ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ North Carolina ត្រៀម​ចាំ​ការ​បោះឆ្នោត​ប្រធានាធិបតី​ដែល​មាន​ភាព​តានតឹង


រូបឯកសារ៖ មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​កំពុង​រៀបចំ​សន្លឹកឆ្នោត​សម្រាប់​បោះ​តាម​ប្រៃសណីយ៍​នៅ​ទីក្រុង Raleigh រដ្ឋ North Carolina ថ្ងៃ​ទី ៣ ខែកញ្ញា ឆ្នាំ២០២០។
រូបឯកសារ៖ មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​កំពុង​រៀបចំ​សន្លឹកឆ្នោត​សម្រាប់​បោះ​តាម​ប្រៃសណីយ៍​នៅ​ទីក្រុង Raleigh រដ្ឋ North Carolina ថ្ងៃ​ទី ៣ ខែកញ្ញា ឆ្នាំ២០២០។

ទោះបីជា​តំបន់​ភាគ​ខាង​ត្បូង​នៃ​សហរដ្ឋ​អាមេរិក​លម្អៀង​ទៅ​ខាង​គណបក្ស​សាធារណរដ្ឋ​អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​ក៏​ដោយ ក៏​រដ្ឋ North Carolina ដែល​លោក​ប្រធានាធិបតី Donald Trump បាន​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ ២០១៦ ត្រូវបាន​ចាត់ទុក​ថា​ជា​រដ្ឋ​មាន​ការ​ប្រទាញប្រទង់​ខ្លាំង​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា​ខាង​មុខ ដែល​ជា​ការ​ប្រជែង​រវាង​លោក Trump និង​លោក Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ។

អ្នក​គាំទ្រ​ខ្លាំងក្លា​លើ​លោក​ប្រធានាធិបតី Donald Trump មាន​ទំនុកចិត្ត​ថា លោក​នឹង​ឈ្នះ​នៅ​ក្នុង​រដ្ឋ North Carolina ក្នុង​ការ​បោះឆ្នោត​ខែ​វិច្ឆិកា​ខាង​មុខ ក៏​ប៉ុន្តែ​បាន​ទទួល​ស្គាល់​ផងដែរ​ថា ការ​បោះឆ្នោត​លើក​នេះ​ជា​ការ​ប្រកួត​ប្រជែង​ដែល​មាន​លក្ខណៈ​ប្រកៀក​ប្រកិត​គ្នា​ខ្លាំង។

លោក John Steward ដែល​ជា​ប្រតិភូ​គណបក្ស​សាធារណរដ្ឋ​ក្នុង​រដ្ឋ North Carolina បាន​និយាយថា៖ «រដ្ឋ North Carolina គឺ​ជា​រដ្ឋ​មួយ​ដែល​មាន​ការ​ប្រទាញ​ប្រទង់។ មាន​មនុស្ស​គិតថា​គណបក្ស​ប្រជាធិបតេយ្យ​នឹង​ឈ្នះឆ្នោត​នៅ​ទី​នេះ។ ...ខ្ញុំ​អាច​ធានា​ថា រដ្ឋ North Carolina នឹង​គាំទ្រ​លោក​ប្រធានាធិបតី Trump។ ការ​បោះឆ្នោត​លើក​នេះ​ជា​ការ​បោះឆ្នោត​ប្រកៀកប្រកិត​គ្នា​ខ្លាំង។ ខ្ញុំ​រំពឹង​ថា លោក Trump នឹង​ឈ្នះ​ឆ្នោត​ក្នុង​រដ្ឋNorth Carolina ២ ឬ ៣%»។

ក្រុម​អ្នក​គាំទ្រ​លោក Joe Biden បាន​ធ្វើការ​ប្រមូល​ការគាំទ្រ​ជូន​បេក្ខជន​ប្រធានាធិបតី​រូប​នេះ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​រដ្ឋ North Carolina ហើយ​បាន​ទទួល​ប្រតិកម្ម​ចម្រុះ​ពី​អ្នក​បោះឆ្នោត។

លោក Tom Nasrallah ដែល​ជា​អ្នក​គាំទ្រ​លោក Biden បាន​និយាយ​ថា៖ «ប្រតិកម្ម​មាន​ចម្រុះ។ នៅ​ក្នុង​រដ្ឋ​នេះ​មាន​ការ​គាំទ្រ​ចម្រុះ។ នៅ​ថ្ងៃ​នេះ​មាន​ការ​គាំទ្រ​ច្រើន​ដល់​លោក Biden ហើយ​យើង​មាន​ការ​ភ្ញាក់ផ្អើល​នៅក្នុង​តំបន់នេះ។ ...ខ្ញុំ​ត្រូវការ​ប្រធានាធិបតី​ល្អ​ប្រសើរ​ម្នាក់។ ខ្ញុំ​ត្រូវការ​ប្រធានាធិបតី​ម្នាក់​ដែល​មាន​ចំណេះដឹង ហើយ​បម្រើ​ប្រជារាស្ត្រ។ ហេតុ​នេះ​ហើយ​បានជា​យើង​ខំ​ធ្វើការ​នៅ ទីនេះ»។

លោក Barack Obama ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ឈ្នះ​ឆ្នោត​ក្នុង​រដ្ឋNorth Carolina យ៉ាង​ប្រកៀកប្រកិត​កាល​ពី​ឆ្នាំ ២០០៨។ គណបក្ស​សាធារណរដ្ឋ​បាន​ឈ្នះ​ឆ្នោត​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ពីរ​លើក​ក្រោយមក ដោយ​ឈ្នះ​តិច​ជាង ៤%។ ការ​ស្ទង់មតិ​កាល​ពី​ពេល​ថ្មីៗ​នេះ​បង្ហាញ​ថា លោក Biden នាំមុខ​តិចតួច​បំផុត​ក្នុង​រដ្ឋ​នេះ។

លោក Michael Bitzer សាស្ត្រាចារ្យ​ផ្នែក​នយោបាយ​និង​ប្រវត្តិសាស្ត្រ​នៃ​មហាវិទ្យាល័យ Catawba បាន​និយាយ​ថា៖ «រដ្ឋ North Carolina មាន​ការខ្វែង​គំនិត​គ្នា​ជូរចត់​ណាស់។ ក៏​ប៉ុន្តែ​វា​ជា​ការ​ខ្វែង​គំនិត​គ្នា​ដែល​សឹងតែ​ស្មើ​គ្នា​រវាង​ក្រុម​គាំទ្រ​គណបក្ស​នីមួយៗ។ គណបក្ស​ទាំង​ពីរ​ទំនងជា​ទទួល​បាន​ការ​គាំទ្រ​ពី ៤៣ ទៅ ៤៥ ឬ ៤៦% នៃ​សន្លឹកឆ្នោត។ ប៉ុន្តែ​អ្នក​បោះឆ្នោត​ដែល​អាច​បញ្ចុះបញ្ចូល​បាន​អាច​ប្តូរ​ការ​គាំទ្រ​ពី​គណបក្ស​មួយ​ទៅ​គណបក្ស​មួយ​ទៀត​បាន ហើយ​ការណ៍​នេះ​អាច​ធ្វើឱ្យ​រដ្ឋ North Carolinaមាន​ការប្រជែង​ខ្លាំង​ដូច​កន្លែង​ផ្សេងទៀត​ក្នុង​ប្រទេស​ដែរ»។

បន្ថែម​ទៅ​នឹង​ការ​បោះឆ្នោត​ប្រធានាធិបតី រដ្ឋ North Carolina ក៏​មាន​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ដ៏​ក្ដៅ​គគុក​ផង​ដែរ ដែល​អាច​ជួយ​កំណត់​ថា​តើ​គណបក្ស​ណា​មួយ​អាច​នឹង​គ្រប់គ្រង​ព្រឹទ្ធសភា​បាន៕

ប្រែ​សម្រួល​ដោយលោក ឈឹម សុមេធ

XS
SM
MD
LG