រដ្ឋាភិបាលប្រទេសមីយ៉ាន់ម៉ា បានបង្កើតគណៈកម្មការប្រឹក្សាយោបល់មួយ ដែលដឹកនាំដោយលោកKofi Annanអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីរកដំណោះស្រាយយូរអង្វែងមួយសម្រាប់ជម្លោះនៅក្នុងរដ្ឋ Rakhine ដែលនៅទីនោះ អង្គការសិទ្ធិមនុស្សផ្សេងៗបានរាយការណ៍ថាមានការរំលោភបំពានសិទ្ធិជាច្រើន កើតឡើងចំពោះជនជាតិភាគតិច Rohingya កាន់សាសនាឥស្លាម។
សេចក្តីប្រកាសដែលចេញផ្សាយដោយលោកស្រី អង់សាន ស៊ូជី នៃការិយាល័យក្រុមប្រឹក្សារដ្ឋរបស់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃអង្គារម្សិលមិញនេះ បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះនឹងត្រូវចុះហត្ថលេខារវាងការិយាល័យរបស់លោកស្រី និងមូលនិធិ Kofi Annan ដើម្បីបង្កើតគណៈកម្មការប្រឹក្សាមួយដែលមានសមាជិក ៩ រូប សម្រាប់ដោះស្រាយបញ្ហារ៉ាំរ៉ៃនៃជម្លោះសាសនានៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ក្រុមប្រឹក្សាដែលគ្រោងនឹងបង្កើតឡើងនេះ មានអ្នកជំនាញអន្តរជាតិ ៣ រូប និងអ្នកជំនាញជាតិ ៦ រូប។
ជនជាតិភាគតិច Rohingya រស់នៅក្នុងរដ្ឋ Rakhine ភាគពាយព្យប្រទេសមីយ៉ាន់ម៉ាអស់រយៈពេលរាប់ជំនាន់មកហើយ ប៉ុន្តែពួកគេមិនត្រូវបានរដ្ឋាភិបាលមីយ៉ាន់ម៉ាផ្ដល់សញ្ជាតិឲ្យនោះទេ ដោយសារតែរដ្ឋាភិបាលមីយ៉ាន់ម៉ាបានចាត់ទុកពួកគេថាជាអ្នកក្រៅ។ ជនជាតិ Rohingya ច្រើនជាង ១០០នាក់ ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយសមាជិកនៃក្រុមអ្នកកាន់ព្រះពុទ្ធសាសនា ដែលជាចំនួនភាគច្រើននៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីឆ្នាំ ២០១២ កន្លងមកនេះ។ ជនជាតិ Rohingya ជាច្រើនពាន់នាក់ បានរត់គេចខ្លួនដោយប្រថុយគ្រោះថ្នាក់តាមទូកធ្វើដំណើរទៅកាន់ប្រទេសផ្សេងៗនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីស្វែងរកសិទ្ធិជ្រកកោន។ ពួកគេទាំងនោះភាគច្រើនបានស្លាប់តាមផ្លូវ និងធ្លាក់ចូលក្នុងអន្ទាក់របស់ពួកជួញដូរមនុស្ស។
គណៈកម្មការដែលនឹងបង្កើតឡើងនេះ នឹងពិចារណាបញ្ហាមនុស្សធម៌ និងការអភិវឌ្ឍ លទ្ធភាពទទួលបានសេវាកម្មជាមូលដ្ឋាន ការធានានូវការគោរពសិទ្ធិជាមូលដ្ឋាន និងសុវត្ថិភាពសម្រាប់ជនជាតិ Rohingya។ គណៈកម្មការនេះនឹងធ្វើការស្រាវជ្រាវ និងផ្ដល់យោបល់អំពីការការពារជម្លោះ ជំនួយមនុស្សធម៌ សិទ្ធិមនុស្ស និងការផ្សះផ្សា ការកសាងស្ថាប័ន និងការលើកតម្កើងនូវការអភិវឌ្ឍរដ្ឋ Rakhine។
គណៈកម្មាការនេះនឹងផ្ញើលទ្ធផលពីការស្រាវជ្រាវ និងសំណើរបស់ខ្លួនក្នុងអំឡុងពេល ១២ ខែ ដំបូង បន្ទាប់ពីគណៈកម្មាការនេះត្រូវបានបង្កើតឡើង ទៅឲ្យលោកស្រី ស៊ូជី៕