ប្រទេសចិនកាលពីថ្ងៃសៅរ៍បានឆ្លើយតបយ៉ាងខឹងសម្បាទៅលើការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកទៅលើកូរ៉េខាងជើង ដែលការណ៍នេះបង្ហាញពីភាពផ្ទុយគ្នារវាងប្រទេសទាំងពីរនៅក្នុងកិច្ចខំប្រឹងប្រែងដើម្បីបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ និងកាំជ្រួញម៉ីស៊ីលផ្លោងឆ្លងទ្វីបរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្របានប្រកាសពីអ្វីដែលលោកហៅថាជាការ«ដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុតមិនដែលមានពីមុនមក» ប្រឆាំងនឹងកូរ៉េខាងជើង និងបានគំរាមកំហែងពីការដាក់ទណ្ឌកម្មនៅក្នុងដំណាក់កាលទី២ ប្រសិនបើមិនទទួលបានផលនៅក្នុងពេលនេះ។
ការដាក់ទណ្ឌកម្មនេះបានដាក់ទៅលើ បុគ្គលម្នាក់ ក្រុមហ៊ុនចំនួន២៧ និងវានាចំនួន២៨គ្រឿង ដែលបានចុះបញ្ជីនៅក្នុងប្រទេសចិន និងក្នុងប្រទេសចំនួន៧ផ្សេងទៀត ក្នុងគោលបំណងកាត់ផ្តាច់ការដឹកជញ្ជូនខុសច្បាប់ និងពាណិជ្ជកម្មរបស់កូរ៉េខាងជើង។ សហរដ្ឋអាមេរិកបានរាំងខ្ទប់ទ្រព្បសម្បត្តិរបស់ក្រុមហ៊ុនទាំងនោះនៅក្នុងសហរដ្ឋអាមេរិក និងបានហាមឃាត់មិនឲ្យពលរដ្ឋអាមេរិកាំងធ្វើជំនួញរកស៊ីជាមួយនឹងក្រុមហ៊ុនទាំងនេះ។
ក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍មួយដោយបាននិយាយថា រដ្ឋាភិបាលក្រុងប៉េកាំង«ប្រឆាំងយ៉ាងម៉ឺងម៉ាត់»ទៅលើទណ្ឌកម្មឯកតោភាគីរបស់សហរដ្ឋអាមេរិក និងបានប្តេជ្ញាថានឹង«ធ្វើការដោះស្រាយបញ្ហានេះយ៉ាងខ្លាំងក្លា»អនុលោមតាមច្បាប់។ ក្រសួងក៏បានទាមទារឲ្យសហរដ្ឋអាមេរិកដកទណ្ឌកម្មទាំងនេះចេញជាបន្ទាន់ ដើម្បីជៀសវាងកុំឲ្យមានការប៉ះពាល់ដល់វិស័យពាក់ព័ន្ធផ្សេងទៀតនៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី។
សេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍ គឺជាការឆ្លើយតបចុងក្រោយបំផុតរបស់ចិននៅក្នុងការរិះគន់ជាបន្តបន្ទាប់ទៅលើការដាក់ទណ្ឌកម្មនានាប្រឆាំងនឹងកូរ៉េខាងជើង ដែលមិនស្របតាមក្របខ័ណ្ឌការងាររបស់អង្គការសហប្រជាជាតិ៕