ប្រទេសកូរ៉េខាងជើងបានធ្វើការសាកល្បងគ្រាប់នុយក្លេអ៊ែរលើកទី៦ របស់ខ្លួន នៅថ្ងៃអាទិត្យនេះ ដែលនេះជាអ្វីដែលខ្លួនអះអាងថា ជាការសាកល្បងដោយជោគជ័យនូវគ្រាប់បែកអ៊ីដ្រូហ្សែនប្រើសីតុណ្ហភាពខ្ពស់បំផុតមួយ ដែលអាចដាក់ឲ្យស៊ីគ្នាពីលើគ្រាប់ផ្លោងមីស៊ីលឆ្លងទ្វីប។
ការប្រកាសដោយទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA របស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងនេះ បានបញ្ជាក់ថា គ្រាប់នុយក្លអ៊ែរ «H-Bomb» ដែលត្រូវបានរចនាឡើងដើម្បីដាក់ធ្វើជាក្បាលគ្រាប់បន្តុបពីលើគ្រាប់ផ្លោងមីស៊ីលនេះ គឺមានលក្ខណៈត្រឹមត្រូវពិតប្រាកដស្របទៅតាមគម្រោងរបស់រដ្ឋាភិបាលកូរ៉េខាងជើងដើម្បីកសាងកងកម្លាំងអាវុធនុយក្លេអ៊ែរបែបយុទ្ធសាស្ត្រមួយ។
លោកស្រី Ri Chun Hee អ្នកផ្សាយព័ត៌មានទូរទស្សន៍ Korean Central Television ដែលបានចូលនិវត្តន៍កាលពីឆ្នាំ ២០១២ ប៉ុន្តែបង្ហាញវត្តមានយូរៗម្ដងក្នុងឱកាសសំខាន់ៗ បាននិយាយថា៖ «ការសាកល្បងគ្រាប់បែកអ៊ីដ្រូហ្សែនដែលរចនាឡើងដើម្បីដាក់ពីលើគ្រាប់ផ្លោងមីស៊ីលឆ្លងទ្វីប គឺជាជោគជ័យដ៏អស្ចារ្យជាទីបំផុត»។
លោកស្រី Ri Chun Hee បានអះអាងថា មិនមានចំហាយវិទ្យុសកម្មណាមួយចេញពីការសាកល្បងនេះហោះចូលទៅក្នុងបរិយាកាសនោះទេ ដែលនេះជាអ្វីដែលយន្តហោះចម្បាំងសហរដ្ឋអាមេរិក និងយន្តហោះចម្បាំងជប៉ុនដែលមានឧបករណ៍ពិសេសសម្រាប់តាមដានបរិយាកាសកំពុងធ្វើការផ្ទៀងផ្ទាត់ថាតើការអះអាងនេះពិតជាត្រឹមត្រូវ ឬក៏អត់៕