ប៉ូលិសប្រទេសអាល្លឺម៉ង់និយាយថា ក្លោងទ្វារដែលធ្លាប់តាំងលម្អនៅផ្លូវចូលទៅគុក អ្នកនយោបាយ ដាស់ហៅ (Dachau) ក្នុងរបបណាស្ស៉ី (NAZI) ទំនងជាត្រូវគេរកឃើញ ហើយនៅក្នុងតំបន់ភាគនិរតីប្រទេសន័រវែស។
ក្លោងទ្វារដែលមានសរសេរពាក្យស្លោកថា Arbeit macht frei ឬ Work set you free ឬជាភាសាខ្មែរថា «ចូរធ្វើការនឹងបានរួចខ្លួន» នោះ ត្រូវគេរកឃើញនៅជិតទីក្រុង Bergen ដែលជាទីក្រុងឈូងសមុទ្ររបស់ប្រទេសនរវែស។ ប៉ូលិសរដ្ឋ Bavaria និយាយរបស់អាល្លឺម៉ង់ និយាយថាការរកឃើញនេះ កើតឡើងបន្ទាប់ពីមានការជូនដំណឹងពីជនអនាមិកម្នាក់។
ប៉ូលិសមិនបានបញ្ជាក់ថា ក្លោងទ្វារនោះជាក្លោងទ្វារដែលត្រូវគេលួចទេ តែបើតាម សេចក្តីប្រកាសព័ត៌មានបាននិយាយថា បើមើលពីរូបភាពដែលបានបញ្ជូនមកនោះ ប៉ូលិសជឿថាក្លោងទ្វារនោះដូចខ្លាំងណាស់ទៅនឹងក្លោងទ្វារដែកដែលត្រូវលួចពីគុក ដាស់ហៅ។
ក្លោងទ្វារទម្ងន់១០០គីឡូក្រាមនោះត្រូវគេលួចបាត់កាលពី២ឆ្នាំមុនពីអតីតគុកដែលស្ថិតនៅចម្ងាយ២ឬ៣គីឡូម៉ែត្រខាងក្រៅទីក្រុងមុយនិច។
របបណាស្ស៉ីបានប្រើគុក ដាស់ហៅ ក្នុងអំឡុងសង្គ្រាមលោកលើកទី២ដើម្បីសម្លាប់ជនជាតិ ជីហ្វីស (Jews) ជាង៤១.០០០ នាក់ មុនពេលដែលត្រូវរំដោះដោយកងទ័ពស.រ.អា. កាលពីឆ្នាំ១៩៤៥៕