ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ា​និង​មេដឹកនាំ​ពិភពលោក​រំលឹក​គុណ​យុទ្ធជន​ក្នុង​ខួប​ទិវា D-Day


រូប​វីដេអូ​លោក​​អូបាម៉ា​និង​លោក​ពូទីន​ត្រូវ​បាន​បញ្ចាំង​នៅ​លើ​អេក្រង់​ធំ​មួយ​ខណៈ​ដែល​ពួក​លោក​ចូល​អង្គុយ​នៅ​ក្នុង​ពិធី​រំលឹក​ខួប​ទី​៧០​នៃ​ទិវា D-Day។
រូប​វីដេអូ​លោក​​អូបាម៉ា​និង​លោក​ពូទីន​ត្រូវ​បាន​បញ្ចាំង​នៅ​លើ​អេក្រង់​ធំ​មួយ​ខណៈ​ដែល​ពួក​លោក​ចូល​អង្គុយ​នៅ​ក្នុង​ពិធី​រំលឹក​ខួប​ទី​៧០​នៃ​ទិវា D-Day។
លោក​ប្រធានាធិបតី​ សរអា​ បារ៉ាក់​ អូបាម៉ា​ បាន​សម្តែង​គារវកិច្ច​ដល់​អតីត​យុទ្ធជន​នៃ​សង្គ្រាម​លោក​លើក​ទី​ ២​ នៅ​ក្នុង​ពិធី​រំលឹក​ឆ្នាំ​ខួប​ទី​ ៧០​ នៃ​ការ​រាត​ត្បាត​ដែល​គេ​ឲ្យ​ឈ្មោះ​ D-Day​ ដែល​បណ្តាល​ឲ្យ​ប្រទេស​អាឡឺម៉ង់​គ្រប់គ្រង​ដោយ​ Nazi​ បាន​ទទួល​បរាជ័យ។​

ក្នុង​សន្ទរកថា​មួយ​នៅ​វាល​ខ្សាច់​ Omaha​ Beach​ នៅ​តាម​ឆ្នេរ​សមុទ្រ​ Normandie​ របស់​ប្រទេស​បារាំង​ លោក​ អូបាម៉ា​ បាន​ថ្លែង​សរសើរ​កងទ័ព​ដែល​បាន​ «ប្តូរ​ជីវិត​ដើម្បី​សេរីភាព​ក្នុង​ពេល​ដែល​មាន​ហានិភ័យ​ជា​អតិបរិមា»។

ក្នុង​ការ​បើក​ពិធី​រំលឹក​នេះ​ លោក​ប្រធានាធិបតី​បារាំង​ Francois​ Hollande​ ក៏​បាន​ថ្លែង​ដែរ​ថា​ ពលិកម្ម​របស់​ទាហាន​ទាំង​នេះ​ «បាន​ផ្លាស់​ប្តូរ​ពិភពលោក»។​

លោក​ Hollande​ ថ្លែង​ជា​អាទិ​ថា​ «យើង​ជំពាក់​គុណ​យុទ្ធជន​ដែល​បាន​ស្លាប់​ជំនួស​យើង​ ហើយ​ចំពោះ​ប្រទេស​បារាំង​ យើង​មាន​ប្រវត្តិសាស្រ្ត​ដ៏​វែង​ដែល​យើង​នៅ​មាន​វាសនា​អាច​បំពេញ​អនាគត​សម្រាប់​ពិភពលោក​ទាំង​មូល​បាន»។​

កងទ័ព​សម្ព័ន្ធមិត្ត​ប្រមាណ​ ១៦​ម៉ឺន​នាក់​បាន​លោត​ឆ័ត្រ​យោង​ឬ​បាន​ចុះ​ទឹក​ឡើង​គោក​លើ​ឆ្នេរ​សមុទ្រ​ Normandie​ នៅ​ថ្ងៃ​ទី​ ៦​ ខែ​មិថុនា​ ឆ្នាំ​ ១៩៤៤​ នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​ផ្លូវ​សមុទ្រ​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​យោធា​នៃ​ពិភពលោក។​

មាន​ទាហាន​ប្រមាណ​ ៤.៥០០​ នាក់​បាន​ស្លាប់​ តែ​ប្រតិបត្តិការ​នេះ​បាន​នាំ​ឲ្យ​មាន​ជ័យជម្នះ​របស់​សម្ព័ន្ធមិត្ត​នៅ​ពាស​ពេញ​ទ្វីប​ អឺរ៉ុប​ នៅ​ទី​បំផុត។​ មាន​យុទ្ធជន​ជា​ច្រើន​ពាន់​នាក់​ដែល​នៅ​រស់​ជីវិត​ បាន​ចូល​រួម​ក្នុង​ពិធី​រំលឹក​ នៅ​ថ្ងៃ​សុក្រ​នេះ។

វត្តមាន​ប្រធានាធិបតី​រុស្ស៊ី​បន្ទាប់​ពី​អវត្តមាន​នៅ G-7
អធិការបតី​អាល្លឺម៉ង់ Angela Merkel (ឆ្វេង) ជួប​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin (ស្តាំ) និង​ប្រធានាធិតបតី​អ៊ុយក្រែន​ជាប់​ឆ្នោត​ថ្មី ​Petro Poroshenko
អធិការបតី​អាល្លឺម៉ង់ Angela Merkel (ឆ្វេង) ជួប​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin (ស្តាំ) និង​ប្រធានាធិតបតី​អ៊ុយក្រែន​ជាប់​ឆ្នោត​ថ្មី ​Petro Poroshenko

លោក​ប្រធានាធិបតី​ រុស្ស៊ី​ Vladimir​ Putin​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ធ្វើ​កិច្ច​ចរចា​ទល់​មុខ​គ្នា​ជា​លើក​ទី​មួយ​ជា​មួយ​មេដឹកនាំ​បស្ចឹម​ប្រទេស​ ចាប់​តាំង​ពី​មាន​វិបត្តិ​នៅ​ប្រទេស​អ៊ុយក្រែន​មក​ ក្នុង​ពេល​ដែល​ប្រមុខរដ្ឋ​ទាំង​នោះ​បាន​ជួប​ជុំ​គ្នា​នៅ​ប្រទេស​បារាំង​ ដើម្បី​ចូល​រួម​ក្នុង​ពិធី​រំលឹក​ឆ្នាំ​ខួប​ទី​ ៧០​នៃ​ទិវា​ D-Day​ នៅ​ថ្ងៃ​សុក្រ​នេះ។​

លោក​ Putin​ បាន​ជួប​ជា​មួយ​លោក​នាយក​រដ្ឋមន្រ្តី​ អង់គ្លេស​ David​ Cameron​ និង​លោក​ប្រធានាធិបតី​បារាំង​ Francois​ Hollande​ នៅ​ទី​ក្រុង​ ប៉ារីស ក្នុង​ពេល​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​លោក​ប្រធានាធិបតី​សរអា​ បារ៉ាក់​ អូបាម៉ា​ និង​សម្ព័ន្ធមិត្ត​បស្ចឹម​ប្រទេស​បាន​ជួប​ប្រជុំ​គ្នា​នៅ​ទី​ក្រុង​ព្រុចសែល (Brussels)​ ប្រទេស​បែលហ្ស៊ិក (Belgium)​ ដោយ​គ្មាន​វត្តមាន​របស់​ប្រទេស​ រុស្ស៊ី​ជា​លើក​ទី​មួយ​ក្នុង​ពេល​២​ទសវត្សរ៍​កន្លង​ទៅ​នេះ។​

មេ​ដឹកនាំ​នៃ​ក្រុម​ G-7​ បាន​ប្រើ​កិច្ច​ប្រជុំ​នេះ​ដើម្បី​ផ្តន្ទាទោស​ក្រុង​មូស្គូ​អំពី​ការ​គាំទ្រ​ការ​បះបោរ​របស់​ក្រុម​បំបែក​ខ្លួន​ចេញ​ដែល​ទ្រទ្រង់​ប្រទេស​ រុស្ស៊ី​ នៅ​ក្នុង​ប្រទេស​ អ៊ុយក្រែន​ភាគ​ខាង​កើត។​

ក្រោយ​មក​ លោក​ អូបាម៉ា​ បាន​អំពាវនាវ​ឲ្យ​ក្រុង​មូស្គូ​ធ្វើ​ការ​ចរចា​ផ្ទាល់​ជា​មួយ​រដ្ឋាភិបាល​ដែល​ទើប​ជាប់​ឆ្នោត​ថ្មី​របស់​ប្រទេស​អ៊ុយក្រែន​ ហើយ​អំពាវនាវ​ឲ្យ​លោក​ Putin​ បញ្ឈប់​លំហូរ​នៃ​កង​ជីវពល​ប្រដាប់​អាវុធ​របស់​រុស្ស៊ី​ទៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ផង​ដែរ។
រូបថត​ឯកសារ៖ ទាហាន​សម្ព័ន្ធមិត្ត​ប្រុងប្រៀប​ឡើង​គោកនៅ​ថ្ងៃ​ទី​៦​ខែ​មិថុនា​ឆ្នាំ​១៩៤៤
រូបថត​ឯកសារ៖ ទាហាន​សម្ព័ន្ធមិត្ត​ប្រុងប្រៀប​ឡើង​គោកនៅ​ថ្ងៃ​ទី​៦​ខែ​មិថុនា​ឆ្នាំ​១៩៤៤

លោក​ពូទីន​ជួប​មេដឹកនាំ​អ៊ឺរ៉ុប
លោក​ប្រធានាធិតបី​រុស្ស៊ី​ Vladimir Putin​ បាន​ជួប​បន្ត​ជា​មួយ​មេ​ដឹកនាំ​បស្ចឹម​ប្រទេស​នៅ​ថ្ងៃ​សុក្រ​នេះ​ ដើម្បី​ពិភាក្សា​អំពី​មុខនាទី​របស់​ក្រុង​មូស្គូ​នៅ​ក្នុង​ការ​បះ​បោរ​នៅ​ប្រទេស​ អ៊ុយក្រែន។​

លោក​ Putin​ បាន​ជួប​ជា​មួយ​លោក​ស្រី​អធិការបតី​អាឡឺម៉ង់​ Angela​ Merkel​ នៅ​ក្នុង​ប្រទេស​ បារាំង​ភាគ​ខាង​ជើង​នៅ​ក្រៅ​ពិធី​រំលឹក​ឆ្នាំ​ខួប​ទី​៧០​ នៃ​ទិវា​ D-Day។​

មួយ​ថ្ងៃ​មុន​នេះ​ លោក​បាន​ជួប​ជា​មួយ​លោក​នាយករដ្ឋមន្រ្តី​អង់គ្លេស​ David​ Cameron​ និង​លោក​ប្រធានាធិបតី​បារាំង​ Francois​ Hollande។​

ពិធី​រំលឹក​បុណ្យ​ខួប​នៅ​ឆ្នេរ​សមុទ្រ​ Normandie​ ប្រទេស​បារាំង​ បាន​ប្រមូល​ផ្តុំ​មេ​ដឹកនាំ​ពិភពលោក​មួយ​ចំនួន​ធំ​ដែល​មាន​ភាគ​ច្រើន​បាន​អំពាវនាវ​ឲ្យ​ក្រុង​មូស្គូ​ឈប់​គាំទ្រ​ការ​បះបោរ​របស់​ក្រុម​បំបែក​ខ្លួន​ដែល​គាំទ្រ​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ភាគ​ខាង​កើត។​

អំពើ​ហិង្សា​បាន​កើត​មាន​ជា​ថ្មី​ទៀត​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍។​ មន្រ្តី​នៅ​ទី​ក្រុង​គៀវ (Kyiv)​ បាន​និយាយ​ថា​មាន​ពួក​ឧទ្ទាម​១៥​នាក់​ស្លាប់ក្នុង​ការ​វាយ​ប្រយុទ្ធ​នៅ​ជិត​ព្រំដែន​ជាមួយ​ប្រទេស​រុស្ស៊ី៕
XS
SM
MD
LG