ប្រទេសកូរ៉េខាងជើងបានបញ្ជាក់ថា ការដាក់ទណ្ឌកម្មថ្មីចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិកមកលើខ្លួនគឺជា «ទង្វើបង្កសង្គ្រាម»។
សេចក្ដីប្រកាសដែលផ្សាយដោយទីភ្នាក់ងារព័ត៌មាន KCNA របស់កូរ៉េខាងជើង បានចោទប្រកាន់សហរដ្ឋអាមេរិកថាបានបង្កើនភាពតានតឹងលើឧបទ្វីបកូរ៉េ និងបានបញ្ជាក់ថា កូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរគឺដើម្បីទប់ទល់ជាមួយនឹងការគំរាមកំហែងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនតែប៉ុណ្ណោះ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រកាសកាលពីថ្ងៃសុក្រកន្លងទៅនេះអំពីការដាក់បណ្ដុំទណ្ឌកម្ម «ដ៏ធំបំផុតមិនដែលមានពីមុនមក» ប្រឆាំងនឹងកូរ៉េខាងជើង និងបានព្រមានថានឹងដាក់ទណ្ឌកម្ម «ដំណាក់កាលទីពីរ» ប្រសិនបើវិធានការទីមួយមិនមានប្រសិទ្ធភាព។
ការដាក់ទណ្ឌកម្មនេះសំដៅលើបុគ្គលម្នាក់ ក្រុមហ៊ុនចំនួន ២៧ និងកប៉ាល់ ២៨ គ្រឿង ដែលចុះបញ្ជីនៅក្នុងប្រទេសចិន និងនៅក្នុងប្រទេសចំនួន ៧ ផ្សេងទៀត ក្នុងគោលបំណងដើម្បីកាត់បន្ថយការដឹកជញ្ជូន និងការធ្វើពាណិជ្ជកម្មខុសច្បាប់របស់ប្រទេសកូរ៉េខាងជើង។ ទណ្ឌកម្មទាំងនេះរារាំងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនទាំងនោះនៅក្នុងសហរដ្ឋអាមេរិក និងហាមឃាត់ពលរដ្ឋអាមេរិកាំងមិនឲ្យមានទំនាក់ទំនងជាមួយនឹងក្រុមហ៊ុនទាំងនោះ។
ប្រសិទ្ធភាពរបស់ទណ្ឌកម្មថ្មីទាំងនេះគឺអាស្រ័យលើថាតើទណ្ឌកម្មទាំងនេះអាចត្រូវគេអនុវត្តបានជោគជ័យដែរឬក៏យ៉ាងណា។ សហរដ្ឋអាមេរិកមានឥទ្ធិពលតិចតួចប៉ុណ្ណោះលើក្រុមហ៊ុនដឹកជញ្ជូនភាគច្រើនដែលពាក់ព័ន្ធនៅក្នុងការជួយប្រទេសកូរ៉េខាងជើងឲ្យគេចពីការដាក់ទណ្ឌកម្មនានា។ នេះបើតាមការបញ្ជាក់របស់លោក Gary Samore អតីតអ្នកសម្របសម្រួលផ្នែកគ្រប់គ្រងកាំភ្លើង និងអាវុធប្រល័យលោកនៃសេតវិមាន៕