ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេត​វិមាន​៖ ​ត្រូវ​មាន​ដំណើរ​ការ​រួម​គ្នា​ដើម្បី​ឆ្លើយ​តប​នឹង​ការ​គំរាម​កំហែង​របស់​កូរ៉េ​ខាង​ជើង


រូបឯកសារ៖ លោក​ ដូណាល់ ត្រាំ និង​លោក Moon Jae-in បាន​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​នៅ​សេត​វិមាន​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ខែ​មិថុនា។
រូបឯកសារ៖ លោក​ ដូណាល់ ត្រាំ និង​លោក Moon Jae-in បាន​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​នៅ​សេត​វិមាន​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ខែ​មិថុនា។

កាល​ពី​ថ្ងៃ​សុក្រ​ មេដឹកនាំ​ស.រ.អា.​និង​ប្រទេស​កូរ៉េខាង​ត្បូងបានបញ្ជាក់​ជា​ថ្មី​អំពី​សេចក្តី​ត្រូវការក្នុង​ការ​នាំ​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​មក​កាន់តុ​ចរចា​វិញ​ដោយ​អនុវត្ត​ការ​ដាក់​ទណ្ឌកម្ម​និង​គំនាប​សង្កត់​ជា​អតិបរិមា។ នេះ​បើ​តាម​ការ​ប្រាប់ឱ្យ​ដឹង​ដោយ​ការិយាល័យ​លោក​ប្រធានាធិបតី​កូរ៉េខាង​ត្បូង​ Moon Jae-in។​

ពួក​មន្ត្រី​នៅ​ក្នុង​ក្រុង​វ៉ាស៊ីនតោន​ និង​ក្រុង​សេអ៊ូល​បាន​និយាយ​ថា ​លោក​ Moon និង​ប្រធានាធិបតី​ស.រ.អា.​ ដូណាល់ ត្រាំ​ បាន​និយាយ​គ្នា​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​សុក្រ។​

សេតវិមាន​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ មេដឹកនាំ​ទាំង​ពីរ​នាក់​នេះ​បាន​ពិភាក្សា​គ្នា​អំពី​កិច្ច​សហប្រតិបត្តិការ​ជិត​ស្និទ្ធ​និង​មាន​តទៅ​ទៀត​រវាង​ស.រ.អា.​ ប្រទេសកូរ៉េខាង​ត្បូង​និង​ប្រទេស​ជប៉ុន និង​ការ​ឆ្លើយ​តប​មាន​ការ​សម្រប​សម្រួល​គ្នា​របស់​ពួក​គេ​ដល់ «អាកប្បកិរិយារបស់កូរ៉េ​ខាង​ជើង​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​អស្ថិរភាព​និង​បង្ក​រឿង​រឹត​តែ​ខ្លាំង»។

សេចក្តី​ថ្លែងការណ៍​នេះ​បាននិយាយ​ថា​ លោក​ត្រាំ​ និងលោក Moon បាន​យល់​ស្រប​គ្នា​ក្នុង​ការ​ពង្រឹង​សម្ព័ន្ធភាព​របស់​អស់​លោក​តាម​រយៈ​កិច្ច​សហ​ប្រតិបត្តិការ​ខាង​យោធា​ និង​ពង្រឹង​សមត្ថភាព​ខាង​ការពារ​ប្រទេស​របស់​កូរ៉េខាង​ត្បូង។

បើ​តាម​សេចក្តី​ថ្លែង​ការណ៍​នេះ​ថា​ ត្រាំ​ ក៏បាន​ផ្តល់​ការ​យល់​ព្រម​តាមគំនិត​របស់​គាត់​ដល់​គម្រោង​ការ​ទិញ​គ្រឿង​ឧបករណ៍​យោធា​អាមេរិកាំង​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​ផង​ដែរ។​

នៅ​ពេល​ត្រូវ​សួរ​ដោយ​វីអូអេ​នៅ​ក្នុង​សន្និសីទ​កាសែត​នាសេត​វិមាន​កាល​ពី​ថ្ងៃ​សុក្រ​ដោយ​សុំ​ឱ្យ​បំភ្លឺ​អំពី​គោលជំហរ​របស់ ត្រាំ​ អំពី​កិច្ច​ការ​ទូតនោះ អ្នកស្រី​ Sarah Huckabee Sanders​ អ្នក​នាំពាក្យ​សេតវិមាន​បាន​ឆ្លើយ​ថា៖ «ប្រធានាធិបតី​ ត្រាំ​ កំពុង​ស្វែង​រក​ដំណើរ​ការ​មួយ​មាន​ការ​រួម​បញ្ចូល​គ្នា។ ​ហើយ​យើង​បន្ត​ធ្វើ​ចលនា​ទៅ​មុខ​នៅ​លើមាគារ​នេះ។ ​យើង​គិត​គូរ​ហ្មត់​ចត់​ណាស់​អំពី​ប្រទេស​កូរ៉េ​ខាង​ជើង ហើយ​ជម្រើស​ទាំង​អស់​ឋិត​នៅលើតុ។ ការ​នេះ​គ្មាន​ការ​ប្រែ​ប្រួល​ទេ»៕

XS
SM
MD
LG