ក្រុមឃ្លាំមើលមួយប្រាប់ឲ្យដឹងថា រូបភាពតាមផ្កាយរណបបង្ហាញពីភាពប្រសើរឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលថ្មីៗនេះនៅឯកន្លែងស្រាវជ្រាវនុយក្លេអ៊ែរមួយរបស់ប្រទេសកូរ៉េខាងជើង។
ក្រុម 38 North ដែលឃ្លាំមើលព្រឹត្តិការណ៍ខាងយោធា សេដ្ឋកិច្ច សង្គមនិងព្រឹត្តិការណ៍ផ្សេងៗទៀតក្នុងប្រទេសកូរ៉េខាងជើងបានប្រាប់ឲ្យដឹងនៅក្នុងរបាយការណ៍មួយកាលពីថ្ងៃពុធថា រូបភាពដែលថតមកពីអាកាសកាលពីថ្ងៃទី២១ ខែមិថុនា បានបង្ហាញថាកូរ៉េខាងជើងបានធ្វើឲ្យប្រសើរឡើងនូវមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្រ្តនុយក្លេអ៊ែររបស់ខ្លួន។
របាយការណ៍នោះបានចេញផ្សាយទើបតែ២សប្តាហ៍បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានចុះហត្ថលេខាលើសេចក្តីប្រកាសដើម្បីធ្វើមិនឲ្យមានអាវុធនុយក្លេអ៊ែរបន្ទាប់ពីជំនួបកំពូលជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ។របាយការណ៍នោះបានបង្កើនសំណួរអំពីថាតើ គីម ជុងអ៊ុន បានចាត់វិធានការដើម្បីបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងចាត់តាំងពីជំនួបកំពូលថ្ងៃទី១២ ខែមិថុនា មកដែរឬទេ។
បណ្តាញទូរទស្សន៍ NBC News បានដកស្រង់សម្តីមន្រ្តីមិនប្រាប់អត្តសញ្ញាណ៥នាក់របស់អាមេរិកយកមករាយការណ៍កាលពីថ្ងៃសុក្រថា ទីភ្នាក់ងារស៊ើបយកការណ៍របស់សហរដ្ឋអាមេរិកជឿជាក់ថា កូរ៉េខាងជើងបានបង្កើនផលិតផលការសម្រិតសម្រាំងជាតិអ៊ុយរ៉ាញ៉ូមសម្រាប់ធ្វើអាវុធនុយក្លេអ៊ែរនៅឯកន្លែងសម្ងាត់ជាច្រើនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ បណ្តាញទូរទស្សន៍នោះបានរាយការណ៍ថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងអាចព្យាយាមលាក់កម្មវិធីនោះនៅពេលដែលខ្លួនស្វះស្វែងរកសម្បទាននៅក្នុថងការចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក៕