ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូបាម៉ា​អញ្ជើញ​មក​ដល់​គុយបា​ដោយ​ Tweet «សួស្តី​គុយបា»


លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា និង​ភរិយា​ចេញ​ពី​យន្តហោះ​ Air Force One ពេល​អញ្ជើញ​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ ឡាហាវ៉ាន់ នៅ​ថ្ងៃ​ទី​២០ ខែ​មិនា​ ឆ្នាំ​២០១៦។​
លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា និង​ភរិយា​ចេញ​ពី​យន្តហោះ​ Air Force One ពេល​អញ្ជើញ​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ ឡាហាវ៉ាន់ នៅ​ថ្ងៃ​ទី​២០ ខែ​មិនា​ ឆ្នាំ​២០១៦។​

លោក​ប្រធានាធិបតី​ស.រ.អា.​ បារ៉ាក់​ អូបាម៉ា​ ដែល​បាន​អញ្ជើញ​ទៅ​ដល់​ប្រទេស​គុយបា​ ដើម្បី​បំពេញ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​របស់​លោក​។ លោក​បាន​ចុះ​ពី​យន្តហោះ​ Air Force One នៅ​ក្រោយ​ម៉ោង ​៤:​៣០ ​រសៀល​ថ្ងៃ​អាទិត្យ​នៅ​ក្រោម​មេឃ​មាន​ពពក​និង​មាន​ភ្លៀង​រលឹម​បន្តិចៗ​នៅ​ឯ​ចំណត​យន្តហោះ​អន្តរជាតិ​ Jose Marti​ ក្នុង​ក្រុង​ឡាហាវ៉ាន (Havana) ។

នៅ​មុន​ចុះ​ចេញ​ពី​យន្តហោះ​ប្រធានាធិបតី​ លោកអូបាម៉ា​បាន​ tweet ថា​ «Que bola Cuba?» ដែល​មាន​ន័យ​ថា​«សួស្តី​គុយបា»។ ​លោក​បាន​មាន​ប្រសាសន៍​ថា​លោក​ «នឹង​ជួប​ហើយ​ស្តាប់​ដោយ​ផ្ទាល់​ពីប្រជារាស្ត្រគុយបា»។​

នៅ​ឯ​កន្លែង​យន្តហោះ​ចត​ លោកប្រធានាធិបតី​ ភរិយា​លោក​ កូន​ស្រី​ពីរ​នាក់​របស់​លោក​និង​ម្តាយ​ក្មេក​លោក ត្រូវ​បាន​ទទួល​ស្វាគមន៍​ពី​គណៈប្រតិភូ​គុយបា​មួយ​ក្រុម​តូច​ ដឹកនាំ​ដោយ​លោក​រដ្ឋមន្ត្រីការ​បរទេស​ Bruno Rodriguez។​

អ្នកការ​ទូត​ជាន់​ខ្ពស់​ស.រ.អា.ក្នុង​ប្រទេស​គុយបា​ គឺ​លោក​ Jeffrey DeLaurentis ដែល​ជា​ភារធារី​ ក៏​បាន​ទៅស្វាគមន៍​គ្រួសារ​លោក​អូបាម៉ា​ដែរ។​

លោកស្រី​ Michelle Obama សុភាព​ស្ត្រី​លេខ​មួយ​ស.រ.អា. កូនស្រី​ទាំង​ពីរ​នាក់​របស់​លោក​អូបាម៉ា​គឺ​នាង​ Sasha និង​នាង​ Malia ព្រម​ទាំង​អ្នកស្រី​ Marian Robinson ដែល​ជា​ម្តាយ​លោកស្រី​ Michelle បាន​ទទួល​បាច់​ផ្កា​ក្នុង​កិច្ចស្វាគមន៍​នោះ។​

លោក​អូបាម៉ា​បាន​នាំ​ទៅ​ជាមួយ​លោក​នូវ​គណៈប្រតិភូ​មួយ​ ដែល​មាន​រួម​បញ្ចូល​ក្រុម​សមាជិក​សភា​ស.រ.អា.មក​ពី​គណបក្ស​នយោបាយ​ទាំង​ពីរ​ ក្រុម​អ្នក​ចាត់​ចែង​កិច្ចការ​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អាមេរិកាំង​ធំៗ​និង​ពលរដ្ឋ​អាមេរិកាំង​មាន​ដើម​កំណើត​គុយបា​សំខាន់ៗ​ផង​ដែរ។​

លោក​ប្រធានាធិបតី​បាន​គ្រវី​ដៃ​ដាក់​អ្នក​ស្វាគមន៍​លោក​មួយ​ក្រុម​ នៅ​ពេល​លោក​ឡើង​ជិះ​ឡាន​ limousine មួយ​គ្រឿង​នៅ​ឯ​ចំណត​អាកាសយាន​ដែល​ដឹក​លោក​ទៅ​កាន់​ការ​ប្រជុំ​មួយ​នៃ​ក្រុម​បុគ្គលិក​ស្ថាន​ទូត​ស.រ.អា.​និង​គ្រួសារ​ពួកគេ​នៅ​ឯ​សណ្ឋាគារ​ Melia Habana ក្នុង​ក្រុង​ ឡាហាវ៉ាន។

នៅ​ក្នុង​កំណត់​សម្គាល់​របស់​លោក​នៅ​ឯ​សណ្ឋាគារ​នោះ​ លោក​អូបាម៉ា​បាន​មាន​ប្រសាសន៍​ថា​ «ការមាន​ស្ថានទូត​ស.រ.អា.​មួយ​ក្នុង​ប្រទេស​គុយបា​ មាន​ន័​យថា​យើង​អាច​មាន​ប្រសិទ្ធិភាព​ជាង​មុន​ក្នុង​ការជំរុញ​សេចក្តី​ថ្លៃថ្នូរ​និង​ផល​ប្រយោជន៍​របស់​យើង​ និង​អាច​យល់​ប្រកប​ដោយ​ប្រសិទ្ធិភាព​ជាងមុន​អំពី​កង្វល់​របស់​ប្រជាពលរដ្ឋ​គុយបា។​ នេះ​ជា​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​មួយ​និង​ជា​ឱកាស​ជា​ប្រវត្តិសាស្ត្រ​មួយ​ផង​ដែរ​»។

លោកប្រធានាធិបតី​ក៏​បាន​និយាយ​លេង​សើច​ថា​ «កាល​ពី​ឆ្នាំ​១៩២៨​ លោក​ប្រធានាធិបតី​ Calvin Coolidge បាន​មក​កាន់​ប្រទេស​គុយបា​តាម​នាវា​ចម្បាំង​មួយ​គ្រឿង​។​ លោក​បាន​ធ្វើ​ដំណើរ​បី​ថ្ងៃ​ដើម្បី​បាន​មក​ដល់​ទីនេះ។​ ខ្ញុំ​ចំណាយ​ពេល​តែ​បី​ម៉ោង​ប៉ុណ្ណោះ​ដើម្បី​មក​ទីនេះ​»។

លោកអូបាម៉ា​និង​ក្រុម​គ្រួសារ​លោក​នឹង​ធ្វើ​ជា​អ្នក​ទេសចរ​នៅ​ក្នុង​យប់​ទី​មួយ​នៅ​លើ​កោះ​នេះ​នៃ​តំបន់​សមុទ្រ​ Caribbean ដោយ​ទៅ​ទស្សនា​កន្លែង​ល្បី​ឈ្មោះ​នៃ​ក្រុង​ចាស់​ឡាហាវ៉ាន៕

XS
SM
MD
LG