ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​មីយ៉ាន់ម៉ា​នឹង​ធ្វើការ​ចរចា​សន្តិភាព​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​ពួក​ឧទ្ទាម​ភាគតិច


រូបភាព​ឯកសារ៖ ទាហាន​មី​យ៉ាន់ម៉ាកាន់​អាវុធ​យាម​ផ្លូវ​ក្នុង​ប្រតិបត្តិការ​ប្រឆាំង​នឹង​ក្រុម​ឧទ្ទាម​ភាគតិចក្នុង​តំបន់ Kokang ភាគឦសានរដ្ឋ Shan State ដែល​មាន​ចម្ងាយ​ជាង​ ៨០០ គីឡូម៉ែត្រ ភាគឦសាន​នៃ​រដ្ឋធានី Yangon ប្រទេស​មីយ៉ាន់ម៉ា។
រូបភាព​ឯកសារ៖ ទាហាន​មី​យ៉ាន់ម៉ាកាន់​អាវុធ​យាម​ផ្លូវ​ក្នុង​ប្រតិបត្តិការ​ប្រឆាំង​នឹង​ក្រុម​ឧទ្ទាម​ភាគតិចក្នុង​តំបន់ Kokang ភាគឦសានរដ្ឋ Shan State ដែល​មាន​ចម្ងាយ​ជាង​ ៨០០ គីឡូម៉ែត្រ ភាគឦសាន​នៃ​រដ្ឋធានី Yangon ប្រទេស​មីយ៉ាន់ម៉ា។

កិច្ច​ចរចា​សន្តិភាព ដែល​មាន​គោលបំណង​បញ្ចប់​ជម្លោះ​រ៉ាំរ៉ៃ​រវាង​យោធា​រដ្ឋាភិបាល​មីយ៉ាន់ម៉ា និង​ក្រុម​ពួក​ឧទ្ទាម​ជនជាតិ​ភាគ​តិច​ផ្សេងៗ ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង​កន្លះ​សតវត្ស​កន្លង​មក​នេះ គ្រោង​នឹង​ចាប់​ផ្តើម​ធ្វើ​ឡើង​នៅ​ក្នុង​រដ្ឋធានី Naypyitaw ប្រទេស​មីយ៉ាន់ម៉ា​នៅ​ថ្ងៃ​ពុធ​ស្អែក។

ការចរចា​នេះ​គឺ​ជា​ការចរចា​សន្តិភាព​ផ្លូវការ​ដំបូង​បង្អស់ ចាប់តាំង​ពី​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​របស់​មេដឹកនាំ​មីយ៉ាន់ម៉ា​លោកស្រី Aung San Suu Kyi បាន​ឈ្នះ​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន និង​បាន​ចូល​កាន់​អំណាច​កាល​ពី​ខែ​មេសា​កន្លង​មក​នេះ ដោយ​បាន​សច្ចា​ថា ឯកភាព​ជាតិ​គឺ​ជា​អាទិភាព​ចម្បង​បំផុត​របស់​គណបក្ស​នេះ។

លោកស្រី Suu Kyi គ្រោង​នឹង​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​សន្និសីទ​រយៈពេល ៥ ថ្ងៃ ដែល​នៅ​ក្នុង​សន្និសីទ​នោះ​មាន​ការ​ចូលរួម​ពី​មេដឹកនាំ​យោធា​ប្រទេស​មីយ៉ាន់ម៉ា​ដ៏​មាន​ឥទ្ធិពល​លោក​ឧត្ដមសេនីយ៍​ជាន់​ខ្ពស់ Min Aung Hlaing លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ Ban Ki Moon និង​អ្នក​តំណាង​មកពី​ក្រុម​ប្រដាប់​អាវុធ​យ៉ាង​តិច ១៧ ក្រុម ក្នុង​ចំណោម​ក្រុម​ប្រដាប់​អាវុធ​ទាំង ២០ ក្រុម។ ប្រតិភូ​រាប់រយ​នាក់​ផ្សេង​ទៀត ក៏​រំពឹង​ថា​នឹង​ចូលរួម​នៅ​ក្នុង​សន្និសីទ​នោះ​ផងដែរ។

ក្រុម​ប្រដាប់​អាវុធ​ពួក​ឧទ្ទាម​គ្រប់គ្រង​តំបន់​ដាច់​ស្រយាល ដែល​សម្បូរ​ដោយ​ថ្លើម​ថ្ម និង​ឈើ ដែល​តំបន់​ទាំង​នោះ​ភាគ​ច្រើន​ឋិត​នៅ​ភាគ​ខាង​ជើង និង​ភាគ​ខាង​កើត​តាម​បណ្ដោយ​ព្រំដែន​ជាមួយ​ប្រទេស​ចិន និង​ប្រទេស​ថៃ។ ពួកគេ​តំណាងឲ្យ​ក្រុម​ជនជាតិ​ភាគ​តិច​ផ្សេងៗ ដែល​បាន​តស៊ូ​ប្រយុទ្ធ​ដើម្បី​ស្វ័យភាព​របស់​ខ្លួន​អស់​រយៈពេល​រាប់​ទសវត្ស​មក​ហើយ និង​បាន​បដិសេធ​មិន​ព្រម​ចូលរួម​ជាមួយ​ភូមា​តែមួយ ទៅ​តាម​ការ​ចង់​បាន​របស់​ជនជាតិ​ភូមា ដែល​ជា​ជនជាតិ​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា៕

XS
SM
MD
LG