កីឡាករវាយតេន្នីសលំដាប់ពិភពលោកដើមកំណើតស៊ែប៊ី លោក Novak Djokovic (ណូវ៉ាក ចូកូវិក) បានធ្វើតេស្តឃើញវិជ្ជមានថា មានវីរុសកូរ៉ូណាដែលបង្កជំងឺកូវីដ១៩ ក្រោយពីលោកបានចូលរួមនៅក្នុងការប្រកួតកីឡាតេន្នីសដែលលោកបានរៀបចំនៅប្រទេសស៊ែប៊ីនិងក្រូអាស៊ី។
កីឡាករស៊ែប៊ីដ៏ល្បីនេះជាកីឡាករទី៤ដែលបានធ្វើតេស្តឃើញវិជ្ជមាន ក្រោយពីលោកដំបូងបានប្រកួតនៅរដ្ឋធានីប៊ែលក្រាដរបស់ស៊ែប៊ី និងកាលពីចុងសប្តាហ៍កន្លងទៅនៅប្រទេសក្រូអាស៊ី។
ភរិយារបស់លោកក៏បានធ្វើតេស្តឃើញវិជ្ជមានដែរ។
លោក Djokovic បានថ្លែងពេលដែលលោកបានទៅដល់ទីក្រុងប៊ែលក្រាដវិញភ្លាម លោកបានទៅធ្វើតេស្តក៏ឃើញវិជ្ជមានមានកូវីដ១៩។
កីឡាករតេន្នីសលោក Novak Djokovic បានរងការរិះគន់ចំពោះការណ៍ដែលលោករៀបចំធ្វើការប្រកួតកីឡាដែលមានអ្នកប្រកួតពីប្រទេសដទៃក្នុងអំឡុងមានជំងឺរាតត្បាតជាសាកល។ ក្នុងពេលប្រកួតនៅប្រទេសទាំងពីរគេមិនឃើញមានការរក្សាគម្លាតពីគ្នាក្នុងសង្គមនោះទេ៕