ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឃែរី​នឹង​ជួបពូទីន​អំពី​ការដក​កង​ទ័ព​រុស្ស៊ី​ចេញ​ពី​ស៊ីរី​​


រូប​ឯកសារ៖ លោក​ប្រធានាធិបតី​រុស្ស៊ី ​Vladimir Putin ស្វាគមន៍​លោក​រដ្ឋ​មន្រ្តី​ការបរទេស​អាមេរិក​ John Kerry នៅ​កិច្ច​ប្រជុំ​មួយ​នៅ​វិមាន​ក្រឹមឡាង​ ប្រទេស​រុស្ស៊ី​ ថ្ងៃ​ទី​១៥​ ខែ​ធ្នូ​ ឆ្នាំ​២០១៥។​​
រូប​ឯកសារ៖ លោក​ប្រធានាធិបតី​រុស្ស៊ី ​Vladimir Putin ស្វាគមន៍​លោក​រដ្ឋ​មន្រ្តី​ការបរទេស​អាមេរិក​ John Kerry នៅ​កិច្ច​ប្រជុំ​មួយ​នៅ​វិមាន​ក្រឹមឡាង​ ប្រទេស​រុស្ស៊ី​ ថ្ងៃ​ទី​១៥​ ខែ​ធ្នូ​ ឆ្នាំ​២០១៥។​​

លោក​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា. John Kerry បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អង្គារ​ថា​ លោក​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​ម៉ូស្គូ​នៅ​សប្តាហ៍​ក្រោយ​ ដើម្បី​ធ្វើការ​ចរចា​ជាមួយ​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin អំពី​ការ​ដក​ក្រុម​ទាហាន​លោក​ចេញ​ពី​ប្រទេស​ស៊ីរី​និង​អំពី​សេចក្តី​សង្ឃឹម​ថា​មាន​សន្តិភាព​នៅ​ក្នុង​ប្រទេស​នេះ​ដែល​ដាច់ដាច​ដោយសារ​សង្គ្រាម។

នៅ​ពេល​លោក​ប្រកាស​អំពី​ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច ​លោក​ Kerry បាន​មាន​ប្រសាសន៍​ថា «យើង​បាន​ទៅ​ដល់​ដំណាក់កាល​សំខាន់​មួយ​នៅ​ក្នុង​ដំណើរការ​នេះ​ហើយ។​ នេះ​ជា​ពេល​វេលា​មួយ​ត្រូវ​ក្តាប់​យក​ មិន​មែន​ត្រូវ​ឱ្យ​បាត់បង់​ទេ។​ នៅ​ពេល​នេះ​យើង​មាន​សមត្ថភាព​ចាត់​វិធានាការ​ចុង​ក្រោយ​បង្អស់​ឆ្ពោះ​ទៅ​កាន់​ការ​បញ្ចប់​សង្គ្រាម​និង​ការបង្ហូរ​ឈាម»។​

លោក Kerry បាន​មាន​ប្រសាសន៍​ថា ​លោក​នឹង​មាន​ប្រសាសន៍​ជាមួយ​លោក​ Putin និង​លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​ Sergei Lavrov អំពី «ការ​ដែល​ពួក​យើង​អាច​ធ្វើ​បែបណា​ដើ​ម្បី​ជំរុញ​ដំណើរការ​នយោបាយ​ឱ្យ​ទៅ​មុខ»។

ក៏​ប៉ុន្តែ​អ្នកការទូត​កំពូល​ស.រ.អា.រូប​នេះ​បាន​ព្រមាន​ថា «សន្តិភាព​ឋិតថេរ​នឹង​មិន​អាច​មាន​បាន​ទេ​ បើ​គ្មាន​អន្តរកាល​នយោបាយ​មែនទែន» ចេញ​ពី​របប​គ្រប់គ្រង​ប្រធានាធិបតី​ស៊ីរី​ Bashar al-Assad ដែល​បាន​ប្រឆាំង​នឹង​ការ​ឱ្យ​លោក​ចុះ​ចេញ ពី​តំណែង។

ដំណឹង​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក Kerry ទៅ​កាន់​ក្រុង​ម៉ូស្គូ​មាន​ឡើង​នៅ​ពេល​កិច្ចចរចា​សន្តិភាព​ស៊ីរី​បាន​ចូល​ក្នុង​ថ្ងៃ​ទី​ពីរ​នៅ​ក្នុង​ក្រុង​ហ្ស៊ឺណែវ​ ហើយ​ក្រុមទាហាន​រុស្ស៊ី​ដំបូងៗ​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ស៊ីរី​វិញ ​ដោយ​មាន​ហ្វូង​មនុស្ស​អបអរ​សាទរ​ទទួល​ពួក​គេ។​

ទូរទស្សន៍​រុស្ស៊ី​បាន​បង្ហាញ​រូប​យន្តហោះ​ប្រយុទ្ធ​ធុន​ Su-34 បី​គ្រឿង​បាន​ចុះចត​នៅ​ឯ​មូលដ្ឋាន​កង​ទ័ព​អាកាស​មួយ​នៅ​ផ្នែក​ខាង​ត្បូង​ប្រទេស​ ហើយ​ពួក​អ្នក​បើក​យន្តហោះ​ទាំង​នេះ​ដែល​មាន​ពាក់​មួក​សុវត្ថិភាព​ពណ៌​ស​និង​សម្លៀក​បំពាក់​អ្នក​បើក​យន្តហោះ​ត្រូវ​បាន​ឡោមព័ទ្ធ​ដោយ​ក្រុម​អ្នកគាំទ្រ​ នៅ​ពេល​ពួក​គេ​ទៅ​ដល់​និង​បាន​លើក​ពួក​គេ​បោះ​ទៅ​លើ​ ជា​ការ​អបអរសាទរ។

​ដោយ​ហ្វូង​មនុស្ស​នេះ​គ្រវី​ទង់ជាតិ​រុស្ស៊ី​និង​កាន់​ប៉េងប៉ោង​ពណ៌​ក្រហម​ ស​និង​ខៀវ មាន​វង់​តន្ត្រី​មួយ​ក្រុម​បាន​លេង​ភ្លេង​មួយ​ក្នុង​ជំនាន់​ Stalin មាន​ចំណង​ជើង​ថា​ «ការ​ដើរ​នៃ​ក្រុម​អ្នក​បើក​យន្តហោះ» ​និង​បាន​ប្រគុំ​ភ្លេង​ជាតិ​រុស្ស៊ី​ផង​ដែរ៕​

XS
SM
MD
LG