លោករដ្ឋមន្រ្តីការពារប្រទេសសហរដ្ឋអាមេរិកJim Mattis បានសង្កត់ថា សហ រដ្ឋអាមេរិកមិនអស់មធ្យោបាយខាងការទូតក្នុងការដោះស្រាយជាមួយប្រទេស កូរ៉េខាងជើងទេ នៅពេលដែលខ្លួននិយាយដល់វិបត្តិកូរ៉េខាងជើងនោះ បន្ទាប់ពីប្រធានាធិបតីដូណាល់ ត្រាំបាននិយាយថា «ការចរចាមិនមិនមែនជាដំណោះស្រាយនោះ»។
លោករដ្ឋមន្រ្តីការពារប្រទេសអាមេរិក Mattis បានឆ្លើយតបទៅនឹងសំណួរអំពីសារតាមប្រព័ន្ធ Twitter របស់ប្រធានាធិបតីត្រាំកាលពីព្រឹកថ្ងៃពុធអំពីការដោះ ស្រាយការគំរាមកំហែងរបស់កូរ៉េខាងជើងបន្ទាប់ពីការសាកល្បងកាំជ្រួចកាលពីពេលថ្មីៗនេះរបស់កូរ៉េខាងជើងឆ្លងកាត់ប្រទេសជប៉ុន។
លោកប្រធានាធិបតីត្រាំបានផ្ញើរសារតាមប្រព័ន្ធ Twitterថា«សហរដ្ឋអាមេរិកបានចរចាជាមួយកូរ៉េខាងជើង ហើយបានឲ្យប្រាក់ដែលពួកគេបានគំរាមកំហែងអស់ រយៈពេល២៥ឆ្នាំ។ ការចរចាមិនមែនជាដំណោះស្រាយទេ»។ មួយថ្ងៃក្រោយ ពីលោកនិយាយថា «ជម្រើសទាំងអស់ស្ថិតនៅលើតុដើម្បីដោះស្រាយជាមួយរដ្ឋាភិបាលក្រុងព្យុងយ៉ាង»។
លោករដ្ឋមន្រ្តីការពារប្រទេសសហរដ្ឋអាមេរិក Jim Mattis បានស្វាគមន៍រដ្ឋមន្រ្តីការពារប្រទេសកូរ៉េខាងត្បូងនៅមន្ទីរបច្ចកោណកាលពីថ្ងៃពុធ នៅពេលដែលប្រទេសទាំង២ព្យាយាមរកវិធីថាតើត្រូវដោះស្រាយការបង្ករហេតុកាលពីពេលថ្មីៗនេះរបស់កូរ៉េខាងជើងយ៉ាងដូចម្តេច។
លោករដ្ឋមន្រ្តីការពារប្រទេសអាមេរិក Mattis បាននិយាយថា «យើងបន្តធ្វើការជាមួយគ្នា ហើយលោករដ្ឋមន្រ្តីការពារប្រទេសកូរ៉េខាងត្បូងនិងខ្ញុំមានការទទួលខុសត្រូវដើម្បីផ្តល់ការការពារដល់ប្រទេស ប្រជាពលរដ្ឋនិងផលប្រយោជន៍របស់យើង ហើយនឹងស្វែងរកគ្រប់វិស័យទាំងអស់ដែលយើងអាចសហការណ៍គ្នា»។ កូរ៉េខាងជើងបានទទួលស្គាល់ពីការបាញ់កាំជ្រួចមីស៊ីលកាលពីកាលពីថ្ងៃអង្គាររំលងលើប្រទេសជប៉ុន ដោយនិយាយថា វាជាការប្រឆាំងនឹងសមយុទ្ធរួមគ្នានៅពេលឥឡូវនេះដោយកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក៕