ប្រទេសកូរ៉េខាងជើងទាមទារឲ្យសហរដ្ឋអាមេរិក «ធ្វើអ្វីៗគ្រប់យ៉ាង» មុនពេលដែលខ្លួនអាចធ្វើសម្បទានណាមួយបាន។ នេះបើតាមការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកូរ៉េខាងត្បូងលោក Harry Harris នៅក្នុងកិច្ចសម្ភាសន៍មួយដែលបានចេញផ្សាយនៅថ្ងៃចន្ទនេះ។
ការលើកឡើងរបស់លោក Harris នៅក្នុងកាសែត Dong A Ilbo របស់កូរ៉េខាងត្បូងនេះ គឺជាប្រតិកម្មដ៏សំខាន់ដំបូងបង្អស់របស់មន្ត្រីសហរដ្ឋអាមេរិក តាំងពីកូរ៉េខាងជើងបានដើរចេញពីការចរចានុយក្លេអ៊ែរកម្រិតការងារកាលពីចុងសប្ដាហ៍មុន និងបានចោទប្រកាន់សហរដ្ឋអាមេរិកថាជាអ្នកធ្វើឲ្យការចរចានេះបរាជ័យមក។
លោក Harris បានស្នើថា គឺកូរ៉េខាងជើង មិនមែនសហរដ្ឋអាមេរិកទេ ដែលត្រូវគេរិះគន់ថាធ្វើឲ្យមានភាពជាប់គាំងនៃការចរចានេះកើតឡើង។
លោក Harris និយាយដូច្នេះថា៖ «ខ្ញុំគិតថា ប្រទេសកូរ៉េខាងជើងបានទាមទារឲ្យសហរដ្ឋអាមេរិកធ្វើអ្វីៗទាំងអស់មុនពេលខ្លួនធ្វើអ្វីមួយ»។
កន្លងមក ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់ថា ការពិភាក្សានេះដំណើរការបាន «ល្អ» និងបានជំទាស់ទៅនឹងការចោទប្រកាន់របស់កូរ៉េខាងជើងដែលថា ក្រុមអ្នកចរចារបស់សហរដ្ឋអាមេរិកមិនបាននាំមកនូវគំនិតថ្មីសម្រាប់ការពិភាក្សានេះ។
តាំងពីពេលនោះមក កូរ៉េខាងជើងបានគំរាមធ្វើការសាកល្បងគ្រាប់ផ្លោងមីស៊ីលរយៈចម្ងាយឆ្ងាយឡើងវិញ ឬក៏ការសាកល្បងនុយក្លេអ៊ែរ និងបានបញ្ជាក់សារជាថ្មីម្ដងទៀតអំពីកាលបរិច្ឆេទកំណត់ចុងឆ្នាំនេះ សម្រាប់ឲ្យសហរដ្ឋអាមេរិកចាត់វិធានការឲ្យមានការបត់បែនជាងមុន។
ការចរចារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងបានជាប់គាំងតាំងពីខែកុម្ភៈមក នៅពេលដែលលោក Trump បានដើរចេញពីកិច្ចប្រជុំជាមួយនឹងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។ នៅកិច្ចប្រជុំនោះ លោក Trump បានច្រានចោលការស្នើរបស់លោក Kim Jong Un ដែលចង់ឲ្យសហរដ្ឋអាមេរិកដកទណ្ឌកម្មភាគច្រើនចេញ ជាថ្នូរនឹងការកម្ទេចរោងចក្រនុយក្លេអ៊ែរមួយរបស់ខ្លួនចោល៕