ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក អូបាម៉ា ស្វះស្វែង​ត្រួសត្រាយ​ផ្លូវ​យូរ​អង្វែង​ដើម្បី​ពង្រឹង​តុល្យភាព​អាមេរិក​ឡើង​វិញ​នៅ​អាស៊ីប៉ាស៊ីហ្វិក


លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ឡើង​យន្តហោះ​នៅ​អាកាសយាន្តដ្ឋាន​ Los Angeles កាល​ពី​ថ្ងៃទី១២ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នៅ​ទីក្រុង Los Angeles ដើម្បី​ទទួល​ស្វាគមន៍​មេដឹកនាំ​អាស៊ាន ក្នុង​​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន​នៅ​កន្លែង​លំហែកាយ Sunnylands រដ្ឋ​កាលីហ្វ័រញ៉ា។
លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ឡើង​យន្តហោះ​នៅ​អាកាសយាន្តដ្ឋាន​ Los Angeles កាល​ពី​ថ្ងៃទី១២ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នៅ​ទីក្រុង Los Angeles ដើម្បី​ទទួល​ស្វាគមន៍​មេដឹកនាំ​អាស៊ាន ក្នុង​​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន​នៅ​កន្លែង​លំហែកាយ Sunnylands រដ្ឋ​កាលីហ្វ័រញ៉ា។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Barack Obama នឹង​ស្វះស្វែង​ធ្វើ​ឲ្យ​មាន​លំនឹង​លើ​តួនាទី​ដឹកនាំ​របស់​អាមេរិក​នៅ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក នៅ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Barack Obama នឹង​ស្វះស្វែង​ធ្វើ​ឲ្យ​មាន​លំនឹង​លើ​តួនាទី​ដឹកនាំ​របស់​អាមេរិក​នៅ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក នៅ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត នៅ​ពេល​ដែល​លោក​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ស្វាគមន៍​មេដឹកនាំ​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ឬ​អាស៊ាន​ទាំង​១០​ប្រទេស នៅ​ថ្ងៃទី​១៥ និង​ទី១៦ ខែ​កុម្ភៈ នៅ​កន្លែង​លំហែកាយ Sunnylands ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា។

របៀប​វារៈ​នៃ​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ច័ន្ទ ​និង​ថ្ងៃ​អង្គារ​ ​មិន​សូវ​ផ្លូវ​ការ​ដូច​កិច្ច​ប្រជុំ​កំពូល​ផ្សេង​ទៀត​ទេ​ នៅ​ឯ​ទីកន្លែង​លំហែ​កាយ​ដ៏​គួរ​ឲ្យ​ចាប់​ចិត្ត​នេះ។ ប៉ុន្តែ មេដឹកនាំ​ទាំង​នេះ នឹង​ដោះស្រាយ​បញ្ហា​ដ៏​តឹងតែង​ និង​ស្មុគស្មាញ​ជាច្រើន ដែល​សំខាន់​សម្រាប់​ការ​ធ្វើ​ឲ្យ​មាន​លំនឹង​ឡើង​វិញ​របស់​សហរដ្ឋ​អាមេរិក​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក។

សហរដ្ឋអាមេរិក​សម្លឹង​មើល​ឃើញ​ថា ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​នឹង​បណ្តា​ប្រទេស​អាស៊ាន​ដើរ​តួនាទី​សំខាន់​ ទាក់ទង​នឹង​អនាគត​ខាង​សន្តិសុខ និង​ភាព​ចម្រុង​ចំរើន​របស់​អាមេរិក។

តំបន់​អាស៊ីអាគ្នេយ៍​កំពុង​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ ហើយ​ក៏​កំពុង​មាន​ភាព​តានតឹង​មួយ​ចំនួន​កាន់​តែ​កើន​ឡើង​ផង​ដែរ។ នេះ​គឺជា​មូលហេតុ​ដែល​លោក អូបាម៉ា​ នឹង​ជំរុញ​ឲ្យ​មេដឹកនាំ​អាស៊ាន​អនុម័ត​ច្បាប់​បញ្ញត្តិ និង​គោលការណ៍​មួយ​ចំនួន ដែល​នឹង​ធានា​ថា ប្រទេស​នីមួយៗ​អាច​សម្រេច​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​តាម​ផ្លូវ​ច្បាប់ និង​ដោយ​សន្តិភាព។

លោក Daniel Russel គឺជាឧបការី​រដ្ឋមន្ត្រី​ការបរទេស​របស់​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ខាង​កើត និង​អាស៊ី​ប៉ាស៊ីហ្វិក។

លោក​ថា៖​«‍ភាព​រួបរួម​របស់​អាស៊ាន​ជួយ​ធានា​ស្ថិរភាព និង​កំណើន​សេដ្ឋកិច្ច ដែល​ត្រូវបាន​បង្កើត​ឡើង​ដោយ​ការ​ប្តេជ្ញាចិត្ត​រួម​ខាង​បទ​បញ្ញត្តិ និង​យុត្តិធម៌។ វា​អនុញ្ញាត​ឲ្យ​ប្រទេស​ធំៗ ដូចជា​សហរដ្ឋ​អាមេរិក និង​ប្រទេស​មហា​អំណាច​ផ្សេងៗ​ទៀត ​ធ្វើការ​ទាក់ទង​គ្នា​ក្នុង​នាម​ជា​ដៃគូ​ដ៏​មាន​ប្រយោជន៍។ ជាពិសេស ភាព​រួបរួម​នេះ​ការពារ​អាស៊ាន​មិន​ឲ្យ​ធ្លាក់​ខ្លួន​ក្លាយ​ជា​តំបន់​ដែល​ស្ថិត​នៅ​ក្រោម​ឥទ្ធិផល ឬ​ក្លាយ​ជា​វាល​សមរភូមិ​ឡើយ»។

បុគ្គលិក​ការងារ​កំពុង​រៀបចំ​តុ​ពិភាក្សា​សម្រាប់​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន​នៅ​កន្លែង​លំហែកាយ Sunnylands រដ្ឋកាលីហ្វ័រញ៉ា នៅ​ថ្ងៃទី១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
បុគ្គលិក​ការងារ​កំពុង​រៀបចំ​តុ​ពិភាក្សា​សម្រាប់​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន​នៅ​កន្លែង​លំហែកាយ Sunnylands រដ្ឋកាលីហ្វ័រញ៉ា នៅ​ថ្ងៃទី១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។

សេតវិមាន​ចាត់ទុក​តំបន់​នេះ​ជា​តំបន់​«‍ស្នូល»​នៃ​តំបន់​អាស៊ីប៉ាស៊ីហ្វិក ហើយ​ថា អាស៊ាន​គឺជា​វេទិកា​ដ៏​ល្អ​មួយ​ ក្នុងការ​បង្កើត​រចនាសម្ព័ន្ធ​ដើម្បី​ដោះសា្រយ​បញ្ហា​ជា​ច្រើន។

បញ្ហា​មួយ​ដែល​បាន​បង្កើត​ភាព​តានតឹង​ដ៏​ខ្លំាង​ក្លា​នោះ​ គឺ​ជម្លោះ​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ជា​ដែនទឹក​ដ៏​មមាញឹក​បំផុត​មួយ​នៅ​ក្នុង​ពិភព​លោក។

លោក Ben Rhodes អនុ​ប្រធាន​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​ប្រធានា​ធិបតី អូបាម៉ា បាន​ឲ្យ​ដឹង​ថា៖​

«‍នឹង​មាន​អ្នក​ទាមទារ​ខុសៗ​គ្នា​ជា​ច្រើន។ យើង​មិន​មាន​ការ​ទាមទារ​អ្វី​ទេ ហើយ​គោល​បំណង​របស់​យើង​គឺ​ចង់​ឃើញ​ ការ​ទាមទារ​ទាំង​នោះ​ត្រូវបាន​ដោះស្រាយ​ ដោយស្រប​ទៅ​នឹង​ច្បាប់​អន្តរជាតិ ពីព្រោះ​ថា បើ​មិន​ដូច្នោះ​ទេ ច្បាប់​នោះ​គឺ​គ្មាន​ន័យ​អ្វី​ទេ។ បញ្ហា​នេះ​គឺជា​បញ្ហា​ដែល​ប្រទេស​ធំ​មួយ​កំពុង​គំរាម​ធ្វើ​បាប​ប្រទេស​តូច​ជាង​ខ្លួន។ នេះ​ហើយ​គឺជា​មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​ជម្លោះ​ជា​បន្តបន្ទាប់ ដែល​មិន​ផ្តល់​ផល​ប្រយោជន៍​ដល់​ភាគី​ណា​មួយ​ឡើយ»។

សេតវិមាន​ក៏​បាន​ឲ្យ​ដឹង​បន្ថែម​ដែរ​ថា សហរដ្ឋ​អាមេរិក​នឹង​បញ្ជាក់​គោល​ជំហរ​របស់​ខ្លួន​ក្នុងការ​ជំទាស់​នឹង​ អ្វី​ដែល​សហរដ្ឋ​អាមេរិក​ចាត់​ទុក​ថា​ជា​‍«‍ការ​ពង្រីក​យោធា​របស់​ចិន» លើ​តំបន់​ដែល​មាន​ជម្លោះ។ ហេតុដូច​នេះ សហរដ្ឋ​អាមេរិក​នឹង​បន្ត​អនុវត្ត​«‍សេរីភាព​ខាង​នាវាចរណ៍»​នៅ​តំបន់​មាន​ជម្លោះ​នោះ។

សហរដ្ឋ​អាមេរិក​សង្ឃឹម​ថា​ នឹង​ពង្រឹង​ទំនាក់​ទំនង​ពាណិជ្ជកម្ម និង​ការ​នាំចេញ​នាំចូល​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​ជាមួយ​អាស៊ាន ដោយ​សង្ឃឹម​ថា​ នឹង​អាច​ចូលរួម​ដល់​ពី​កំណើន​សេដ្ឋកិច្ច​ដ៏​លឿន​របស់​តំបន់​នេះ។

លោក Ben Rhodes បាន​បន្ថែម​ឲ្យ​ដឹង​ថា៖​«‍យើង​មើល​ឃើញ​ថា ប្រទេស​ជា​ច្រើន​កំពុង​ប្រឡូក​ក្នុង​សេដ្ឋកិច្ច​ដែល​ផ្តោត​លើ​ផ្នែក​សេវាកម្ម ដែល​ជំរុញ​ដោយ​ភាព​ជា​សហគ្រិន មូលធន​បញ្ញា និង​បច្ចេកវិទ្យា។ សហរដ្ឋ​អាមេរិក​ឲ្យ​តម្លៃ​លើ​តំបន់​ដែល​មាន​សេដ្ឋកិច្ច​បែប​នេះ»។

កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន​នេះ​ នឹង​ពិភាក្សា​អំពី​បញ្ហា​មួយ​ចំនួន ដូចជា​ភាព​ជ្រុល​និយម​បែប​ហិង្សា សន្តិសុខ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត និង​ការ​ប្រែប្រួល​អាកាសធាតុ។

មន្ត្រី​រដ្ឋាភិបាល​អាមេរិក ឲ្យ​ដឹង​ថា តាមរយៈ​ការ​រៀបចំ​កិច្ច​ប្រជុំ​នេះ លោក​ប្រធានា​ធិបតី អូបាម៉ា សង្ឃឹម​ថា​ នឹង​បង្កើត​គម្រោង​ការងារ​មួយ​សម្រាប់​ឆ្នាំ​ចុង​ក្រោយ​នៃ​អណត្តិ​របស់​លោក ក្នុង​ការ​បន្ត​កិច្ច​ខំប្រឹងប្រែង​ធ្វើ​ឲ្យ​មាន​តុល្យភាព​របស់​អាមេរិក​នៅ​ក្នុង​តំបន់​នេះ។

ហើយ​លោក​ប្រធានា​ធិបតី សង្ឃឹម​ថា កិច្ច​ប្រជុំ​កំពូល​នេះ​នឹង​បង្ហាញ​សារ​មួយ​ដល់​រដ្ឋបាល​ក្រោយ​របស់​អាមេរិក​ថា ការ​ធ្វើ​ទំនាក់ទំនង​ជាន់​ខ្ពស់​ត្រូវការ​ចំាបាច់​សម្រាប់​សហរដ្ឋ​អាមេរិក ក្នុង​ការ​ធានា និង​រក្សា​តួនាទី​ជា​អ្នក​ដឹកនាំ​របស់​ខ្លួន​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ខាង​មុខ៕

ប្រែ​សម្រួល​ដោយ ទែន សុខស្រីនិត

XS
SM
MD
LG