ការទទូចរបស់សហរដ្ឋអាមេរិកឲ្យមានការលុបបំបាត់ទាំងស្រុងនូវអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើងអាចប៉ះពាល់ដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិក ស្របពេលដែលសម្ពាធនយោបាយកំពុងតែកើនឡើងដើម្បីធ្វើឲ្យការលុបបំបាត់នុយក្លេអ៊ែរនេះវិវត្តន៍ទៅមុខកាន់តែឆាប់។ នេះបើតាមការបញ្ជាក់របស់អ្នកវិភាគនានា។
អ្នកស្រី Rebecca Hersman ដែលជាប្រធានគម្រោងបញ្ហានុយក្លេអ៊ែរ និងជាទីប្រឹក្សាផ្នែកសន្តិសុខអន្តរជាតិនៃមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ CSIS នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បាននិយាយថា៖ «តាមពិត វិធានការនេះបង្កើតឲ្យមានការលើកទឹកចិត្តផ្ទុយមកវិញនៅក្នុងការកាត់បន្ថយទំហំ និងការប៉ាន់ប្រមាណលើបញ្ហានេះ»។
អ្នកស្រីបានថ្លែងដូច្នេះកាលពីពេលថ្មីនេះនៅក្នុងអំឡុងពេលវេទិការបស់អង្គការ CSIS ដែលធ្វើការវាយតម្លៃទៅលើជំនួបកំពូលនៅក្នុងប្រទេសសិង្ហបុរីរវាងប្រធានាធិបតីអាមេរិកលោក Donald Trump និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un។
ការប្ដេជ្ញាមិនច្បាស់លាស់
មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានបញ្ជាក់អះអាងជាថ្មីអំពីការប្ដេជ្ញារបស់លោកចំពោះការលុបបំបាត់ទាំងស្រុងនូវអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ នៅពេលដែលលោកបានជួបប្រជុំជាមួយនឹងប្រធានាធិបតីអាមេរិកលោក Donald Trump នៅក្នុងប្រទេសសិង្ហបុរីកាលពីពេលថ្មីៗនេះ។
ទាំងសហរដ្ឋអាមេរិក ទាំងប្រទេសកូរ៉េខាងត្បូង និងទាំងប្រទេសជប៉ុនសុទ្ធតែបានបកស្រាយការប្ដេជ្ញារបស់លោក Kim Jong Un ថាជាការលុបបំបាត់ទាំងស្រុងនូវអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងដែលមិនអាចកែប្រែបាន និងអាចផ្ទៀងផ្ទាត់បាន។
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung Wha បាននិយាយកាលពីថ្ងៃទី ២០ ខែមិថុនាកន្លងទៅនេះថា៖ «ការលុបបំបាត់ទាំងស្រុងនូវអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងគឺជាគោលបំណងដែលត្រូវធ្វើឲ្យបានសម្រេច។ ខ្ញុំគិតថា ការណ៍ដែលអាចផ្ទៀងផ្ទាត់បាន និងមិនអាចកែប្រែបាននូវការលុបបំបាត់អាវុធនុយក្លេអ៊ែរនេះគឺជាវិធីសាស្ត្រដើម្បីធ្វើឲ្យបានសម្រេចនូវគោលបំណងនេះ។ ដូច្នេះ កិច្ចការដែលត្រូវធ្វើនៅពេលឥឡូវនេះគឺវិធីពន្យល់អំពីវិធីសាស្ត្រនេះដើម្បីសម្រេចឲ្យបាននូវគោលបំណងនេះ»។
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនក៏បានសច្ចាផងដែរថានឹងនៅរក្សាការដាក់សម្ពាធអន្តរជាតិប្រឆាំងនឹងប្រទេសកូរ៉េខាងជើងរហូតទាល់តែមាន «ដំណើរវិវឌ្ឍទៅមុខដ៏សំខាន់» មួយត្រូវបានធ្វើឡើងដើម្បីឈានទៅដល់ការសម្រេចបាននូវគោលបំណងលុបបំបាត់អាវុធនុយក្លេអ៊ែរនេះ។
ផ្ទុយមកវិញ រដ្ឋាភិបាលក្រុងព្យុងយ៉ាងចង់បាននូវវិធានការមួយជំហានម្ដងៗដែលភ្ជាប់ការធ្វើសម្បទានទៅនឹងដំណើរវិវឌ្ឍទៅមុខបន្តិចម្ដងៗ។
សម្ពាធនយោបាយ
វិធីសាស្ត្រលុបបំបាត់ទាំងស្រុងនូវអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងដែលមិនអាចកែប្រែបាន និងអាចផ្ទៀងផ្ទាត់បាននេះ ទំនងជាមានលក្ខណៈទូលំទូលាយ ប៉ុន្តែសម្ពាធនយោបាយអាចជំរុញឲ្យសហរដ្ឋអាមេរិកកំណត់អំពីភាពជោគជ័យនៅក្នុងវិធីមួយដែលមានកម្រិត ដើម្បីទទួលបាននូវជ័យជម្នះដ៏រំជើបរំជួលមួយ។
ការកំណត់ភាពជោគជ័យនេះប្រហែលជាធ្វើឡើងតាមរយៈការលុបបំបាត់ចំនួនកំណត់មួយចំនួននៃអាវុធនុយក្លេអ៊ែរ និងទីតាំងនុយក្លេអ៊ែររបស់កូរ៉េខាងជើងដែលបានប្រកាសឲ្យដឹងកន្លងមក ដែលចំនួននេះមិនស្មើនឹងសមត្ថភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើងដែលមិនបានបង្ហាញឡើងនោះទេ។
លោក Moon Chung In ទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In បាននិយាយថា៖ «ប្រសិនបើប្រទេសកូរ៉េខាងជើងលះបង់ក្បាលគ្រាប់នុយក្លេអ៊ែរនៅក្នុងដំណាក់កាលដំបូងៗ នោះខ្ញុំជឿថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងមានលទ្ធភាពអនុម័តសេចក្ដីសម្រេចមួយដើម្បីដកទណ្ឌកម្ម ឬក៏លុបចោលទណ្ឌកម្មមួយចំនួនដែលដាក់លើប្រទេសកូរ៉េខាងជើងកន្លងមក»។
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump កំពុងដាក់សម្ពាធឲ្យប្រទេសកូរ៉េខាងជើងលុបបំបាត់អាវុធនុយក្លេអ៊ែរឲ្យបានឆាប់ ដែលករណីនេះអាចជួយឲ្យគណបក្សសាធារណរដ្ឋរបស់លោកឈ្នះនៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកាខាងមុខនេះ ឬក៏ជួយឲ្យលោកអាចជាប់ឆ្នោតជាប្រធានាធិបតីម្ដងទៀតនៅក្នុងការបោះឆ្នោតឆ្នាំ ២០២០។
រដ្ឋាភិបាលរបស់លោក Kim Jong Un ក៏ចង់បានផងដែរឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអនុម័តសេចក្ដីសម្រេចមួយឲ្យបានឆាប់ដើម្បីបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ចដ៏តឹងតែងនានាដែលបានរារាំងការធ្វើពាណិជ្ជកម្មរបស់ខ្លួនចំនួន ៩០ ភាគរយ។
ដំណើរការមួយជំហានម្ដងៗប្រហែលជាអាចផ្ដល់នូវការលើកទឹកចិត្តបន្តិចម្ដងៗដើម្បីទទួលបាននូវលទ្ធផលដែលមិនសូវរំជើបរំជួលមួយ ប៉ុន្តែក៏អាចត្រូវបានប្រើប្រាស់ផងដែរដើម្បីធ្វើឲ្យប្រទេសកូរ៉េខាងជើងមានការទទួលខុសត្រូវរហូតទាល់តែមានការធានាថា ប្រទេសនេះគោរពតាមដំណើរការនេះ។
អ្នកស្រី Rebecca Hersman ទីប្រឹក្សារបស់អង្គការ CSIS ដែលធ្លាប់បានធ្វើការលើផ្នែកប្រឆាំងនឹងអាវុធប្រល័យលោកនៃក្រសួងការបរទេសអាមេរិកនៅក្នុងសម័យលោក Barack Obama ធ្វើជាប្រធានាធិបតី បាននិយាយថា៖ «ខ្ញុំចង់មើលលើដំណើរការមួយជំហានម្ដងៗនេះ និងចង់និយាយថា ខ្ញុំមិនទុកចិត្តប្រទេសកូរ៉េខាងជើងទេ។ ខ្ញុំចង់កាត់បន្ថយហានិភ័យនោះ។ ខ្ញុំចង់កាត់បន្ថយអ្វីដែលកូរ៉េខាងជើងធ្វើចំពោះសហរដ្ឋអាមេរិក និងចំពោះសម្ព័ន្ធមិត្តរបស់អាមេរិក។ ហើយខ្ញុំនឹងមិនជឿលើប្រទេសកូរ៉េខាងជើងនោះទេ រហូតទាល់តែខ្ញុំអាចជឿថា ស្ថានការណ៍នយោបាយសំខាន់ៗ និងស្ថានភាពនៃរបបដឹកនាំរបស់ប្រទេសកូរ៉េខាងជើងបានផ្លាស់ប្ដូរ»។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo មានគម្រោងជួបជាមួយនឹងមន្ត្រីរដ្ឋាភិបាលកូរ៉េខាងជើង «ក្នុងពេលឆាប់ៗខាងមុខនេះ» ដើម្បី «អនុវត្តលទ្ធផលនៃកិច្ចប្រជុំកាលពីពេលថ្មីៗនេះនៅក្នុងប្រទេសសិង្ហបុរីរវាងមេដឹកនាំនៃប្រទេសទាំងពីរ»។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងការបរទេសអាមេរិកកាលពីថ្ងៃទី ២១ ខែមិថុនា។
អ្នកវិភាគភាគច្រើនរំពឹងថា ការពិភាក្សាជុំបន្ទាប់នឹងបង្កើតឲ្យមានគម្រោងលម្អិតមួយដើម្បីសម្រេចទៅលើការប្រកាសដោយមិនច្បាស់លាស់អំពីគោលបំណងដែលបានធ្វើឡើងនៅឯកិច្ចប្រជុំនៅក្នុងប្រទេសសិង្ហបុរីនោះ ដោយចាប់ផ្ដើមជាមួយនឹងការផ្ដោតទៅលើប្រព័ន្ធអាវុធ វត្ថុធាតុដើម បច្ចេកវិទ្យា និងរោងចក្រផលិតនុយក្លេអ៊ែរ ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
គេបានប៉ាន់ប្រមាណថា ប្រទេសកូរ៉េខាងជើងមានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែលពី ២០ ទៅ ៦០ គ្រាប់ និងគ្រាប់ផ្លោងមីស៊ីលជាច្រើនដែលក្នុងនោះមានទាំងគ្រាប់ផ្លោងមីស៊ីលឆ្លងទ្វីបដែលទំនងជាអាចវាយប្រហារលើដែនដីសហរដ្ឋអាមេរិកបានផងដែរ ក៏ដូចជាមន្ទីរពិសោធន៍ និងរោងចក្រផលិតនុយក្លេអ៊ែរលួចលាក់ប្រហែលពី ៤០ ទៅ ១០០កន្លែងផងដែរ។ នេះបើយោងតាមរបាយការណ៍របស់អង្គការ RAND Corporation។
លោក Trump បាននិយាយកាលពីថ្ងៃទី ២១ ខែមិថុនាថា ប្រទេសកូរ៉េខាងជើងបានបំផ្ទុះកន្លែងសាកល្បងអាវុធនុយក្លេអ៊ែរធំៗរបស់ខ្លួនចំនួន ៤ កន្លែងរួចហើយ ហើយ «ការលុបបំបាត់ទាំងស្រុងនូវអាវុធនុយក្លេអ៊ែរ» បានចាប់ផ្ដើមដំណើរការហើយ។
ប៉ុន្តែ រដ្ឋមន្ត្រីក្រសួងការពារប្រទេសសហរដ្ឋអាមេរិកលោក Jim Mattis បាននិយាយថា លោក «មិនបានដឹង» អំពីវិធានការលុបបំបាត់អាវុធនុយក្លេអ៊ែរណាមួយរបស់ប្រទេសកូរ៉េខាងជើងនៅពេលនេះនោះទេ។
ជាងនេះទៅទៀត អង្គការ 38 North ដែលជាអង្គការមួយធ្វើការតាមដានលើកិច្ចការកូរ៉េខាងជើង ដែលមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក បានបញ្ជាក់កាលពីពេលថ្មីៗនេះថា មិនមានសញ្ញានៃសកម្មភាពណាមួយដែលធ្វើឡើងសំដៅឆ្ពោះទៅការលុបបំបាត់កន្លែងសាកល្បងមីស៊ីលណាមួយផ្សេងទៀតនៅក្នុងប្រទេសកូរ៉េខាងជើងនោះទេ៕
ប្រែសម្រួលដោយ ភី សុភាដា