ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ៖ ជំហរ​តឹង​តែង​​របស់​អាមេរិក​ចំពោះ​ការដក​អាវុធ​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង​អាច​មាន​ផល​ប៉ះ​ពាល់


ក្រុម​អ្នក​កាសែត​មើល​ជុំវិញ​ផ្លូវ​ក្រោមដី​ទី​៣​ នៅ​កន្លែង​សាក​ល្បង​នុយក្លេអ៊ែរ​ Punggye-ri កាល​ពី​មុន​ពេល​កន្លែង​នេះ​ត្រូវ​បាន​កម្ទេច​ចោល នៅ​ខេត្ត​ Hamgyong ប្រទេស​កូរ៉េ​ខាង​ត្បូង។
ក្រុម​អ្នក​កាសែត​មើល​ជុំវិញ​ផ្លូវ​ក្រោមដី​ទី​៣​ នៅ​កន្លែង​សាក​ល្បង​នុយក្លេអ៊ែរ​ Punggye-ri កាល​ពី​មុន​ពេល​កន្លែង​នេះ​ត្រូវ​បាន​កម្ទេច​ចោល នៅ​ខេត្ត​ Hamgyong ប្រទេស​កូរ៉េ​ខាង​ត្បូង។

ការ​ទទូច​របស់​សហ​រដ្ឋអាមេរិក​ចំពោះ​ការ​ដក​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាង​ជើង​ទាំង​ស្រុង​អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ផល​ប្រយោជន៍​របស់​អាមេរិក​ នៅ​ពេល​ដែល​សម្ពាធ​នយោបាយ​កាន់​តែ​កើន​ឡើង ក្នុង​ជំរុញ​ឲ្យ​មាន​ការ​ជឿន​លឿន​លើ​ដំណើរ​ការ​នេះ។​

ក្នុង​វេទិកា​វាយ​តម្លៃ​នៅ​សប្តាហ៍​នេះ​អំពី​កិច្ច​ប្រជុំ​កំពូល​ប្រទេស​សិង្ហបុរី ​លោក​ស្រី​ Rebecca Hersman​ ប្រធាន​គម្រោង​បញ្ហា​នុយក្លេអ៊ែរ​និង​ជា​ទីប្រឹក្សា​សន្តិសុខ​អន្តរ​ជាតិ​នៃ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធ​សាស្រ្ត​ និង​អន្ដរជាតិ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ បាន​និយាយ​ថា៖ «វាពិត​ជា​បង្កើត​ការ​លើក​ទឹកចិត្ត​ប្រឆាំង​មក​វិញ​ដែល​មិន​គួរ​ឱ្យ​ជឿ ​ក្នុង​ការ​កាត់​បន្ថយ​ទំហំ​និង​ការប៉ាន់​ប្រមាណ​នៃ​បញ្ហា​នេះ»។​

មេដឹក​នាំកូរ៉េ​ខាង​ជើង​លោក​ គីម ជុងអ៊ុន ​បាន​អះអាង​បញ្ជាក់​ឡើង​វិញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​លោក​ចំពោះ​ការ​ដក​អាវុធ​នុយក្លេអ៊ែរ​ទាំង​ស្រុង​នៅ​ឧបទ្វីប​កូរ៉េ​ នៅ​ពេល​ដែល​លោក​បាន​ជួប​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក ​ដូណាល់ ត្រាំ ​នៅឯ​កិច្ច​ប្រជុំ​កំពូល​នៅ​សិង្ហបុរី​នា​ពេល​ថ្មីៗ​នេះ។ សហ​រដ្ឋអាមេរិក ​កូរ៉េខាង​ត្បូង​និង​ជប៉ុន​សុទ្ធ​តែ​បក​ស្រាយ​ការ​ប្តេជ្ញា​ចិត្ត​របស់​លោក​ គីម​ ជុងអ៊ុន​ ថា​លោក​យល់​ព្រម​រុះរើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាង​ជើង​ទាំង​ស្រុង​ដែល​អាច​ផ្ទៀង​ផ្ទាត់​បាន​និង​មិន​អាច​ធ្វើ​ឡើង​វិញ​បាន។ ​

លោកស្រី​ Kang Kyung-wha ​រដ្ឋមន្ត្រីការ​បរទេស​កូរ៉េខាង​ត្បូង​បាន​និយាយ​កាលពី​ថ្ងៃពុធ​ថា៖ «គោល​ដៅ​គឺ​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង។ ​ខ្ញុំ​គិត​ថា ​ការ​រុះរើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាង​ជើង​ទាំង​ស្រុង​ដែលអាច​ផ្ទៀង​ផ្ទាត់​បាន​និង​មិន​អាច​ធ្វើ​ឡើង​វិញ​បាន​គឺជា​វិធី​សាស្រ្ត​ដែល​សម្រេច​គោល​ដៅនេះ។ ​ដូច្នេះ​កិច្ចការ​បច្ចុប្បន្ន​នេះ​គឺការ​អនុវត្ត​វិធី​សាស្ត្រ​ដើម្បី​សម្រេច​គោល​ដៅ​នេះ»។​

សហ​រដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​ក៏​បាន​ប្តេជ្ញា​រក្សា​ការ​ដាក់​ទណ្ឌកម្ម​អន្តរជាតិ​ប្រឆាំង​នឹង​កូរ៉េខាង​ជើង​រហូត​ទាល់​តែ​មាន​«ការ​រីក​ចម្រើន​គួរឱ្យ​កត់​សម្គាល់»​ដើម្បី​សម្រេចគោលដៅ​គ្មាន​អាវុធ​នុយក្លេអ៊ែរ។​ផ្ទុយ​ទៅវិញ​ រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​ចង់​ឱ្យ​មា​នវិធីសាស្ដ្រ​មួយ​ជំហាន​ម្តងៗ ​រវាង​សម្បទាន​និង​ជំហាន​នៃ​ការ​រំសាយ​អាវុធ​នេះ៕

XS
SM
MD
LG