ខណៈដែលពួកអ្នកជំនាញសុខាភិបាលខ្លះព្រមានពីអ្វីដែលពួកគេហៅថា រលកទី២នៃជំងឺកូវីដ១៩នៅរដូវស្លឹកឈើជ្រុះនេះ ពួកអ្នកជំនាញផ្សេងទៀតនិយាយថា សហរដ្ឋអាមេរិក និងផ្នែកផ្សេងទៀតរបស់ពិភពលោកមិនទាន់ផុតរលកទី១នៃជំងឺកូវីដ១៩ទេ។
លោកវេជ្ជបណ្ឌិត Anthony Fauci អ្នកជំនាញជំងឺឆ្លងកំពូលរបស់សហរដ្ឋអាមេរិក បាននិយាយថា «នៅពេលលោកអ្នកមានការឆ្លង២ម៉ឺនករណីឡើងទៅក្នុងមួយថ្ងៃ តើលោកអ្នកអាចនិយាយអំពីរលកទី២នៃជំងឺកូវីដ១៩នោះយ៉ាងដូចម្តេច»។
ផ្នែកភាគច្រើននៅក្នុងសហរដ្ឋអាមេរិកកំពុងបន្ធូរបន្ថយការរឹតត្បិតដែលត្រូវបានអនុវត្តដើម្បីបញ្ឈប់ការរាលដាលនៃមេរោគកូរ៉ូណាថ្វីបើករណីនៃការឆ្លងបានចាប់ផ្តើមកើនឡើងនៅក្នុងរដ្ឋខ្លះក៏ដោយ ជាពិសេសនៅបណ្តារដ្ឋភាគខាងត្បូង និងខាងលិច។
ពួកអ្នកជំនាញខ្លះរួមមានលោក Caitlin Rivers ជាអ្នកស្រាវជ្រាវជំងឺនៅមជ្ឈមណ្ឌលសន្តិសុខសុខភាពនៅសាកលវិទ្យាល័យ Johns Hopkins និយាយថា ពួកគេមិនចង់ប្រើពាក្យ «រលកទី២» ពីព្រោះតែពួកគេនិយាយថា ការនិយាយដូច្នេះធ្វើឱ្យពលរដ្ឋយល់ច្រឡំថា ស្ថានភាពអាក្រក់បានចប់ហើយ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ បាននិយាយថា លោកជឿថា ចំនួនមេរោគករណីកូរ៉ូណាខ្ពស់ ពីព្រោះតែការធ្វើតេស្ត។
លោកប្រធានាធិបតីត្រាំបានប្រាប់ហ្វូងមនុស្សនៅឯការប្រជុំនយោបាយកាលពីយប់ថ្ងៃសៅរ៍សប្តាហ៍មុននៅក្នុងទីក្រុង Tulsa រដ្ឋអូក្លាហាម៉ាថា «នៅពេលដែលលោកអ្នកធ្វើតេស្តក្នុងវិសាលភាពនេះ លោកអ្នកនឹងរកឃើញករណីឆ្លងកាន់តែច្រើនឡើង។ ដូច្នេះ ខ្ញុំបាននិយាយទៅកាន់ពលរដ្ឋរបស់ខ្ញុំថា ពន្យឺតការធ្វើតេស្ត។ ពួកគេធ្វើតេស្តហើយធ្វើតេស្តទៀត»។
ក្រោយមក សេតវិមានបាននិយាយថា លោកប្រធានាធិបតីគ្រាន់តែនិយាយកំប្លែងលេង។
ក៏ប៉ុន្តែវេជ្ជបណ្ឌិត Ashish Jha នាយកនៃវិទ្យាស្ថានសុខភាពសាកលនៃសាកលវិទ្យាល័យ Harvard និយាយថា មិនត្រូវនិយាយលេងសើចអំពីជំងឺកូវីដ១៩ទេ៕