ប្រទេសកូរ៉េខាងជើងបានព្រមានកាលពីថ្ងៃសៅរ៍ថា ខ្លួននឹងឆ្លើយតបប្រសិនបើសហរដ្ឋអាមេរិកធ្វើសមយុទ្ធយោធារួមនៅខែក្រោយជាមួយកូរ៉េខាងត្បូង ដោយអះអាងថា សមយុទ្ធនេះនឹងរារាំងទំនាក់ទំនងរវាងកូរ៉េទាំងពីរ។
ទំនាក់ទំនងនេះ នឹងចេញលទ្ធផលយ៉ាងណាៗនៅពេលសមយុទ្ធ ដែលត្រូវបានពន្យារពេលសម្រាប់កីអូឡាំពិករដូវរងារនៅកូរ៉េខាងត្បូងនោះ ចាប់ផ្តើមនៅចុងខែមីនា ឬដើមខែមេសា។ ទីប្រឹក្សាសន្តិសុខប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយនៅសប្តាហ៍នេះថា សមយុទ្ធរួមគ្នានេះនឹងចាប់ផ្តើមនៅដើមខែមេសា។ នេះបើយោងតាមភ្នាក់ងារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង។
ប្រទេសកូរ៉េខាងជើងដែលមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ បាននិយាយម្តងហើយម្តងទៀតថា សមយុទ្ធនេះគឺជាការគំរាមកំហែងមួយ។ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើងនិយាយថា «ប្រសិនបើសហរដ្ឋអាមេរិកនៅតែធ្វើសមយុទ្ធយោធារួមគ្នាខណៈរក្សាការដាក់ទណ្ឌកម្មលើកូរ៉េខាងជើងនោះ នោះកូរ៉េខាងជើងនឹងប្រឆាំងសហរដ្ឋអាមេរិកតាមវិធីរបស់កូរ៉េខាងជើង ហើយសហរដ្ឋអាមេរិកនឹងត្រូវទទួលខុសផលវិបាកដែលកើតមាន»។
សហរដ្ឋអាមេរិកបានប្រកាសនៅថ្ងៃទី២៣ ខែកុម្ភៈថា ខ្លួនបានដាក់ទណ្ឌកម្មធំបំផុតទៅលើកូរ៉េខាងជើងនៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដាក់សម្ពាធឱ្យប្រទេសនេះបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរនិងមីស៊ីលរយៈចម្ងាយឆ្ងាយ។
កូរ៉េខាងត្បូងគ្រោងនឹងបញ្ជូនបេសកជនពិសេសទៅកាន់ប្រទេសកូរ៉េខាងជើងតាមការអញ្ជើញរបស់មេដឹកនាំកូរ៉េខាងជើងគឺលោក គីម ជុងអ៊ុន គឺដូចដែលលោក Moon Jae-in ប្រធានាធិបតីកូរ៉េខាងត្បូងបានប្រាប់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ តាមទូរស័ព្ទ៕