លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានប្រសាសន៍ថា ពេលដែលលោក ចូលកាន់តំណែងប្រធានាធិបតីពីរឆ្នាំចុងក្រោយរបស់លោក ហើយដោយមានសេដ្ឋកិច្ចកាន់តែខ្លាំងឡើងៗជាងពេលណាទាំងអស់ចាប់តាំងពីចូលកាន់អំណាចក្នុងឆ្នាំ២០០៩មក លោក អាចផ្តោតលើអ្វីដែលលោកហៅថា គម្រោងរយៈពេលយូរនៅក្នុងកិច្ចការក្នុងស្រុកនិងក្រៅប្រទេស។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុសាធារណៈរបស់សហរដ្ឋអាមេរិក លោកអូបាម៉ា ក៏បានមានប្រសាសន៍ដែរថា លោក នឹងមិនច្រានចោលពីការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយប្រទេសអ៊ីរ៉ង់ ហើយនិយាយយោងដល់ប្រទេសភូមានិងប្រទេសទុយណេស៊ីជាឧទាហរណ៍ដែលលទ្ធិប្រជាធិបតេយ្យ មានឱកាសធ្វើឲ្យមានការជឿនលឿន។
ក្នុងកំណត់សម្គាល់ទៅកាន់ការផ្សាយរបស់វិទ្យុ NPR ដែលជាអង្គការបណ្តាញផ្សាយព័ត៌មានសាធារណរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃច័ន្ទ លោកអូបាម៉ា មានប្រសាសន៍ថា ចំណាត់ការនិតិប្រតិបត្តិរបស់លោកក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះស្តីពីអន្តោប្រវេសន៍និងប្រទេសគុយបា ជាលទ្ធផលនៃការងារអស់រយៈពេលជាច្រើនឆ្នាំ។លោកប្រធានាធិបតី មានប្រសាសន៍ទៀតថា លោក បានប្រមើលទុកជាមុននៅឆ្នាំ២០១៤ថា ជាឆ្នាំបំបែកភាពទាល់ច្រកហើយបន្ទាប់ពីរយៈពេល៦ឆ្នាំនៅក្នុងការកាន់ដំណែងហើយនឹងធ្វើឲ្យសេដ្ឋកិច្ចមានភាពប្រសើរឡើង នៅទីបញ្ចប់លោកប្រធានាធិបតី មានឱកាសដោះស្រាយបញ្ហាលំបាកខ្លះ។
«ក៏ប៉ុន្តែ នៅចុងឆ្នាំ២០១៤ ខ្ញុំ អាចក្រឡេកមើលទៅក្រោយវិញហើយនិយាយថា យើង បានស្ថិតនៅក្នុងស្ថានភាពដ៏ល្អមួយនៅពេលសព្វថ្ងៃនេះដូចដែលយើង មានក្នុងរយៈពេលកន្លងមកនៅក្នុងវិស័យសេដ្ឋកិច្ច ដែលភាពដឹកនាំរបស់អាមេរិក ត្រូវគេត្រូវការកាន់តែច្រើនឡើងនៅជុំវិញពិភពលោកជាងកាលពីពេលមុនហើយនេះគួរឲ្យសប្បាយចិត្ត ពីព្រោះតែមានការងារជាច្រើនដែលយើង បានធ្វើកន្លងមកនៅពេលឥឡូវនេះកំពុងចាប់ផ្តើមឲ្យផ្លែផ្កា។ហើយ បន្ទាប់មក វា បានផ្តល់ឱកាសឲ្យខ្ញុំចាប់ផ្តើមផ្តោតលើបញ្ហាដ៏លំបាកផ្សេងៗទៀតដែលខ្ញុំ ជានិច្ចកាលគ្មានពេលវេលាឬសមត្ថភាពធ្វើកាលពីដំបូងនៅក្នុងការកាន់តំណែងរបស់ខ្ញុំជាប្រធានាធិបតីនោះ។
លោកប្រធានាធិបតីអូបាម៉ា មានប្រសាសន៍បន្តទៀតថា លោក ឥឡូវនេះ ចង់ផ្តោតលើគម្រោងរយៈពេលយូរដូចជាការធ្វើឲ្យប្រាកដថា ពលរដ្ឋអាមេរិកាំងទាំងអស់ ទទួលផលប្រយោជន៍ពីសេដ្ឋកិច្ចកំពុងប្រសើរឡើង ហើយនឹងផ្តោតលើផ្នែកអន្តរជាតិ។
«ទោះបីយើង កំពុងដោះស្រាយជាមួយពួករដ្ឋអ៊ីស្លាម ISIL និងកំពុងព្យាយាមរុញច្រានពួកនោះឲ្យត្រឡប់ទៅក្រោយវិញក៏ដោយ ហើយនៅទីបញ្ចប់ ផ្តួលពួកគេ ទោះបីយើង កំពុងធ្វើការដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថានក្នុងរបៀបទទួលខុសត្រូវ ចំណាត់ការដូចជាកិច្ចផ្តួចផ្តើមខាងការទូតជាមួយប្រទេសគុយបា ជាកិច្ចការមួយដែលខ្ញុំ ចង់ធ្វើជាបន្ត មួយផ្នែកពីព្រោះ វា កាន់តែមានភាពងាយស្រួលឡើងសម្រាប់ប្រធានាធិបតីធ្វើនៅពេលបញ្ចប់អាណត្តិរបស់លោកជាងពេលទើបចូលកាន់ដំណែង»។
នៅពេលសួរថា តើលោក មានការប្រមើលទុកជាមុនពីការបើកស្ថានទូតនៅក្នុងរដ្ឋធានីTehran ខណៈដែលលោក ធ្វើឲ្យមានចំណងទាក់ទងខាងការទូតឡើងវិញជាមួយប្រទេសគុយបាដែរឬទេ លោកប្រធានាធិបតីអូបាម៉ា មានប្រសាសន៍ថា ប្រទេសទាំង២ មានលក្ខណៈខុសគ្នា។លោក និយាយទៀតថា បន្ទាប់ពី៥០ឆ្នាំនៃគោលនយោបាយដដែល វា ជាពេលវេលាសម្រាប់ការផ្លាស់ប្តូរជាមួយប្រទេសដ៏តូចមួយនេះដែលមិនបានធ្វើការគំរាមកំហែងដុំកំភួននោះ។លោកប្រធានាធិបតី បានហៅអ៊ីរ៉ង់ជាប្រទេសធំ មានការស្មុគ្រស្មាញដោយមានប្រវត្តិជារដ្ឋគាំទ្រភេរវកម្មដែលមានភាពប្រទូសប្ររាយដល់អ៊ីស្រាអែលហើយកំពុងព្យាយាមអភិវឌ្ឍន៍អាវុធនុយក្លែអ៊ែ។
លោកប្រធានាធិបតី មានប្រសាសន៍បន្តទៀតថា ទំនាក់ទំនងប្រសើរឡើងជាមួយរដ្ឋាភិបាលទីក្រុងTehranនឹងអាស្រ័យលើកិច្ចព្រមព្រៀងនុយក្លែអ៊ែដែលអាចផ្ទៀងផ្ទាត់បាន។លោកប្រធានាធិបតី មានប្រសាសន៍ទៀតថា ទៅ អនាគតការដាក់ទ័ណ្ឌកម្មសេដ្ឋកិច្ច អាចត្រូវដកចេញ អ៊ីរ៉ង់ អាចត្រូវបញ្ចូលក្នុងសហគមន៍អន្តរជាតិហើយការណ៍នេះ នឹងចាត់ទុកថាជាមូលដ្ឋានដើម្បីធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងនេះ។
សហរដ្ឋអាមេរិក គ្មានទំនាក់ទំនងខាងការទូតជាមួយអ៊ីរ៉ង់ចាប់តាំងពីឆ្នាំ១៩៨០មក បន្ទាប់ពីពួកសកម្មជនអ៊ីរ៉ង់ បានកាន់កាប់ស្ថានទូតសហរដ្ឋអាមេរិកហើយបានចាប់បុគ្គលិកស្ថានទូតធ្វើជាចំណាប់ខ្មាំង។សហរដ្ឋអាមេរិកនិងប្រទេស៥ផ្សេងទៀត មានអង់គ្លេស ចិន បារាំង រុស្ស៊ី អាល្លឺម៉ង់ បានធ្វើការចរចាកម្មវិធីនុយក្លែអ៊ែអ៊ីរ៉ង់សន្តិភាពនិងស៊ីវិលមួយ។អ៊ីរ៉ង់ បានបដិសេធជាយូរយាណាស់មកហើយថា កម្មវិធីនុយក្លែអ៊ែរបស់ខ្លួន គ្មានគោលបំណងខាងយោធាទេ។
ថ្វីបើឈោងដល់កិច្ចព្រមព្រៀងបណ្តោះអាសន្នមួយកាលពីខែវិច្ឆិកា ឆ្នាំ២០១៣ក៏ដោយ ភាគីទាំង២ មិនបានឈោងដល់កិច្ចព្រមព្រៀងធំទូលាយមួយហើយបានបន្តការចរចារដោយមានកាលបរិច្ឆេទរហូតដល់ចុងខែមិថុនា ឆ្នាំក្រោយ។
ចំពោះការធ្វើឲ្យជឿនលឿននូវលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស អភិបាលកិច្ចល្អហើយនឹងនីតិរដ្ឋ លោកប្រធានាធិបតីអូបាម៉ា ចង្អុលបង្ហាញដល់ប្រទេសមីយ៉ានម៉ាឬភូមានិងប្រទេសទុយនីស៊ីដែលនៅទីនោះ កំពុងតែមានការផ្លាស់ប្តូរ។លោកប្រធានាធិបតី មានប្រសាសន៍បន្ថែមទៀតថា ប្រទេសទាំងនោះ ជាប្រទេសដែលសហរដ្ឋអាមេរិក អាចមានឱកាសហើយអាចធ្វើអ្វីៗដែលខ្លួន អាចដើម្បីជួយ។
ក៏ប៉ុន្តែ ពាក់ព័ន្ធទៅនឹងការស្ថាបនាជាតិនៅក្នុងប្រទេសលីប៊ី ស៊ីរីនិងប្រទេសអ៊ីរ៉ាក់ លោកប្រធានាធិបតីអូបាម៉ា និយាយសំដៅដល់ប្រទេសទាំងនោះថាជាគម្រោងរបស់មនុស្សជំនាន់ក្រោយរបស់ប្រទេសទាំងនោះ ដែលនៅទីនោះសហរដ្ឋអាមេរិក អាចជួយ ក៏ប៉ុន្តែ មិនអាចធ្វើគម្រោងនោះសម្រាប់ប្រទេសទាំងនោះទេ។
ចំពោះប្រទេសរុស្ស៊ីហើយនឹងសកម្មភាពរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន លោក ប្រធានាធិបតី មានប្រសាសន៍បន្តទៀតថា គំនាបខាងសេដ្ឋកិច្ចជាបន្ត កំពុងធ្វើឲ្យសេដ្ឋកិច្ចរុស្ស៊ីទទួលរងផលប៉ះពាល់ហើយនឹងឲ្យមានការលំបាកខ្លាំងឡើងដើម្បីចាត់ចែង។
លោកប្រធានាធិបតីអូបាម៉ា ក៏មានប្រសាសន៍ដែរថា បន្ទាប់ពីសង្គ្រាមដែលចុះសោហ៊ុយច្រើនក្នុងប្រទេសអាហ្វហ្គានីស្ថាននិងអ៊ីរ៉ាក់ លោកប្រធានាធិបតី ចង់ផ្តោតលើធនធានសហរដ្ឋអាមេរិកនៅក្នុងប្រទេសដើម្បីស្ថាបនាសាលារៀន ផ្លូវថ្នល់ វិទ្យាសាស្រ្តនិងការស្រាវជ្រាវសំខាន់ៗឡើងវិញ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន