អ្នកការទូតជាន់ខ្ពស់ម្នាក់របស់កូរ៉េខាងជើង និយាយថា ឱកាសនៃការធ្វើឲ្យមានទំនាក់ទំនងជាប្រក្រតីភាពឡើងវិញជាមួយសហរដ្ឋអាមេរិកកំពុងកាន់តូចទៅៗជារៀងរាល់ថ្ងៃ។
លោក Cho Chol Su បាននិយាយកាលពីថ្ងៃសុក្រថា កូរ៉េខាងជើងរំពឹងថា សហរដ្ឋអាមេរិកនឹងចាត់វិធានការកាន់តែច្រើនលើងថែមទៀតដើម្បីធ្វើឲ្យមានទំនាក់ទំនងប្រក្រតីឡើងវិញនៅចុងឆ្នាំនេះ។
លោក Cho បាននិយាយនៅឯសន្និសីទអន្តរជាតិស្តីពីការមិនរីកសាយអាវុធនុយក្លេអ៊ែរក្នុងទីក្រុងមូស្គូថា៖ «យើងបានផ្តល់ពេលវេលាយ៉ាងច្រើនដល់សហរដ្ឋអាមេរិក ហើយយើងកំពុងរង់ចាំចម្លើយនៅចុងឆ្នាំនេះ»។
លោកបាននិយាយទៀតថា ប្រសិនបើ សហរដ្ឋអាមេរិកមិនចាត់វិធានការដើម្បីជួបយើងទេ មិនកាត់បន្ថយគំនុំ ការណ៍នេះនឹងក្លាយជាកំហុសដ៏ធំមួយ»។
លោក Cho ជាប្រធាននាយកដ្ឋានកិច្ចការអាមេរិកខាងជើងរបស់ក្រសួងការបរទេសកូរ៉េខាងជើង។
អត្ថាធិប្បាយរបស់លោកធ្វើឡើងមួយថ្ងៃ បន្ទាប់ពីលោក Kwon Jong Gun ជាឯកអគ្គរដ្ឋទូតគោលចរណ៍របស់កូរ៉េខាងជើងនិយាយថា សមយុទ្ធយោធាដែលគ្រោងទុករវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង នឹងធ្វើឲ្យការចរចានុយក្លេអ៊ែរមិនបានទទួលជោគជ័យ។ លោក Kwonបាននិយាយទៀតថា ការចរចានុយក្លេអ៊ែររវាងកូរ៉េខាងជើងនិងសហរដ្ឋអាមេរិកជាការមិនស្មោះត្រង់។
ការទូតនុយក្លេអ៊ែរ ភាគច្រើនបានត្រូវជាប់គាំងចាប់តាំងពីជំនួបកំពូលរវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅក្នុងខែកុម្ភៈមក៕