ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​មីយ៉ាន់ម៉ា​លោក​ស្រី អង់សាន ស៊ូជី នឹង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​អាមេរិក​សប្ដាហ៍​ក្រោយ


លោកស្រី អង់សាន ស៊ូជី ដែល​ជា​ទីប្រឹក្សា​របស់​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ធ្វើ​ដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ក្នុង​ក្រុង​វៀងច័ន្ទន៍ (Vientiane) ប្រទេស​ឡាវ កាលពី​ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦។
លោកស្រី អង់សាន ស៊ូជី ដែល​ជា​ទីប្រឹក្សា​របស់​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ធ្វើ​ដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ក្នុង​ក្រុង​វៀងច័ន្ទន៍ (Vientiane) ប្រទេស​ឡាវ កាលពី​ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦។

មេដឹកនាំ​ស៊ីវិល​ថ្មី​របស់​ប្រទេស​មីយ៉ាន់ម៉ា លោកស្រី អង់សាន ស៊ូជី នឹង​ធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​សប្ដាហ៍​ក្រោយ ខណៈ​ពេល​ដែល​រដ្ឋាភិបាល​រដ្ឋធានី​វ៉ាស៊ីនតោន​ពិចារណា​លើកលែង ឬ​បន្ធូរបន្ថយ​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា ប្រកាស​នៅ​ក្នុង​សុន្ទរកថា​នៅ​ក្នុង​ប្រទេស​ឡាវ កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ថា ជ័យ​លាភី​រង្វាន់​ណូបែល លោកស្រី អង់សាន ស៊ូជី នឹង​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ទី១៤ និង​១៥ ខែ​កញ្ញា​ ខាង​មុខ​នេះ។

ការ​បំពេញ​ទស្សនកិច្ច​របស់ លោកស្រី អង់សាន ស៊ូជី លើក​នេះ គឺ​ដើម្បី​ពង្រឹង​តួនាទី​របស់​លោក​ស្រី​លើ​ឆាក​អន្តរជាតិ ក្នុង​នាម​ជា​មេដឹកនាំ​រដ្ឋាភិបាល​ក្រៅ​ផ្លូវ​ការ។ ទោះ​បី​ជា​លោក​ស្រី​ទទួល​បាន​ជ័យ​ជម្នះ​យ៉ាង​ត្រចះ​ត្រចង់​ពី​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​កាល​ពី​ខែ​វិច្ឆិកា​កន្លង​នេះ​ក៏ដោយ ក៏​លោកស្រី អង់សាន ស៊ូជី ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​កាន់​តំណែង​ជា​ប្រធានាធិបតី តាម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ ដែល​បាន​បង្កើត​ឡើង​ដោយ​អតីត​របប​យោធា​ទេ។ ជំនួស​ឲ្យ​តំណែង​ប្រធានាធិបតី លោកស្រី បាន​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និង​កាន់​តំណែង​ដែល​បាន​បង្កើត​ថ្មី​មួយ គឺ​ទីប្រឹក្សា​រដ្ឋាភិបាល។

គេ​រំពឹង​ថា លោក​អូបាម៉ា នឹង​សម្រច​អំពី​ទំហំនៃ​ការ​ដាក់​ទណ្ឌកម្ម បន្ទាប់​ពី​បាន​ពិភាក្សា​ជាមួយ​លោកស្រី អង់សាន ស៊ូជី ស្ដី​ពី​ការ​បន្ធូរ​បន្ថយ​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា ដែល​លោក​ស្រី​ចង់​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ជួយ។
ជ័យ​លាភី​រង្វាន់​ណូបែល និង​ជា​និមិត្តរូប​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​រូប​នេះ ​បាន​ជួយ​បញ្ចុះ​បញ្ចូល​សហរដ្ឋ​អាមេរិក​ឲ្យ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា ក្នុង​អំឡុង​ឆ្នាំ​ដែល​លោក​ស្រី​កាន់​តួនាទី​ជា​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​ និង​ជាប់​ឃុំ​ឃាំង​នៅ​ក្នុង​ផ្ទះ។

ឥឡូវ​នេះ​លោកស្រី អង់សាន ស៊ូជី មាន​បំណង​បង្ហាញ​ពិភព​លោក​ថា ប្រទេស​របស់​លោកស្រី​មាន​សេដ្ឋកិច្ច​រីក​ចម្រើន និង​កំពុង​ផ្លាស់ប្ដូរ​ឆ្ពោះ​ទៅ​កាន់​លទ្ធិ​ប្រជាធិបតេយ្យ ខណៈ​ពេល​ដែល​លោក​ស្រី​ចង់​រក្សា​គំនាប​លើ​រដ្ឋាភិបាល​យោធា សម្រាប់​ការ​ធ្វើ​កំណែ​ទម្រង់​បន្ថែម​ទៀត។

អង្គការ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ដូចជា អង្គការ Human Right Watch ប្រឆាំង​ទៅ​នឹង​ការ​បន្ធូរ​បន្ថយ​ទណ្ឌកម្ម​ដល់​ប្រទេស​មីយ៉ាន់ម៉ា រហូត​មាន​ភស្តុតាង​គ្រប់គ្រាន់​ក្នុង​ការ​ផ្លាស់​ប្ដូរ​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ។

សហរដ្ឋ​អាមេរិក​ចង់​ពង្រឹង​ទំនាក់​ទំនង ជាមួយ​ប្រទេស​មីយ៉ាន់ម៉ា ដើម្បីជួយ​ទប់ទល់​ជា​មួយ​នឹង​កំណើន​ឥទ្ធិពល​របស់​ប្រទេស​ចិន​ក្នុង​តំបន់​អាស៊ី។ រដ្ឋាភិបាល​រដ្ឋធានី​វ៉ាស៊ីនតោន ក៏​ចង់​ជួយ​ដល់​វិស័យ​ជំនួញ​របស់​ខ្លួន នៅ​ក្នុង​ «ទីផ្សារ​ចុង​ក្រោយ» មួយ​ក្នុង​ពិភពលោក ដែល​កំពុង​រីក​ចម្រើន​យ៉ាង​ខ្លាំង នៅ​ក្នុង​ប្រទេស​មួយ​ដែល​មាន​ការអភិវឌ្ឍ​សេដ្ឋកិច្ច​តិច​តួច៕

ប្រែ​សម្រួល​ដោយ សឿន វឌ្ឍនា

XS
SM
MD
LG