ពាណិជ្ជកម្ម និងសន្តិសុខនៅមហាសមុទ្រប៉ាស៊ីហ្វិកនឹងស្ថិតនៅលើរបៀបវារៈនៅពេលដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ជួបជាមួយសមាជិករដ្ឋចំនួន១០ប្រទេសរបស់សមាគមអាស៊ាន នៅសប្តាហ៍ក្រោយនៅក្នុងរដ្ឋ California។ ក្រុមមន្រ្តីសហរដ្ឋអាមេរិកនិយាយថា ជំនួបនោះជាផ្នែកមួយនៃការធ្វើឲ្យមានតុល្យភាពឡើងវិញរបស់អាមេរិកនៅតំបន់អាស៊ី និងមហាសមុទ្រប៉ាស៊ីហ្វិក។
ក្រុមមេដឹកនាំនឹងជួបគ្នានៅថ្ងៃច័ន្ទ និងថ្ងៃអង្គារសប្តាហ៍ក្រោយគឺនៅថ្ងៃទី១៥ និងទី១៦ ខែកុម្ភៈនេះនៅឯរមណីយដ្ឋាន Sunnylands ក្នុងរដ្ឋ California ភាគខាងត្បូងដែលនៅទីនោះលោកប្រធានាធិបតីអូបាម៉ា បានជួបជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង នៅឆ្នាំ២០១៣។
ចិនដែលមិនមែនជាសមាជិកអាស៊ាន គឺជាដៃគូពាណិជ្ជកម្មមួយរបស់របស់សហរដ្ឋអាមេរិក។ ប្រទេសនានារបស់សមាគមអាស៊ាន បញ្ជូលគ្នា មានចំណាត់ថ្នាក់ខាងពាណិជ្ជកម្មទី៤។
នៅក្នុងទីក្រុងនានាដែលមានជាតិសាសន៍ចម្រុះដូចជាទីក្រុង Laos Angeles ចំណងទាក់ទងខាងពាណិជ្ជកម្មឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកមានសារៈសំខាន់ណាស់។
លោក Stephen Cheung ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកនៅទីក្រុង Los Angeles៖
«យើងមានទីក្រុងថៃនៅទីនេះ។ យើងមានសហគមន៍វៀតណាមដ៏ធំនៅក្នុងរដ្ឋ Californiaភាគខាងត្បូង។ ហើយទាំងអស់នេះជាកម្លាំងដែលយើងមាន»។
ក្រុមហ៊ុនអាមេរិកាំងជាច្រើនបានធ្វើពាណិជ្ជកម្មជាមួយវៀតណាមដែលការរីកលូតលាស់សេដ្ឋកិច្ចរបស់ប្រទេសនោះមានលើសពី៦ភាគរយក្នុងមួយឆ្នាំ ហើយប្រទេសហ្វីលីពីន ឃើញការរីកលូតលាស់ប្រហាក់ប្រហែលគ្នាដែរហើយកំពុងស្វះស្វែងរកការវិនិយោគទុនក្នុងផលិតផលកសិកម្មនានាដូចជា កាកាវ និងកាហ្វេ នៅក្នុងផ្នែកផលិតកម្ម និងផ្នែកផ្សេងៗទៀត។
លោក Gerry Palon នៃសហព័ន្ធសភាពាណិជ្ជកម្មហ្វីលីពីន អាមេរិកាំង និយាយយ៉ាងដូច្នេះថា៖
«លោកអ្នកអាចធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសនានានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ចាប់តាំងពីប្រទេសហ្វីលីពីន។ យើងក៏មានច្រកចេញចូលទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក ដោយអាចទៅដល់កោះហាវ៉ៃ និងដីគោកសហរដ្ឋអាមេរិកកាត់តាមមហាសមុទ្រប៉ាស៊ីហ្វិក»។
នៅឯកំពង់ផែក្រុង Los Angeles និងទីក្រុង Long Beach ពាណិជ្ជកម្មជាមួយតំបន់អាស៊ីអាគ្នេយ៍កំពុងរីកលូតលាស់។
លោក Stephen Cheung ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកក្រុង Los Angeles មានប្រសាសន៍បន្តទៀតថា៖
«ពាណិជ្ជកម្មរបស់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ជាមួយទីក្រុងLos Angelesមានតម្លៃសរុប៥៣ពាន់លានដុល្លារនៅឆ្នាំ២០១៤។ ការណ៍នេះមានន័យថា ប្រសិនបើអស់លោកអ្នកបន្ថែមពាណិជ្ជកម្មរបស់ប្រទេសទាំងនោះ គេក្លាយជាដៃគូពាណិជ្ជកម្មធំទី២របស់ពិភពលោកទាំងមូល»។
សហរដ្ឋអាមេរិក និងចិន កំពុងធ្វើការដើម្បីជំរុញចំណងទាក់ទងពាណិជ្ជកម្មជាមួយប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ដែលមានប្រជាពលរដ្ឋ៦២៥លាននាក់ និងសេដ្ឋកិច្ចជាង២លានលានដុល្លារ។ សមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ានបានចូលជាធរមានកាលពីចុងឆ្នាំទៅ។
សហរដ្ឋអាមេរិកជាកម្លាំងជំរុញនៅពីខាងក្រោយដៃគូពាណិជ្ជកម្មឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក ឬ (TPP) ដែលត្រូវបានចុះហត្ថលេខានៅខែនេះនៅក្នុងប្រទេសនូវែលសេឡង់ (New Zealand)។ សមាជិក៤របស់សមាគមអាស៊ាន មានប្រទេសព្រុយណេ ម៉ាឡេស៊ី សិង្ហបុរី និងវៀតណាម បានចូលរួមអង្គការ TPP នោះ។
សមាជិកទាំង១០របស់សមាគមអាស៊ានក៏មានគម្រោងចូលរួមក្រុមពាណិជ្ជកម្មមហាសមុទ្រប៉ាស៊ីហ្វិកដែលដឹកនាំដោយប្រទេសចិនដែរ។
ក្រុមអ្នកជំនួយការសេតវិមាន និយាយថា បញ្ហាសន្តិសុខនៅលើរបៀបវារៈនោះ រួមមានការបាញ់បង្ហោះកាំជ្រួចមីស៊ីលកាលពីពេលថ្មីៗរបស់កូរ៉េខាងជើង ហើយនិងជម្លោះទឹកដីក្នុងសមុទ្រចិនខាងត្បូង។
សន្និសីទកំពូលរដ្ឋ California ត្រូវគេរំពឹងនឹងទាក់ទាញការតវ៉ាប្រឆាំងលើការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសខ្លះនៅសមាគមអាស៊ាន រួមមានប្រទេសកម្ពុជា និងវៀតណាម៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន