ប្រទេសកូរ៉េខាងជើងបានបញ្ជាក់ថា ខ្លួនប្រហែលជាមានឆន្ទៈនៅក្នុងការពិភាក្សាអំពី «ការលុបបំបាត់អាវុធនុយក្លេអ៊ែរ» ជាមួយនឹងសហរដ្ឋអាមេរិក ប្រសិនបើ «ការគំរាមកំហែង និងឧបសគ្គ» ចំពោះសន្តិសុខ និងការអភិវឌ្ឍរបស់ខ្លួនត្រូវបានដោះស្រាយ។
ការលើកឡើងរបស់ក្រសួងការបរទេសកូរ៉េខាងជើងនៅថ្ងៃចន្ទនេះ បានធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃមុនពេលអ្វីដែលមន្ត្រីអាមេរិកាំងសង្ឃឹមថាជាការចាប់ផ្ដើមនៃការពិភាក្សានុយក្លេអ៊ែរកម្រិតការងារដែលពន្យារពេលជាយូរមកហើយជាមួយនឹងរដ្ឋាភិបាលក្រុងព្យុងយ៉ាង។
អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក Choe Son Hui កាលពីមួយសប្ដាហ៍មុន បាននិយាយថា ប្រទេសកូរ៉េខាងជើងមានឆន្ទៈនៅក្នុងការ «ពិភាក្សាទូលំទូលាយ» ជាមួយនឹងមន្ត្រីអាមេរិកាំងនៅត្រឹមចុងឆ្នាំនេះ។
នៅក្នុងសេចក្ដីប្រកាសដែលទីភ្នាក់ងារព័ត៌មាន KCNA របស់កូរ៉េខាងជើងបានផ្សាយនៅថ្ងៃចន្ទនេះ ក្រសួងការបរទេសកូរ៉េខាងជើងបានលើកឡើងថា ការពិភាក្សាគឺ «រំពឹងនឹងធ្វើឡើងនៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ»។
សេចក្ដីប្រកាសនោះបានបញ្ជាក់ថា៖ «ការពិភាក្សាអំពីការលុបបំបាត់នុយក្លេអ៊ែរប្រហែលជាអាចទៅរួច នៅពេលដែលការគំរាមកំហែង និងឧបសគ្គនានាដែលប៉ះពាល់ដល់សន្តិសុខរបស់យើង និងរារាំងដល់ការអភិវឌ្ឍរបស់យើង ត្រូវបានដកចេញទាំងស្រុងដោយគ្មានការសង្ស័យ»។
ការអះអាងរបស់អគ្គនាយកនាយកដ្ឋានកិច្ចការសហរដ្ឋអាមេរិកនៃក្រសួងការបរទេសកូរ៉េខាងជើង បានហៅថាពិភាក្សាដែលគ្រោងនឹងធ្វើឡើងនេះថាជាការពិភាក្សា «ផ្ដាច់ព្រ័ត្រ»។
ការពិភាក្សារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងបានបរាជ័យ បន្ទាប់ពីកិច្ចប្រជុំរវាងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីខែកុម្ភៈ បានបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀង៕