លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបម៉ា បានជ្រើសតាំងចៅក្រមតុលាការសហព័ន្ធគឺលោក Merrick Garland ដែលជាទូទៅគេហៅលោកថាជាចៅក្រមនិយមកណ្តាល ដើម្បីបំពេញតំណែងតុលាការកំពូលដែលនៅទំនេរកាលពីខែមុន បន្ទាប់ពីមរណភាពរបស់ចៅក្រមអភិរក្សនិយម Antonin Scalia។
ប៉ុន្តែភាពចម្រូងចម្រាសដែលបានកើតមានឡើងនៅក្នុងវិមាន Capitol របស់អាមេរិក។ ពួកសាធារណរដ្ឋដែលជាអ្នកគ្រប់គ្រងព្រឹទ្ធសភាបានទទូចថា ពួកគេនឹងមិនជួបប្រជុំឬរៀបចំការបោះឆ្នោតឲ្យបេក្ខជនដែលលោក Obama ជ្រើសតាំងសម្រាប់តំណែងជាចៅក្រមតុលាការកំពូលនោះឡើយ។
ការជ្រើសតាំងបេក្ខជនសម្រាប់តំណែងជាចៅក្រមតុលាការកំពូលគឺមានភាពចម្រូងចម្រាសដោយសារចៅក្រមថ្មីអាចនឹងត្រូវជ្រើសរើសមនោគមវិជ្ជាទៅជាអ្នកសេរីឬអ្នកអភិរក្សនិយម។ មរណភាពរបស់លោក Scalia បានធ្វើឲ្យតុលាការកំពូលនៅសល់ចៅក្រមតែ៨រូបប៉ុណ្ណោះ។
សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋបាននិយាយថា លោក អូបាម៉ា ដែលកំពុងតែកាន់តំណែងក្នុងឆ្នាំចុងក្រោយរបស់លោក គួរតែអនុញ្ញាតឲ្យប្រធានាធិបតីបន្ទាប់ជាអ្នកជ្រើសរើសចៅក្រមតុលាការកំពូលជំនួសវិញ៕