លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា និយាយថា លោក មានទំនុកចិត្តថា នឹងមានថ្ងៃថ្មីនៅក្នុងប្រទេសភូមា ក៏ប៉ុន្តែ លោក មានប្រសាសន៍ទៀតថា មានការងារច្រើនត្រូវធ្វើនៅពេលដែលប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ ស្ថិតក្នុងអន្តរកាលឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យ។
លោកប្រធានាធិបតីអូបាម៉ា បានធ្វើការអត្ថាធិប្បាយនៅថ្ងៃព្រហស្បត៍ក្នុងអំឡុងពេលនៃការជួបជាមួយពួកមេដឹកនាំប្រតិបត្តិនៅក្នុងទីក្រុងណៃពិដោ។
លោកអូបាម៉ា បានពណ៌នាជំនួបនេះថាជាការពិភាក្សាដ៏ល្អបំផុតអំពីអន្តរកាលប្រជាធិបតេយ្យនៅក្នុងប្រទេសភូមាហើយនឹងអំពីការកើនឡើងនូវការបង្រួបបង្រួមដែលបានធ្វើរួចទៅហើយនោះ។ លោកប្រធានាធិបតី មានប្រសាសន៍ទៀតថា ការចរចាក៏ផ្តោតលើការជំរុញរដ្ឋាភិបាលឲ្យធ្វើឡើងកាន់តែច្រើនឡើងថែមទៀតដើម្បីការពារសិទ្ធិមនុស្ស។
លោកស្រីអោង សានស៊ូជី ដែលជាសកម្មជនលទ្ធិប្រជាធិបតេយ្យដ៏យូរមកហើយនោះ បានចូលរួមក្នុងជំនួបពួកមេដឹកនាំប្រតិបត្តិនោះ ក៏ប៉ុន្តែ មិនបានលើកឡើងបញ្ហាណាមួយទេ។ លោកស្រី ត្រូវគេរំពឹងនឹងមានការជួបមួយទល់នឹងមួយជាមួយលោកប្រធានាធិបតីនៅថ្ងៃសុក្រនេះ។
បន្ទាប់ពីការចរចារបស់លោកជាមួយពួកមេដឹកនាំប្រតិបត្តិមក លោកប្រធានាធិបតីអូបាម៉ា បានធ្វើការចរចាជាលក្ខណៈឯកជនជាមួយលោក Thein Sein ប្រធានាធិបតីភូមា ដែលត្រូវបានគេរំពឹងថា លោកប្រធានាធិបតី នឹងលើកឡើងការព្រួយកង្វល់របស់លោកអំពីជំហាននៃការធ្វើកំណែទម្រង់ខាងនយោបាយនិងសិទ្ធិមនុស្ស រួមមានការយកចិត្តទុកដាក់ជនជាតិភាគតិច Rohingya កាន់សាសនាអ៊ីស្លាមរបស់ភូមាផងដែរ។
ដំណើរបំពេញទស្សនៈកិច្ចរបស់លោកប្រធានាធិបតីអូបាម៉ា កើតមានឡើងក្នុងអំឡុងនៃជំនួបរបស់សមាគមអាស៊ាន។ វា ជាលើកទីមួយដែលសន្និសិទកំពូលប្រចាំឆ្នាំនោះត្រូវបានរៀបចំឡើងដោយប្រទេសភូមាដែលកំពុងងើបចេញពីការគ្រប់គ្រងផ្តាច់ការដោយពួកយោធាអស់រាប់ទសវត្សរ៍។
នៅថ្ងៃសុក្រនេះ លោកប្រធានាធិបតីអូបាម៉ា នឹងធ្វើដំណើរទៅកាន់ទីក្រុង Yangon ដែលនៅទីនោះលោកប្រធានាធិបតីអូបាម៉ា នឹងជួបជាមួយលោកស្រីអោង សានស៊ូជីហើយនឹងថ្លែងទៅកាន់ជំនួបយុវជនរបស់អាស៊ាន។
នៅក្នុងកំណត់សម្គាល់មួយទៅកាន់សន្និសិទកំពូលកាលពីថ្ងៃព្រហស្បត៍ លោកប្រធានាធិបតីអូបាម៉ា បានមានប្រសាសន៍ថា លោក កំពុងសង្ឃឹមនឹងស្ថាបនាអ្វីដែលលោកប្រធានាធិបតី មានប្រសាសន៍ថា ភាពជាដៃគូដ៏ខ្លាំងរវាងសហរដ្ឋអាមេរិកនិងអាស៊ាន។
លោកប្រធានាធិបតីអូបាម៉ា មានប្រសាសន៍ថា៖
«យើង បានធ្វើការវិនិយោគទុនយ៉ាងច្រើននៅក្នុងការស្ថាបនាសមត្ថភាព មិនត្រឹមតែប្រទេសនិមួយៗទេ ប៉ុន្តែក៏រវាងប្រទេសនិងប្រទេសដែរ ការស្ថាបនាសមត្ថភាពនេះ យើង អាចក្លាយជាដៃគូដែលមានសមត្ថភាពកាន់តែខ្លាំងឡើងហើយនឹងបំពេញតម្រូវការនៃការប្រឈមក្នុងតំបន់និងសាកលលោកនៅពេលខាងមុខនេះ»។
លោកប្រធានាធិបតីអូបាម៉ា បានមានប្រសាសសន៍ថា ភូមា បានធ្វើកិច្ចដ៏អស្ចារ្សជាប្រធានសមាគមអាស៊ាននៅឆ្នាំនេះហើយបានបង្ហាញនូវភាពជាមេដឹកនាំដ៏ខ្លាំងលើបញ្ហាសំខាន់ៗបំផុតដល់តំបន់ទាំងមូល។
មេដឹកនាំសហរដ្ឋអាមេរិក ក៏នឹងចូលរួមសន្និសិទកំពូលអាស៊ីខាងកើត ដែលជាការប្រមូលផ្តុំប្រទេស១០របស់សមាគមអាស៊ានបូកនិងប្រទេស៨ផ្សេងទៀត រួមមានសហរដ្ឋអាមេរិក ចិន រុស្ស៊ីនិងឥណ្ឌា៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន