កូរ៉េខាងជើងបានបាញ់សាកល្បងអាវុធ ដែលត្រូវបានគេប៉ាន់ស្មានថា ជាមីស៊ីលផ្លោងឆ្លងទ្វីបបាញ់ចេញពីនាវាមុជទឹក ដែលការបាញ់សាកល្បងនេះគឺជា ការជឿនលឿនដ៏សំខាន់មួយនៃកម្មវិធីផលិតអាវុធរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង និងជាការបង្កហេតុដ៏ធំមួយ នៅប៉ុន្មានថ្ងៃមុននឹងកិច្ចចរចានុយក្លេអ៊ែរកម្រិតការងារជាមួយសហរដ្ឋអាមេរិកចូលមកដល់។
យោធាកូរ៉េខាងត្បូងនិយាយថា កូរ៉េខាងជើងទំនងជាបានបាញ់មីស៊ីលផ្លោងប្រភេទ Bukkeukseong ចេញពីនាវាមុជទឹក ឬហៅកាត់ថា SLBM នៅព្រឹកថ្ងៃពុធនេះ ចេញពីសមុទ្រនៅជិតទីក្រុងឆ្នេរសមុទ្រក្នុងខេត្ត Gangwon។
រដ្ឋាភិបាលក្រុងសេអ៊ូលបានប្រកាសថា គ្រាប់មីស៊ីលហោះបានចម្ងាយ៤៥០គីឡូម៉ែត្រ ប៉ុន្តែហោះដល់កម្ពស់៩១០គីឡូម៉ែត្រ នេះមានន័យថាកូរ៉េខាងជើងអាចបាញ់តាមគន្លងខ្ពស់។
ប្រសិនបើគ្រាប់មីស៊ីលហោះតាមគន្លងស្តង់ដារ នោះវានឹងអាចបាញ់ដល់ចម្ងាយ១៩០០គីឡូម៉ែត្រ។ នេះបើយោងតាមការប៉ាន់ស្មានរបស់លោក David Wright អ្នកវិទ្យាសាស្រ្តជាន់ខ្ពស់នៅឯសហភាពអ្នកវិទ្យាសាស្ត្រដែលមានការព្រួយបារម្ភ។
លោក Wright បានថ្លែងថា «មីស៊ីលនេះអាចចាត់ចំណាត់ថ្នាក់ថាជាមីស៊ីលចម្ងាយមធ្យម ដែលអាចបានបាញ់បានចម្ងាយពី១០០០គីឡូម៉ែត្រទៅ៣៥០០គីឡូម៉ែត្រ»។
គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថាតើកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលប្រភេទ SLBM នេះពីនាវាមុជទឹកឬចេញពីទីតាំងនៅក្រោមសមុទ្រនោះទេ។
ប្រសិនបើវាជាការពិតមែននោះ មានន័យថា ការបាញ់សាកល្បងនេះគឺជា ការបាញ់លើកទីមួយចាប់តាំងពីឆ្នាំ២០១៧មក ដែលកូរ៉េជើងបាញ់សាកល្បងមីស៊ីលដែលបាញ់បានចម្ងាយឆ្ងាយជាងមីស៊ីលចម្ងាយខ្លី។
ការរករឿងបង្កហេតុនេះបានកើតឡើងនៅចំពេលស្ថានការណ៍កំពុងមានភាពផុយស្រួយ។ កាលពីយប់ថ្ងៃអង្គារ អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងនិយាយថា ក្រុងព្យុងយ៉ាងនិងក្រុងវ៉ាស៊ីនតោនបានព្រមព្រៀងគ្នាពន្យាពេលកិច្ចចរចាកម្រិតការងារដល់ថ្ងៃទី៥ ខែតុលា។ អ្នកស្រីអនុរដ្ឋមន្រ្តីថ្លែងទៀតថា ភាគីទាំងពីរនឹងទាក់ទងគ្នានៅមុនថ្ងៃចរចាមកដល់៕