លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា កំពុងលើកយកបញ្ហាលំបាកៗ មកពិភាក្សា គ្រាដែលលោកជួបជាមួយនឹងរដ្ឋាភិបាល មីយ៉ាន់ម៉ា ឬ ភូមា និងក្រុមមេដឹកនាំនៃគណបក្សប្រឆាំង ក្នុងអំឡុងទស្សនកិច្ចរបស់លោក ជាលើកទី២ ទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ លោក អូបាម៉ា បានចាប់ផ្តើមដំណើរទស្សនកិច្ចរបស់លោក ដោយចូលរួមក្នុងកិច្ចប្រជុំកំពូលមួយ នៃសមាគមប្រជាជាតិអាស៊ីអគ្នេយ៍ ហៅកាត់ថា អាស៊ាន ដែលប្រទេស មីយ៉ាន់ម៉ា ធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំនេះ។
ការច្រៀងចម្រៀង និងសម្តែងរបាំមួយ និងពិធីសាយភោជនាហារមួយសម្រាប់ប្រមុខរដ្ឋទាំងឡាយ នៅក្នុងមជ្ឈមណ្ឌលប្រជុំដ៏ថ្មីស្រឡាងមួយ បង្ហាញនូវការរីកចម្រើនរបស់ប្រទេស មីយ៉ាន់ម៉ា ចាប់តាំងពីប្រទេសនេះ បានងើបចេញពីការគ្រប់គ្រង របស់យោធា និង ការផ្តាច់ការទាក់ទងជាមួយពិភពលោក អស់ពេលរាប់សិបឆ្នាំ។
លោកប្រធានាធិបតី អូបាម៉ា បានសរសើរប្រទេស មីយ៉ាន់ម៉ា និងមេដឹកនាំរបស់ប្រទេសនេះ គឺលោក ថេន សេន ចំពោះការទទួលភ្ញៀវនេះ។
«លោកប្រធានាធិបតី ថេន សេន ខ្ញុំសូមអរគុណលោក ចំពោះបដិសណ្ឋារកិច្ចរបស់លោក និង ចំពោះការរៀបចំសន្និសីទកំពូល ដ៏ប្រសើរនេះ។ ខ្ញុំគិតថាប្រទេស មីយ៉ាន់ម៉ា បំពេញកិច្ចការល្អអស្ចារ្យមួយ ក្នុងការធ្វើជាប្រធានអាស៊ាន នៅឆ្នាំនេះ ហើយបានបង្ហាញនូវភាពជាអ្នកដឹកនាំ លើបញ្ហាទាំងឡាយ ដែលមានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់តំបន់ទាំងមូល»។
ប៉ុន្តែក្រោយពីចូលរួមក្នុងកិច្ចប្រជុំទាំងឡាយ ស្តីពីសហប្រតិបត្តិការតំបន់ រួចមក លោក អូបាម៉ា ត្រូវចូលដល់ផ្នែកសំខាន់នៃរបៀបវារៈ របស់លោក គឺការលើកស្ទួយ ឲ្យមានការកែទម្រង់នយោបាយ នៅក្នុងប្រទេស មីយ៉ាន់ម៉ា ដែលលោកថ្លែងថា មិនទាន់បានឆាប់រហ័ស ដូចដែលមនុស្សជាច្រើនបានសង្ឃឹមទុក កាលពី៤ឆ្នាំមុន នៅពេលដែលប្រទេសនេះ បានចាប់ផ្តើមប្តូរពីរបបយោធារាប់សិបឆ្នាំ ទៅរបបគ្រប់គ្រងស៊ីវិលវិញ។
ក្នុងបទសម្ភាសន៍មួយ ជាមួយនឹងទស្សនាវដ្តី មីយ៉ាន់ម៉ា មួយ លោកប្រធានាធិបតី បានថ្លែងថា ក្នុងអំឡុងពេលពីរឆ្នាំ ចាប់តាំងពីពេលដែលលោក មកបំពេញទស្សនកិច្ច ជាលើកទី១ ក្នុងឆ្នាំ ២០១២ រហូតដល់ពេលនេះ លោកបានសង្កេតឃើញ មានការវិវឌ្ឍ ដែលរួមមាន ការកែទម្រង់សេដ្ឋកិច្ច ការដោះលែងអ្នកទោសនយោបាយ និង ការចាប់ផ្តើមចលនា កែទម្រង់រដ្ឋធម្មនុញ្ញ។
ប៉ុន្តែលោក អូបាម៉ា បានថ្លែងថា ព្រមពេលជាមួយគ្នានេះ ក៏មានការថយក្រោយខ្លះដែរ។ អតីតអ្នកទោសនយោបាយ នៅតែជួបប្រទះនឹងការដាក់កំហិត ហើយពួកអ្នកយកព័ត៌មាន នៅតែប្រឈមនិងការសម្លាប់ ការចាប់ខ្លួន និង ការធ្វើទុក្ខបុកម្នេញ ជាបន្ត។
ចំណុចមួយដែលជាការព្រួយបារម្មណ៍ ជាពិសេស សម្រាប់លោកមេដឹកនាំ សហរដ្ឋអាមេរិក គឺស្ថានភាពរបស់ជនជាតិ Rohingya ដែលជាជនភាគតិច កាន់សាសនាអ៊ីស្លាម ចំនួនជាងមួយលាននាក់ ដែលភាគច្រើន ពុំមានសញ្ជាតិទេ។ ពួកគេរាប់ពាន់នាក់ ត្រូវបានបង្ខំឲ្យរស់នៅក្នុងជំរំ ក្រោយពីមានការប៉ះទង្គិច ជាមួយអ្នកកាន់ព្រះពុទ្ធសាសនា កាលពីឆ្នាំ ២០១២ នៅរដ្ឋ Rakhine ។
បញ្ហាសញ្ជាត្តិរបស់ពួក Rohingya ជារឿងចម្រូងចម្រាស ខាងនយោបាយមួយ ក្នុងប្រទេស មីយ៉ាន់ម៉ា។ ទោះជាយ៉ាងនេះក៏ដោយ ក៏លោកប្រធានាធិបតី សហរដ្ឋអាមេរិក គ្រោងនិងលើកយករឿងនេះ មកពិភាក្សា នៅក្នុងកិច្ចប្រជុំជាមួយរដ្ឋាភិបាល និង គណបក្សប្រឆាំង ដែលរួមមាន លោកស្រី Aung San Suu Kyi ដ៏ល្បីឈ្មោះ ដែលលោក អូបាម៉ា គ្រោងនឹងជួប នៅក្នុងទីក្រុង រ៉ងហ្គូន នៅថ្ងៃសុក្រនេះផង។ លោកស្រីធ្លាប់ត្រូវបានទទួលការរិៈគន់ ចំពោះការមិនប្រកាន់យកគោលជំហរមួយ នៅក្នុងបញ្ហានេះ។ អនុប្រធានទីប្រឹក្សាសន្តិសុខជាតិ របស់លោកប្រធានាធិបតី គឺលោក Ben Rhodes បានថ្លែងប្រាប់អ្នកកាសែត នៅក្នុងប្រទេស មីយ៉ាន់ម៉ា ថា ការផ្លាស់ប្តូរទៅរកលទ្ធិប្រជាធិបតេយ្យ ដែលមានលំនឹងមួយ មិនអាចធ្វើទៅបានឡើយ បើសិនជាពុំមានការដោះស្រាយបញ្ហាជនជាតិ Rohingya ទេនោះ។
«យើងទទួលស្គាល់ថានេះជាបញ្ហាដ៏ស្មុគស្មាញមួយ នៅក្នុងប្រទេសភូមា ដែលមានទស្សនៈខុសគ្នាយ៉ាងជ្រាលជ្រៅ ដែលមានទស្សនៈប្រជែងគ្នា ក្នុងប្រវត្តិសាស្ត្រ ប៉ុន្តែរឿងទាំងនេះ មិនផ្លាស់ប្តូរការណ៍ដែលថា មានសិទ្ធិជាគោល និង ទូទៅមួយក្នុងលោក ដែលចាំបាច់ត្រូវតែអនុវត្ត ចំពោះមនុស្សគ្រប់រូប។
ក្រោយពីជំនួបជាមួយលោកស្រី Aung San Suu Kyi នៅថ្ងៃសុក្រ លោកប្រធានាធិបតី អូបាម៉ា នឹងបន្តដំណើរទៅកាន់ទីក្រុង Brisbane ប្រទេសអូស្ត្រាលី ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល នៃប្រទេសមានសេដ្ឋកិច្ចធំៗ ក្នុងពិភពលោក ហៅកាត់ថា G-20 ដែលនៅទីនោះ ប្រធានបទប្រទេស អ៊ុយក្រែន នឹងប្រហែលជាត្រូវគ្របដណ្តប់ ក្នុងការពិភាក្សា ក្រៅកិច្ចប្រជុំកំពូលនោះ។
ក្រុមអ្នកជំនួយការរបស់លោកប្រធានាធិបតី និយាយថា លោកប្រធានាធិបតី អូបាម៉ា រំពឹងថានឹងធ្វើកិច្ចពិភាក្សា ជាមួយក្រុមមេដឹកនាំអឺរ៉ុប បន្ទាប់ពីមានភស្តុតាង នៅសប្តាហ៍នេះ ដែលបង្ហាញថា ប្រទេសរុស្ស៊ី នៅតែបញ្ជូនឧបករណ៍ និង កងទ័ព ឆ្លងកាត់ទល់ដែន ចូលទៅក្នុងប្រទេស អ៊ុយក្រែន។
ក្នុងចំណោមក្រុមមេដឹកនាំ ដែលចូលរួមក្នុងសន្និសិទកំពូលG-20 គឺមាន លោកប្រធានាធិបតី Vladimir Putin នៃប្រទេសរុស្ស៊ី ដែរ៕
ប្រែសម្រួលដោយ ប៉ូច រាសី