ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ត្រាំ​បារម្ភ​ជា​ថ្មី​ថា​ អាមេរិក​ធ្វើ​តេស្ត​ច្រើន​ពេក​ដើម្បី​រក​មើល​​អ្នក​ឆ្លង​​ជំងឺ​កូវីដ១៩


រូបឯកសារ៖ ​ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថ្លែងអំឡុងពេលយុទ្ធនាការឃោសនាមួយនៅក្រុង Tulsa រដ្ឋ Oklahoma កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០។
រូបឯកសារ៖ ​ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថ្លែងអំឡុងពេលយុទ្ធនាការឃោសនាមួយនៅក្រុង Tulsa រដ្ឋ Oklahoma កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Donald Trump ​កាល​ពី​ថ្ងៃ​អង្គារ បាន​សម្តែង​នូវ​ក្តី​បារម្ភ​ជា​ថ្មី​របស់លោក​ដែល​ថា​ សហរដ្ឋ​អាមេរិក​កំពុង​ធ្វើ​តេស្តច្រើន​ពេក​ដើម្បី​រក​មើលអ្នកឆ្លង​វីរុស​ដែល​បង្ក​ជំងឺ​កូវីដ១៩។

លោក​ត្រាំ​បាន​សរសេរ​សារ​នៅ​ក្នុង​បណ្តាញ​ Twitter ថា៖ «ចំនួន​ករណី​ឆ្លង​នៅ​សហរដ្ឋ​អាមេរិក​មាន​ការ​កើន​យ៉ាង​ខ្លាំង​ដោយ​សារយើង​កំពុង​ធ្វើ​តេស្តច្រើន​ជាង​ប្រទេស​ផ្សេង​ណា​ទាំង​អស់ ហើយ​កាន់​តែ​ពង្រីក​ការ​ធ្វើ​តេស្ត​នេះ»។ លោក​បន្ត​ថា៖ «ប្រសិន​បើ​យើង​ធ្វើ​តេស្ត​តិច​ជាង​មុន​ក៏​នឹង​ឃើញ​ករណី​ឆ្លង​តិច​ជាង​មុន​ដែរ»។

កន្លង​មក​ លោក​ប្រធានាធិបតី​និងក្រុម​មន្ត្រី​អាមេរិក​អះអាង​ថា មក​ដល់​ពេល​នេះ​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​តេស្ត​លើ​ពលរដ្ឋ​ចំនួន​២៥​លាន​នាក់។ មន្ត្រី​សេតវិមាន​កន្លង​មក​ក៏​បាន​អះអាង​ថា ការ​ទទូចរបស់​លោក​ត្រាំ​ឲ្យ​មាន​ការ​ធ្វើ​តេស្ត​តិច​ជាង​មុន​នេះ​គឺ​គ្រាន់​តែ​ជា​សម្តី​លេង​សើច​របស់​លោក​ប៉ុណ្ណោះ។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​អង្គារ​ លោក​ត្រាំ​ថា​លោក​មិន​បាន​និយាយ​លេង​សើច​ចំពោះ​រឿង​នេះ​ទេ។

សហរដ្ឋ​អាមេរិក​កំពុង​នាំ​មុខ​ពិភពលោក​ខាងរាលដាល​ជំងឺ​កូវីដ១៩ ដោយ​មានចំនួន​អ្នក​រក​ឃើញ​ថា​ បាន​ឆ្លងវីរុស​កូរ៉ូណា​ចំនួន​ជាង​២,៣​លាន​នាក់ និង​អ្នក​ស្លាប់​ពី​មេរោគ​ដ៏​ប្រល័យ​នេះ​ចំនួន​ជាង​១២០.០០០​នាក់។ អ្នក​ជំនាញ​អាមេរិកាំង​តែង​អះអាង​ថា គន្លឹះ​មួយ​ក្នុង​ការ​គ្រប់គ្រង​ការ​ផ្ទុះ​រាតត្បាត​នៃ​ជំងឺ​នេះគឺ​ការ​ធ្វើ​តេស្តលើ​ពលរដ្ឋ​ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​ប្រសិន​បើ​ជន​ណា​ម្នាក់ត្រូវ​រក​ឃើញ​ថា​មាន​ជំងឺ​កូវីដ១៩ នោះ​ត្រូវ​តាមធ្វើ​តេស្ត​បន្ត​ចំពោះ​អ្នក​ដែលជន​នោះ​បាន​ទាក់ទង​ផ្ទាល់​ជាមួយ។​

ប៉ុន្តែនៅ​ក្នុង​បរិបទ​នយោបាយអាមេរិក ​លោក​ដូណាល់​ ត្រាំ ហាក់​កាន់​តែមាន​ការ​បារម្ភ​ចំពោះចំនួន​កើន​ឡើងច្រើន​នៃ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​នៅ​សហរដ្ឋ​អាមេរិក​នៅ​មុន​ការ​បោះឆ្នោត​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ។ និន្នាការ​នេះ​គឺ​ខុស​ពី​ការ​ទស្សន៍​ទាយ​របស់​លោក​ដែល​ថា ​ជំងឺ​រាតត្បាត​នេះ​នឹង​ធ្លាក់​ចុះ​វិញ​ឬបាត់​ទៅ​វិញ​ទាំង​ស្រុង​នោះ។ ​ការ​ស្ទង់​មតិ​បង្ហាញ​ថា ប្រជាប្រិយភាព​របស់​លោក​ត្រាំ​បាន​ធ្លាក់​ចុះ​ តិច​ជាង​គូ​ប្រជែង​របស់​លោក​គឺលោក Joe Biden អតីត​អនុប្រធានាធិបតី​ដែល​ទំនង​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​ប្រជាធិបតេយ្យ។

នៅ​ក្នុង​ថ្ងៃ​អង្គារ​ដែរ មន្ត្រី​ជំនាញ​ខាង​សុខភាព​សាធារណៈ​កំពូលៗ រួម​ទាំង​លោក ​វេជ្ជបណ្ឌិត Anthony Fauci អ្នក​ជំនាញ​នាំ​មុខ​ខាង​ជំងឺ​ឆ្លង និង​លោក​វេជ្ជបណ្ឌិត​ Robert Redfield ប្រធាន​មជ្ឈមណ្ឌល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ CDC របស់​សហរដ្ឋ​អាមេរិក នឹង​ផ្តល់​សក្ខីកម្ម​នៅ​ចំពោះ​មុខ​គណៈ​កម្មការ​មួយ​របស់​រដ្ឋសភា​សហរដ្ឋ​អាមេរិកអំពី​របៀប​ឆ្លើយ​តប​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ ចំពោះ​ការកើន​ឡើង​កាន់​តែ​ខ្លាំង​នៃ​ចំនួន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​និង​ចំនួន​អ្នក​ត្រូវ​ចូល​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ៕

XS
SM
MD
LG