រួមគ្នា​មួយ​នៅ​ក្រុងយ៉ាងហ្គន ប្រទេសមីយ៉ាន់ម៉ា។
រូបឯកសារ៖ ប្រធានាធិបតីលោកបារ៉ាក់ អូបាម៉ា ដើរចេញក្រៅ​ជាមួយ​លោកស្រីអង់សាន ស៊ូជី​ នៅ​គេហដ្ឋាន​របស់លោកស្រី​ មុនពេលសន្និសីទ​រួមគ្នា​មួយ​នៅ​ក្រុងយ៉ាងហ្គន ប្រទេសមីយ៉ាន់ម៉ា។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បារ៉ាក់ អូបាម៉ា​បាន​ស្វាគមន៍​មេដឹកនាំ​មីយ៉ាន់ម៉ា​លោកស្រី​អង់សាន ស៊ូជី​ ដែល​ជា​អ្នក​តំណាង​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​មក​កាន់​សេតវិមាន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​ពុធ​នេះ។

ដំណើរ​ទស្សនកិច្ច​នេះ គឺ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​លោកស្រី​ស៊ូជី​មក​កាន់​សហរដ្ឋ​អាមេរិក​ក្នុង​ឋានៈ​លោកស្រី​ជា​ទីប្រឹក្សា​រដ្ឋ និង​រដ្ឋមន្ត្រី​ការបរទេស​មីយ៉ាន់ម៉ា ដែល​នេះ​ជា​តំណែង​ដែល​លោកស្រី​បាន​ធ្វើ ដោយសារ​តែ​រដ្ឋធម្មនុញ្ញ​ដែល​តាក់តែង​ឡើង​កាលពី​សម័យ​ប្រទេស​មីយ៉ាន់ម៉ា​ដឹកនាំ​ដោយ​ពួក​យោធា បាន​រារាំង​លោកស្រី​មិន​ឲ្យ​ធ្វើ​ជា​ប្រធានាធិបតី ដោយសារតែ​ស្វាមី និង​កូនៗ​របស់​លោកស្រី​មាន​សញ្ជាតិ​បរទេស។

លោកស្រី​អង់សាន ស៊ូជី​បាន​ចំណាយ​អស់​រយៈពេល ២០ ឆ្នាំ ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន​នៅ​ក្នុង​គេហដ្ឋាន​របស់​លោកស្រី​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដែល​ពី​មុន​គេ​ស្គាល់​ថា ​ប្រទេស​ភូមា។ ជំនួប​របស់​លោកស្រី​ជាមួយ​លោក​អូបាម៉ា​នៅ​ក្នុង​សេតវិមាន​លើក​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​សញ្ញា​ដ៏​ច្បាស់​មួយ​ដែល​បញ្ជាក់​ថា លោកស្រី​គឺ​ជា​មេដឹកនាំ​ស៊ីវិល​របស់​ប្រទេស​មីយ៉ាន់ម៉ា។

មន្ត្រី​សេតវិមាន​បញ្ជាក់​ថា លោក​អូបាម៉ា​ចង់​ស្ដាប់​ទស្សនៈ​របស់​លោកស្រី​ស៊ូជី​ទាក់ទិន​នឹង​បញ្ហា​ដែល​ថា​សហរដ្ឋ​អាមេរិក​គួរ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ដក​ទណ្ឌកម្ម​ចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ា។ ចាប់​តាំង​ពី​បាន​ឡើង​កាន់​តំណែង​តាំង​ពី​ចុង​ខែ​មិនា​មក លោកស្រី​មិន​ទាន់​បាន​អំពាវនាវ​ឲ្យ​មាន​ការ​បញ្ឈប់​នូវ​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​នៅ​ឡើយ​ទេ ដែល​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ឥទ្ធិពល​មួយ​ជួយ​ជំរុញ​ឲ្យ​ពួក​យោធា​អនុញ្ញាត​ឲ្យ​មាន​ការ​ធ្វើ​កំណែ​ទម្រង់​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ។

នៅ​ឯ​សន្និសីទ​អំពី​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ លោក Ben Rhodes ទីប្រឹក្សា​រង​ទទួល​បន្ទុក​ផ្នែក​សន្តិសុខ​ជាតិ​របស់​លោក​អូបាម៉ា​បាន​និយាយ​ថា សេតវិមាន​ចង់​ធ្វើ​ឲ្យ​ច្បាស់​ថា ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​នឹង​មិន​រារាំង​ដល់​ការ​វិនិយោគ​ផ្នែក​សេដ្ឋកិច្ច ដែល​អាច​ជួយ​ដល់​ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា​នោះ​ទេ៕

XS
SM
MD
LG