កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ លោកប្រធានាធិបតីស.រ.អា. Donald Trump បានស្វាគមន៍ពលរដ្ឋអាមេរិកាំងបីនាក់ដោយផ្ទាល់ ដែលត្រូវដោះលែងពីប្រទេសកូរ៉េខាងជើងមកស.រ.អា.វិញ ដោយលោកបានប្រកាសថា «យើងចាប់ផ្តើមទំនាក់ទំនងថ្មីមួយ» ជាមួយរដ្ឋាភិបាលក្រុង Pyongyang។
នៅក្នុងព្រឹត្តិការណ៍នេះនៅឯមូលដ្ឋានយោធា Andrews ក្នុងរដ្ឋ Maryland មានចម្ងាយ២៥គ.ម.ពីសេតវិមាន លោកប្រធានាធិបតីអមដោយលោកស្រី Melania Trump បានឡើងទៅក្នុងយន្តហោះប្រតិកម្មធុន C-40 មួយគ្រឿងនៃកងទ័ពអាកាសស.រ.អា.ដើម្បីនិយាយក្នុងពេលខ្លីជាមួយបុរសទាំងបីនាក់នេះដែលបានជាប់ពន្ធនាគារនៅក្នុងប្រទេសកូរ៉េខាងជើង។
ទង់ជាតិអាមេរិកាំងធំមួយត្រូវបានព្យួរនៅទីខ្ពស់ដោយឡានទឹកពីរគ្រឿងដែលមានជណ្តើរបន្តបានត្រូវប្រើប្រាស់ជាឆាកមួយសម្រាប់ការមកដល់នៃពលរដ្ឋ អាមេរិកាំងទាំងបីនាក់នេះ។
លោកអនុប្រធានាធិបតី Mike Pence និងលោករដ្ឋមន្ត្រីការបរទេស Mike Pompeo ក៏បានអបអរសាទរដល់ពលរដ្ឋអាមេរិកាំងដើមកំណើតកូរ៉េទាំងបីនាក់នេះនៅពេលពួកគេចុះពីយន្តហោះយោធានេះ។
បន្ទាប់ពីបានចាប់ដៃស្វាគមន៍គ្នា លោកប្រធានាធិបតីដែលឈរជិតបុរសទាំងបីនាក់នេះបានសម្តែងការអរគុណដល់មេដឹកនាំកូរ៉េខាងជើង Kim Jong Un ដែលបានដោះលែងពួកគេដោយលោកបាននិយាយថា «ខ្ញុំយល់ថាលោក Kim Jong Un ចង់ធ្វើអ្វីមួយ» ដើម្បីនាំយកប្រទេសកូរ៉េខាងជើង «ចូលទៅក្នុងពិភពលោកពិតប្រាកដ»។
បុរសទាំងបីនាក់នេះដែលបានត្រូវដោះលែងរួមគ្នាកាលពីថ្ងៃពុធនៅក្នុងក្រុងPyongyang ក្នុងរយៈពេលខ្លីក្រោយពីលោក Pompeo បានជួប៩០នាទីជាមួយមេដឹកនាំកូរ៉េខាងជើង Kim Jong Un៕