ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកបោះឆ្នោត​អាមេរិក​លូកដៃ​ចូល ខណៈ​ការប្រជែង​យក​តំណែង​ប្រធានាធិបតី​កាន់​តែ​ជិត​មក​ដល់


អ្នក​គាំទ្រ​លើក​បដា​គាំទ្រ​លោក Donald Trump ក្នុង​ពេល​ជួបជុំ​យុទ្ធនាការ​មួយ​ក្នុង​ក្រុង Boca Raton រដ្ឋ Florida កាលពី​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦។
អ្នក​គាំទ្រ​លើក​បដា​គាំទ្រ​លោក Donald Trump ក្នុង​ពេល​ជួបជុំ​យុទ្ធនាការ​មួយ​ក្នុង​ក្រុង Boca Raton រដ្ឋ Florida កាលពី​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦។

​លោកស្រី Hillary Clinton ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​លោក Donald Trump ខាង​គណបក្ស​សាធារណរដ្ឋទំនង​ជា​នឹង​ក្លាយ​ទៅ​ជា​បេក្ខជន​ប្រធានាធិបតី​ដែល​គណបក្ស​ទាំង​២​ជ្រើសតាំង​សម្រាប់​ប្រកួត​យក​​តំណែង​ជា​ប្រធានាធិបតី។

ជ័យជម្នះ​ដ៏​ធំធេង​របស់​លោកស្រី Hillary Clinton ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​លោក Donald Trump ខាង​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​ការ​បោះឆ្នោត​បឋម​កាល​ពី​ថ្ងៃ​អង្គារ​បាន​ធ្វើ​ឲ្យ​មាន​ការ​ទស្សន៍ទាយ​ជាមុន​ថា បេក្ខជន​ទាំង​២​រូប​នេះ​ទំនង​ជា​នឹង​ក្លាយ​ទៅ​ជា​បេក្ខជន​ប្រធានាធិបតី​ដែល​គណបក្ស​ទាំង​២​ជ្រើសតាំង​សម្រាប់​ប្រកួត​យកតំណែង​ជា​ប្រធានាធិបតី។

លោក​ Marvin Cooper វ័យ​៨៥​ឆ្នាំ​រស់​នៅ​ក្នុង​ទីក្រុង Miami មិន​ជឿ​ទស្សនៈ​ដែល​ថា សេដ្ឋកិច្ច​អាមេរិក​ល្អ​ឥត​ខ្ចោះ​នោះ​ទេ។ ​លោក​ឃើញ​ថា​មនុស្ស​ចាស់ៗ​ក្នុង​វ័យ​របស់​លោក​ជួប​ការ​លំបាកក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ។​

«ទំនិញ​មាន​តម្លៃ​ថ្លៃៗ​ណាស់ ហើយ​យើង​គ្មាន​លុយ​ទេ។ ខ្ញុំ​បារម្ភ​ពី​សេដ្ឋកិច្ច​ខ្លាំង​ជាងគេ​បំផុត‍»។

មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​បោះឆ្នោត​បឋម​នៅ​រដ្ឋ Florida នយោបាយ​ក្លាយ​ជាប្រធានបទ​នៃ​កិច្ចសន្ទនានៅ​ក្នុង​សហគមន៍​ក្រុម​មនុស្ស​ចាស់ៗ​ក្បែរ​ឆ្នេរ​សមុទ្រ North Miami។

អ្នកស្រី Maria Valiante ដែល​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​ស្ទើរ​ពេញ​មួយ​ជីវិត​របស់​លោកស្រី បាន​បោះឆ្នោត​ឲ្យ​លោក​បារ៉ាក់ អូបាម៉ា​ កាល​ពី​ឆ្នាំ​២០០៨។ ក្នុង​វ័យ​៩០​ឆ្នាំ លោកស្រី​បានប្ដូរ​ទៅ​គាំទ្រ​គណបក្ស​សាធារណរដ្ឋ​កាល​ពី​២​ឆ្នាំ​មុន ដោយ​សង្ឃឹម​ថា គណបក្ស​សាធារណរដ្ឋ​អាច​ពង្រឹង​យោធា​អាមេរិក​បាន។ ​

«យើង​អាច​បង្ហាញ​ទៅ​ពិភពលោក​ថា​ អ្នក​ចង់​ជាន់​ជើង​មួយ​របស់​យើង ប៉ុន្តែ​យើង​នឹង​ជាន់​ជើង​ទាំង​២​របស់​អ្នក។ ហេតុ​ដូច្នេះ​ហើយ​ទើប​ខ្ញុំ​បោះឆ្នោត​ឲ្យ​លោក Trump ​ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​លោក​ Trump ឈ្នះ‍»។ ​

ខណៈ​ដែល​អ្នក​បោះឆ្នោត​នៅ​រដ្ឋ Florida ជាច្រើន​សាទរ​ចំពោះ​ជ័យ​ជម្នះ​របស់​លោក Donald Trump នៅ​ក្នុង​ការ​បោះឆ្នោត​បឋម លោក Joseph Uscinski ​សាស្រ្តាចារ្យ​ជំនាញ​វិទ្យាសាស្រ្ត​នយោបាយ​នៃ​សាកលវិទ្យាល័យ University of Miami មាន​ប្រសាសន៍​ថា អ្នក​ផ្សេង​ទៀត​នឹង​មាន​ពេល​វេលា​សម្រាប់​គិត ​មុនពេល​ដែលមហាសន្និបាត​របស់​គណបក្ស​សាធារណរដ្ឋ​ពិចារណា​អំពី​ថា​តើ​ការ​ជ្រើសតាំង​បេក្ខភាព​របស់​លោក Trump ​សម្រាប់​ប្រកួត​យក​តំណែង​ជា​ប្រធានាធិបតី។

«អ្នក​បោះឆ្នោត​នឹង​មាន​ពេលវេលាដើម្បី​ពិចារណា​ថា​តើ​ពួកគេ​ចង់​ឲ្យ​លោក Donald Trump ធ្វើ​ជា​ប្រធានាធិបតី​ឬ​យ៉ាង​ណា។ វា​អាច​នឹង​ទៅ​រួច​ដែល​ថា ប្រសិន​បើ​លោក Trump ទទួល​បាន​ការ​ជ្រើសតាំង​ឲ្យ​ធ្វើ​ជា​បេក្ខជន​ប្រធានាធិបតី លោក​អាច​នឹង​ទទួល​បាន​តំណែង​នៅ​សេតវិមាន​តែ​ម្តង។ មាន​ប្រជាពលរដ្ឋ​អាមេរិកាំង​មួយ​ក្រុម​ធំ​ដែល​មិន​ទាន់​ទុកចិត្ត​លើ​រឿង​នេះ​នៅ​ពេលឥឡូវ​នេះ​នៅ​ឡើយ​ទេ‍»។ ​

តាម​រយៈ​ការ​ទស្សន៍ទាយទុកមុន​សម្រាប់​ខែ​វិច្ឆិកា​ខាង​មុខ​នេះ វា​ហាក់​ដូច​ជា​ពាក់ព័ន្ធ​នឹង​ចំនួន​អ្នក​ទៅ​បោះឆ្នោត និង​ថា​តើ​បេក្ខភាព​របស់​លោក Trump ឬ​លោកស្រី Clinton អាច​ឲ្យ​អ្នក​គាំទ្រ​របស់​ពួកគេ​ទៅ​បោះឆ្នោត​ឬ​ទេ។ ​

សម្តី​ដ៏​ចម្រូងចម្រាស់​របស់​លោក Trump មិន​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ដូច​ជា​អ្នកស្រី Silvana Busacca ឈប់​គាំទ្រ​លោក​នោះ​ទេ។ ​

«ខ្ញុំ​មាន​កូន​ប្រុស​ពិការ​ម្នាក់ ហើយ​លោក Trump បាន​និយាយ​ចំអក​ឲ្យ​មនុស្ស​ពិការ។ ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​និយាយ​ថា អត្តចរិត​របស់​គាត់​រាង​ចម្លែក។ ប៉ុន្តែ​ទោះបី​ជា​ដូច្នេះ​ក្តី ​ខ្ញុំ​នៅ​តែ​មាន​សង្ឃឹម​ច្រើន​ចំពោះ​រូប​គាត់ ព្រោះ​គាត់​មិន​មែន​ជា​អ្នក​នយោបាយ​ទេ។ គាត់​គឺ​មនុស្ស​ជោគជ័យ​ម្នាក់‍»។

អ្នកស្រី Julia Allison រស់នៅ​ក្នុង​ទីក្រុង Fort Lauderdale ដែល​គាំទ្រ​លោកស្រី Hillary Clinton ខាង​គណបក្ស​ប្រជាធិបតេយ្យ យល់​ឃើញ​ផ្សេង​ពី​នេះ។ ​

«លោក Trump គឺ​ជា​តួកំប្លែង ហើយ​លោក​មិន​មែន​ជា​មនុស្ស​វៃ​ឆ្លាត​នោះ​ទេ។ ចំណែក​លោកស្រី Hillary ​គឺ​អស្ចារ្យ​ណាស់។ លោកស្រី​ពិត​ជា​អស្ចារ្យ។ លោកស្រី​បាន​បង្ហាញ​ពី​សមត្ថភាព​របស់​លោកស្រី។ លោកស្រី​គឺ​ជា​មន្រ្តី​ការ​ទូត។ លោកស្រី​យល់​ពី​ទំនាក់ទំនង​អន្តរជាតិ​ ហើយ​លោកស្រី​នឹង​មិន​ធ្វើ​ឲ្យ​ប្រទេស​យើង​អាប់ឱន​នោះ​ទេ‍»។

អ្នក​បោះឆ្នោត​ក្នុង​រដ្ឋ Florida ​ក៏​ដូចជា​នៅ​រដ្ឋ​ដទៃទៀត​នៅ​ក្នុង​ប្រទេស​ដែរ នៅ​តែ​យល់​ឃើញ​ខុស​ពី​គ្នា​ស្រឡះ​អំពី​ថា​តើ​នរណា​នឹង​ដឹកនាំ​សហរដ្ឋ​អាមេរិក​បាន​ល្អ​បំផុត​ជា​ប្រធានាធិបតី​បន្ទាប់៕

ប្រែសម្រួលដោយ​ ហុង ចិន្តា

XS
SM
MD
LG