ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ជើង​បាញ់​គ្រាប់​កាំភ្លើង​ធំ​នៅ​ជិត​ព្រំដែន​ដើម្បី​ព្រមាន​កូរ៉េ​ខាង​ត្បូង


រូប​ឯកសារ៖ បុរស​ម្នាក់​ទស្សនា​ការ​ផ្សាយ​ព័ត៌មាន​តាម​ទូរទស្សន៍​អំពី​ការ​បង្ហោះ​រ៉ុក្កែត​កូរ៉េខាងជើង នៅ​ស្ថានីយ​រថភ្លើង​មួយ​កន្លែង​ក្នុង​ទី​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២។
រូប​ឯកសារ៖ បុរស​ម្នាក់​ទស្សនា​ការ​ផ្សាយ​ព័ត៌មាន​តាម​ទូរទស្សន៍​អំពី​ការ​បង្ហោះ​រ៉ុក្កែត​កូរ៉េខាងជើង នៅ​ស្ថានីយ​រថភ្លើង​មួយ​កន្លែង​ក្នុង​ទី​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២។

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បាញ់​គ្រាប់​កាំភ្លើង​ធំ​ប្រហែល ​១៣០ ​គ្រាប់​នៅ​ថ្ងៃ​ចន្ទ​នេះ​ចូល​ក្នុង​ដែន​ទឹក​នៅ​ជិត​ព្រំដែន​សមុទ្រ​ភាគ​ខាង​លិច​និង​ភាគ​ខាង​កើត​របស់​ខ្លួន​ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាង​ត្បូង ​ដែល​នេះ​គឺ​ជា​សកម្មភាព​យោធា​ថ្មី​ចុងក្រោយ​បង្អស់​ដែល​រួម​ចំណែក​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​អាក្រក់​បន្ថែម​ទៀត។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

យោធា​កូរ៉េ​ខាង​ជើង​បាន​បញ្ជាក់​ថា ​ការ​បាញ់​នេះ​គឺ​ជា​ការ​ព្រមាន​ប្រឆាំង​នឹង​ការ​ធ្វើ​សមយុទ្ធ​កាំភ្លើង​ធំ​ជា​បន្ត​របស់​កូរ៉េ​ខាង​ត្បូង​នៅ​ជិត​ក្រុង Cheorwon ​ជាប់​ព្រំដែន​កូរ៉េ​ខាង​ជើង ​និង​បាន​រិះគន់​កូរ៉េខាងត្បូង​ថា​បាន​ធ្វើ​ឱ្យ​ភាព​តានតឹង​កាន់តែ​អាក្រក់​ឡើង។

នាយសេនាធិការ​កងទ័ព​រួម​កូរ៉េ​ខាង​ត្បូង​បាន​បញ្ជាក់​ថា ​អាវុធ​កូរ៉េ​ខាង​ជើង​ដែល​បាន​បាញ់​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​ចេញ​ពី​តំបន់​មាត់​សមុទ្រ​នៅ​ភាគ​ខាង​លិច​និង​ភាគ​ខាង​កើត​ប្រទេស​កូរ៉េ​ខាង​ជើង បាន​ធ្លាក់​នៅ​ក្នុង​រង្វង់​ផ្នែក​ភាគ​ខាង​ជើង​នៃ​តំបន់​ទ្រនាប់​ដែល​បង្កើត​ឡើង​នៅ​ក្រោម​កិច្ច​ព្រមព្រៀង​អន្តរ​កូរ៉េ​ឆ្នាំ​២០១៨ ​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​យោធា។

គេ​មិន​ឃើញ​មាន​សេចក្ដី​រាយការណ៍​ភ្លាមៗ​ណា​មួយ​ដែល​ថា​គ្រាប់​កាំភ្លើង​ធំ​របស់​កូរ៉េ​ខាង​ជើង​នេះ​ធ្លាក់​ចូល​ក្នុង​ដែន​ទឹក​របស់​កូរ៉េ​ខាង​ត្បូង​នោះ​ទេ។

យោធា​កូរ៉េ​ខាង​ត្បូង​បាន​បញ្ជាក់​ថា ​ខ្លួន​បាន​ព្រមាន​ដោយ​ផ្ទាល់​មាត់​ទៅ​កាន់​កូរ៉េ​ខាង​ជើង​ទាក់ទិន​នឹង​ការ​បាញ់​នេះ​ និង​បាន​ជំរុញ​កូរ៉េ​ខាង​ជើង​ឱ្យ​គោរព​តាម​កិច្ច​ព្រមព្រៀង​នេះ។


កន្លង​មក ​យោធា​កូរ៉េ​ខាង​ត្បូង​និង​យោធា​សហរដ្ឋ​អាមេរិក​បាន​តាមដាន​យ៉ាង​ដិតដល់​លើ​សកម្មភាព​យោធា​របស់​កូរ៉េ​ខាង​ជើង​ ហើយ​ស្រប​ពេល​នោះ​ដែរ​ពង្រឹង​ការ​ត្រៀម​លក្ខណៈ​រួចរាល់​របស់​ខ្លួន​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ «យថាហេតុ​ណា​មួយ​ដែល​អាច​កើតឡើង»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់នាយសេនាធិការ​កងទ័ពរួម​កូរ៉េ​ខាង​ត្បូង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ។

យោធា​កូរ៉េ​ខាង​ត្បូង​កំពុង​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត ​ដែល​រួម​មាន​ការ​ប្រើ​ប្រព័ន្ធ​បាញ់​រ៉ុក្កែត​ជា​ច្រើន​គ្រាប់​ក្នុង​ពេល​តែ​មួយ​និង​កាំភ្លើង​ធំ​ធុន​ធ្ងន់​ផង​ដែរ ​ពី​ថ្ងៃ​ចន្ទ​នេះ​រហូត​ដល់​ថ្ងៃ​ពុធ​ខាង​មុខ​នៅ​ក្នុង​ទីតាំង​សមយុទ្ធ​ពីរ​ផ្សេង​គ្នា​ក្នុង​តំបន់​ Cherowon។

ការ​បាញ់​គ្រាប់​កាំភ្លើង​ធំ​របស់​កូរ៉េ​ខាង​ជើង​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​ពីរ​ថ្ងៃ​ក្រោយ​មក ​បន្ទាប់ពី​សហរដ្ឋ​អាមេរិក​ កូរ៉េ​ខាង​ត្បូង ​និង​ជប៉ុន​បាន​ប្រកាស​អំពី​ការ​ដាក់​ទណ្ឌកម្ម​ជា​និមិត្តរូប​ដ៏​ធំ​លើ​បុគ្គល​និង​ស្ថាប័ន​កូរ៉េ​ខាង​ជើង​មួយ​ចំនួន​ដែល​រង​ការ​ចោទ​ប្រកាន់​ថា​បាន​ធ្វើ​សកម្មភាព​ខុស​ច្បាប់​ដើម្បី​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ដល់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​និង​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង៕

XS
SM
MD
LG