លោក Ash Carter រដ្ឋមន្រ្តីការពារប្រទេសសហរដ្ឋអាមេរិក មានប្រសាសន៍ថា លោកយល់ថា សម្តីប្រធានាធិបតីប្រទេសហ្វីលីពីនដែលប្រៀបប្រដូចរូបលោកទៅនឹង Adolf Hitler មេដឹកនាំ Nazi ថាជាការរំខានបំផុតមួយ។
ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅកោះហាវ៉ៃបន្ទាប់ពីជំនួបជាមួយរដ្ឋមន្រ្តីការពារប្រទេសសមាគមអាស៊ាន លោករដ្ឋមន្រ្តីការពារប្រទេស Carterបានមានប្រសាសន៍ថា អត្ថាធិប្បាយកាលពីពេលថ្មីៗនេះរបស់លោក Rodrigo Duterte ប្រធានាធិបតីនៃប្រទេសហ្វីលីពីនហើយនឹងសកម្មភាពភាពនៅក្នុងប្រទេស មិនបានពិភាក្សាក្នុងជំនួបកាលពីថ្ងៃសុក្រទេ ដូច្នេះ នេះជាទស្សនៈរបស់ប្រធានាធិបតីនោះ។
កាលពីថ្ងៃសុក្រ ប្រធានាធិបតីហ្វីលីពីន Duterte បានភ្ជាប់ខ្លួនលោកទៅនឹងមេដឹកនាំ Nazi ដោយនិយាយថា Hitler បានសម្លាប់អំបូរជនជាតិយូដា៣លាននាក់។ ឥឡូវនេះ មានអ្នកប្រើប្រាស់ថ្នាំញៀន៣លាននាក់ ខ្ញុំសប្បាយនឹងសម្លាប់ពួកគេណាស់។
ប៉ូលិសហ្វីលីពីនបានសម្លាប់មនុស្សយ៉ាងតិចណាស់ក៏៣ពាន់នាក់ដែរពីបទប្រើប្រាស់ថ្នាំញៀននិងការលក់ដូរថ្នាំញៀនចាប់តាំងពីលោក Duterte បានចូលកាន់ដំណែងនៅចុងខែមិថុនាមក។
អត្ថាធិប្បាយរបស់លោកបានត្រូវបានទទួលការថ្កោលទោសពីក្រុមយូដាអាមេរិកាំងថាមិនត្រឹមត្រូវនិងប្រមាថមើលងាយ។
នៅក្នុងព្រឹត្តិការណ៍មួយទៀត លោករដ្ឋមន្រ្តីការពារប្រទេសអាមេរិក បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា ទំនាក់ទំនងខាងយោធារវាងសហរដ្ឋអាមេរិកនិងហ្វីលីពីនមិនប្រែប្រួល ថ្វីបើមានការថ្លែងកាលពីពេលថ្មីៗនេះរបស់ប្រធានាធិបតីហ្វីលីពីនថា កងទ័ពពិសេសរបស់សហរដ្ឋអាមេរិកនៅឯទីតាំងហ្វីលីពីន ត្រូវតែចាកចេញក៏ដោយ៕