ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបង្ហាញឆន្ទៈដើម្បីពិភាក្សាជាមួយកូរ៉េខាងជើង ប៉ុន្តែនៅ «ក្រោមលក្ខខណ្ឌសមស្រប» ខណៈព្រមានថាប្រសិនបើទីក្រុងព្យុងយ៉ាងមិនបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ និងកាំជ្រួញម៉ីស៊ីលផ្លោងឆ្លងទ្វីប របស់ខ្លួននោះទេ នឹងមានការបាត់បង់ «អាយុជីវិតមនុស្ស ដែលគ្មានអ្នកណាអាចគិតដល់ និងមិនដែលគិតដល់នោះ»។
លោក Trump បាននិយាយកាលពីថ្ងៃចន្ទនៅក្នុងកិច្ចប្រជុំជាមួយអភិបាលរដ្ឋនានា នៅឯសេតវិមាន ដោយលោកបានបញ្ជាក់ពីឆន្ទៈចរចាបស់កូរ៉េខាងជើងនៅប៉ុន្មានថ្ងៃថ្មីៗនេះ តាមរយៈប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in ថា «ពួកគេចង់ចរចា» ជាមួយនឹងសហរដ្ឋអាមេរិក។
លោកប្រធានាធិបតីបានប្រកាសថានឹងត្រូវធ្វើអ្វីម៉្យាងដើម្បីលុបបំបាត់ការគំរាមកំហែងដល់សហរដ្ឋអាមេរិក និងប្រទេសជាសម្ព័ន្ធមិត្តពីសំណាក់អាវុធប្រល័យលោករបស់កូរ៉េខាងជើងដោយលោកបាននិយាយថា «យើងនឹងរង់ចាំមើលថានឹងមានអ្វីកើតឡើង»។ លោក Scott Snyder អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់ពីបញ្ហាកូរ៉េនៅឯក្រុមប្រឹក្សាទំនាក់ទំនងការបរទេសបានថ្លែងថា «ទាំងលោក Trump និងលោក Kim Yong-Chul ឧត្តមសេនីយ៍និងជាប្រធានចារកម្មកូរ៉េខាងជើង បានបង្ហាញពីឆន្ទៈចរចាគ្នានេះ»។ ប៉ុន្តែមិនទាន់មានការឯកភាពគ្នាអំពីអ្វីដែលភាគីទាំងពីរត្រូវចរចាគ្នានៅឡើយទេ៕