ការគំរាមកំហែងភ្លាមៗរបស់ប្រទេសកូរ៉េខាងជើងថានឹងដកខ្លួនថយចេញពីជំនួបកំពូលជាមួយស.រ.អា. បាននាំឱ្យមានការសង្ស័យថ្មីៗថា តើនឹងមានកិច្ចព្រមព្រៀងមិនឱ្យមានអាវុធបរមាណូនៅក្នុងឧបទ្វីបកូរ៉េឬទេ។
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុនបានយល់ព្រមជួបជាមួយប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំ ក្នុងប្រទេសសិង្ហបូរីនៅថ្ងៃទី១២ខែមិថុនាដើម្បីធ្វើឱ្យមានកិច្ចព្រមព្រៀងសម្រាប់បញ្ឈប់កម្មវិធីបរមាណូរបស់កូរ៉េខាងជើង ជាថ្នូរនឹងការធានារ៉ាប់រងខាងសន្តិសុខនិងការបញ្ឈប់ការដាក់ទណ្ឌកម្មអន្តរជាតិ។
ក៏ប៉ុន្តែនៅថ្ងៃពុធនេះ លោក Kim Kye Kwan អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងបានចេញផ្សាយសេចក្តីថ្លែងការណ៍មួយតាមរយៈទីភ្នាក់ងារព័ត៌មាន KCNA របស់រដ្ឋដែលបានរិះគន់កំណត់សម្គាល់គ្មានការទប់ដោយលោក John Bolton ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីស.រ.អា. ដែលទាមទារឱ្យរដ្ឋាភិបាលក្រុង ព្យុងយ៉ាង ឈប់ប្រើប្រាស់ឃ្លាំងអាវុធបរមាណូទាំងអស់របស់ខ្លួនព្រមទាំងកម្មវិធីកាំជ្រួចមីស៊ីលផ្លោង និងឃ្លាំងអាវុធគីមីរបស់ខ្លួននៅមុនពេលទទួលសំណងទូទាត់ឬសម្បទាន។
អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងរូបនេះបានសម្តែងការតូចចិត្តដល់គោលជំហរគ្មានការសម្របសម្រួលរបស់ស.រ.អា. ហើយលោកបាននិយាយថាប្រទេសកូរ៉េខាងជើងប្រហែលជាដកខ្លួនចេញពីជំនួបកំពូលរវាងលោក ត្រាំ និងលោក គីម ជុងអ៊ុន ប្រសិនបើរដ្ឋបាល ត្រាំ មិនធ្វើសកម្មភាពដោយការទុកចិត្តគ្នាដើម្បីកែលម្អទំនាក់ទំនងគ្នាតាមរយៈការសន្ទនាគ្នានោះទេ។
សេចក្តីថ្លែងការណ៍នេះបាននិយាយថា ប្រសិនបើស.រ.អា.ខិតខំព្យាយាមរុញច្រានយើងទៅជ្រុងជញ្ជាំងដើម្បិបង្ខិតបង្ខំយើងបោះបង់ចោលអាវុធបរមាណូជាឯកតោភាគី យើងនឹងលែងយកចិត្តទុកដាក់ដល់ការសន្ទនាគ្នាបែបនេះទៀតហើយ យើងនឹងពិចារណាជាថ្មីអំពីទម្រង់ការរបស់យើងដល់ជំនួបកំពូលរវាងកូរ៉េខាងជើងនិងស.រ.អា»៕