ប្រទេសកូរ៉េខាងជើងបានបាញ់គ្រាប់ផ្លោងមីស៊ីលរយៈចម្ងាយខ្លីមួយគ្រាប់ឆ្ពោះទៅដែនទឹកភាគខាងកើតរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍នេះ គឺក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយមកបន្ទាប់ពីប្រទេសនេះបានគំរាមឆ្លើយតបបែបយោធា «ឱ្យបានខ្លាំងក្លា» ចំពោះការពង្រឹងរបស់សហរដ្ឋអាមេរិកនូវការតាំងចិត្តផ្នែកសន្តិសុខរបស់ខ្លួនចំពោះប្រទេសកូរ៉េខាងត្បូងនិងជប៉ុន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
មីស៊ីលនេះបានបាញ់ចេញពីតំបន់ទីក្រុង Wonsan ជាប់មាត់សមុទ្រភាគខាងកើតប្រទេសកូរ៉េខាងជើងនៅវេលាម៉ោង ១០ និង ៤៨ នាទីព្រឹក និងបានធ្លាក់ចូលក្នុងដែនទឹកនៅចន្លោះឧបទ្វីបកូរ៉េនិងប្រទេសជប៉ុន។ នេះបើយោងតាមការបញ្ជាក់របស់ប្រទេសកូរ៉េខាងត្បូងនិងជប៉ុន។
បន្ទាប់ពីបានដឹងថាមានការបាញ់មីស៊ីលនេះមក យោធាកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បានថ្កោលទោសភ្លាមៗលើការបាញ់នេះថាជាការគំរាមកំហែងដល់ស្ថិរភាពនៅក្នុងតំបន់។
នេះគឺជាការបាញ់គ្រាប់ផ្លោងមីស៊ីលលើកដំបូងបង្អស់របស់ប្រទេសកូរ៉េខាងជើងនៅក្នុងរយៈពេល ៨ ថ្ងៃចុងក្រោយនេះ និងជាការបាញ់ថ្មីបំផុតនៅក្នុងការសាកល្បងមីស៊ីលរបស់ខ្លួនដូចទឹកបាក់ទំនប់នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
កន្លងមក កូរ៉េខាងជើងធ្លាប់បានបញ្ជាក់ថា ការសាកល្បងមួយចំនួនរបស់ខ្លួនគឺធ្វើឱ្យដូចទៅនឹងការវាយប្រហារដោយនុយក្លេអ៊ែរពិតប្រាកដដូច្នេះដែរលើគោលដៅនានានៅប្រទេសកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងអ្នកស្រី Choe Son Hui បានព្រមានថា កិច្ចព្រមព្រៀងស្ដីពីកូរ៉េខាងជើងដែលកើតចេញពីការប្រជុំកាលពីពេលថ្មីៗនេះរវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុននឹងធ្វើឱ្យភាពតានតឹងនៅលើឧបទ្វីបកូរ៉េ «កាន់តែពិបាកទស្សន៍ទាយទុកបន្ថែមទៀត»។
ការលើកឡើងរបស់អ្នកស្រី Choe នេះគឺជាការឆ្លើយតបផ្លូវការលើកដំបូងបង្អស់របស់រដ្ឋាភិបាលកូរ៉េខាងជើងចំពោះការប្រជុំត្រីភាគីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ជាមួយនឹងសមភាគីរបស់លោកមកពីប្រទេសកូរ៉េខាងត្បូងនិងជប៉ុននៅក្រៅកិច្ចប្រជុំអាស៊ាននៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។
នៅក្នុងសេចក្ដីថ្លែងការណ៍រួមរបស់ខ្លួន មេដឹកនាំទាំង ៣ រូបបានថ្កោលទោសខ្លាំងក្លាលើការសាកល្បងមីស៊ីលកាលពីពេលថ្មីៗនេះរបស់កូរ៉េខាងជើង និងបានឯកភាពគ្នានៅក្នុងការធ្វើការជាមួយគ្នាដើម្បីពង្រឹងវិធីកម្លារារាំង។ លោក Biden បានបញ្ជាក់អះអាងឡើងវិញអំពីការតាំងចិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងការការពារប្រទេសកូរ៉េខាងត្បូងនិងជប៉ុនឱ្យបានពេញសមត្ថភាព ដែលក្នុងនោះរួមមានទាំងផ្នែកនុយក្លេអ៊ែររបស់ខ្លួនផងដែរ៕
ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង —