លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាននិយាយជាមួយលោក Lee Hsien Loong នាយករដ្ឋមន្រ្តីនៃប្រទេសសិង្ហបូរី មួយថ្ងៃបន្ទាប់ពីការប្រកាសថា លោកនិងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នឹងជួបគ្នាជាប្រវត្តិសាស្រ្តនៅក្នុងរដ្ឋជាទីក្រុងនៅតំបន់អាស៊ីអាគ្នេយ៍នេះ។
សេតវិមានបានប្រាប់ឲ្យដឹងកាលពីថ្ងៃសុក្រថា លោកប្រធានាធិបតីត្រាំបានថ្លែងអំណរគុណលោកនាយករដ្ឋមន្រ្តីចំពោះសណ្តានចិត្តរបស់លោកដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបនៅថ្ងៃទី១២ ខែមិថុនាខាងមុខនេះ។ ក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋបាលប្រធានាធិបតីត្រាំក៏បានប្រាប់ឲ្យដឹងដែរថា មេដឹកនាំទាំង២បានពិភាក្សាគ្នាអំពីសន្តិសុខក្នុងតំបន់ហើយបានបញ្ជាក់ឡើងវិញនូវទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងសិង្ហបូរី។
សេចក្តីថ្លែងការណ៍នោះបានហៅទំនាក់ទំនងនោះថា ជាដៃគូដ៏ស្និទស្នាលបំផុតមួយរបស់សហរដ្ឋអាមេរិកក្នុងតំបន់អាស៊ីក្នុងរយៈពេលជាង៥០ឆ្នាំនេះ។
លោកប្រធានាធិបតី ត្រាំ បានប្រកាសពេលវេលានិងទីកន្លែងនៃជំនួបនោះនៅក្នុងសារតាមប្រព័ន្ធ Twitter កាលពីថ្ងៃព្រហស្បតិ៍។
លោកត្រាំបាននិយាយតាមប្រព័ន្ធ Twitter ប៉ុន្មានម៉ោងបន្ទាប់ពីលោកបានស្វាគមន៍ជនជាតិអាមេរិកាំង៣នាក់នៅក្នុងសហរដ្ឋអាមេរិកដែលត្រូវបានដោះលែងដោយកូរ៉េខាងជើងថា «យើងនឹងព្យាយាមធ្វើឲ្យជំនួបនេះក្លាយជាព្រឹត្តិការពិសេសសម្រាប់សន្តិភាពពិភពលោក»។
បន្ទាប់ពីស្វាគមន៍បុរសទាំងនោះនៅឯចំណតយន្តហោះ Joint Base Andrews កាលពីព្រឹកថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតីបានសម្តែងនូវអំណរគុណដល់គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងចំពោះការដោះលែងពួកគេ។ លោកត្រាំបានថ្លែងថា៖ «ខ្ញុំប្រាកដគិតថា គីម ជុងអ៊ុន ចង់ធ្វើអ្វីមួយដើម្បីនាំកូរ៉េខាងជើងចូលក្នុងពិភពលោកពិតប្រាកដមួយ»៕