ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Bolton ថា​កម្លាំង​យោធា​នៅ​តែ​ជា​ជម្រើស​នៅក្នុង​ដំណោះស្រាយ​ធ្វើ​មិន​ឲ្យ​មាន​នុយក្លេអ៊ែរ​នៅ​កូរ៉េខាងជើង


អតីត​ទីប្រឹក្សា​សន្តិសុខជាតិ​សហរដ្ឋអាមេរិក​លោក John Bolton ថ្លែង​សុន្ទរកថា​ស្តីពី​ប្រទេស​កូរ៉េខាង​ជើង នៅ​មជ្ឈមណ្ឌល​យុទ្ធសាស្រ្ត​និង​ការសិក្សា​អន្តរជាតិ CSIS ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។
អតីត​ទីប្រឹក្សា​សន្តិសុខជាតិ​សហរដ្ឋអាមេរិក​លោក John Bolton ថ្លែង​សុន្ទរកថា​ស្តីពី​ប្រទេស​កូរ៉េខាង​ជើង នៅ​មជ្ឈមណ្ឌល​យុទ្ធសាស្រ្ត​និង​ការសិក្សា​អន្តរជាតិ CSIS ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។

អតីត​ទីប្រឹក្សា​សន្តិសុខជាតិ​សហរដ្ឋអាមេរិក​លោក John Bolton បាន​និយាយ​ថា​ ការ​ប្រើ​កម្លាំង​យោធា​នៅ​តែ​ជា​ជម្រើស​នៅក្នុង​ដំណោះស្រាយ​បញ្ហា​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​និង​មីស៊ីល​របស់​កូរ៉េខាងជើង​ ប្រសិនបើ​កូរ៉េ​ខាងជើង​មិន​គោរព​តាម​ការ​ប្តេជ្ញា​របស់​ខ្លួន​ដើម្បី​រំសាយ​កម្មវិធី​ និង​ព្យាយាម​ចរចា​ងាកចេញ​ពី​កម្មវិធី​នុយក្លេអ៊ែរ​នេះ។

តាមរយៈ​សុន្ទរកថា​ជា​សាធារណៈ​របស់​លោក​ជា​លើកដំបូង​បន្ទាប់​ពី​លោក​ចាក​ចេញ​ពី​សេតវិមាន​មក លោក Bolton បាន​ប្រាប់​អ្នក​ចូលរួម​ទាំង​អស់​នៅ​ឯ​មជ្ឈមណ្ឌល​យុទ្ធសាស្រ្ត​និង​ការសិក្សា​អន្តរជាតិ CSIS ដែល​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​មាន​មូលដ្ឋាន​នៅ​រដ្ឋធានីវ៉ាស៊ីនតោន​ថា​ មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un នឹង​មិនគោរព​តាម​ការតាំងចិត្ត​របស់​លោក​ក្នុង​ការ​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​ទេ​ ហើយ​លោក​ក៏​នឹង​មិន​បោះបង់​ចោល​កម្មវិធី​អាវុធនុយក្លេអ៊ែរ​និង​មីស៊ីល​របស់​លោក​តាមរយៈ​ការចរចា​ការទូត​ដែរ។

ជំហរ​របស់​លោក Bolton ហាក់​ដូចជា​ផ្ទុយគ្នា​ពី​យុទ្ធសាស្រ្ត​ដែល​លោកប្រធានាធិបតី Donald Trump បាន​ធ្វើ​ចំពោះ​កូរ៉េខាងជើង។ នៅមុន​ជំនួប​កំពូល​ជាមួយ​លោក Kim កាល​ពី​ខែមិថុនា ឆ្នាំ២០១៨ នៅ​ប្រទេសសិង្ហបុរី លោក Trump បាន​និយាយ​ថា​ កូរ៉េ​ខាងជើង​បាន​យល់ព្រម​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ។

លោក Bolton បាន​និយាយ​ថា​ អ្វី​ដែល​ត្រូវ​ផ្តោត​នា​ពេល​ឥឡូវ​នេះ​ គឺ​មិនមែន​ត្រូវ​សួរ​ថា តើ​យើង​អាច​មាន​ជំនួប​កំពូល​មួយទៀត​ជាមួយ​លោក Kim Jong Un ឬ​ក៏ត្រូវ​សួរ​ថា​តើ​ការចរចា​កម្រិត​ណា​ដើម្បី​សម្រេច​បាន​ពី​ការប្តេជ្ញា​របស់​កូរ៉េ​ជើង​នោះ​ដែរ។ លោក Bolton គិតថា​កូរ៉េខាងជើង​នឹង​មិន​ធ្វើ​តាម​នោះ​ទេ។

លោក​បាន​និយាយ​បន្ថែម​ទៀតថា​កូរ៉េ​ខាងជើង​នឹង​មិន​ធ្វើ​តាម​ការប្តេជ្ញា​របស់​ខ្លួន​ដើម្បី​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​ទេ​ ពីព្រោះ​ថា​ប្រទេស​នេះ​បាន​ធ្វើ​ការសម្រេចចិត្ត​ជា​យុទ្ធសាស្រ្ត​រួច​ហើយ​ថា​នឹង​មិន​បោះបង់​ចោល​អាវុធនុយក្លេអ៊ែរ​ជា​ដាច់​ខាត៕

XS
SM
MD
LG