ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានធ្វើដំណើរទស្សនកិច្ចទៅកាន់រដ្ឋសំខាន់ពីរ គឺរដ្ឋ Florida និង North Carolina កាលពីថ្ងៃអង្គារ ចំណែកឯបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យលោក Joe Biden វិញ បានបញ្ចេញសារឃោសនាបោះឆ្នោតថ្មី ដែលត្រូវបានគេចាក់ផ្សាយក្នុងរដ្ឋសំខាន់ៗ ដែលមានឥទ្ធិពលដល់លទ្ធផលនៃការបោះឆ្នោតថ្ងៃទី ៣ ខែវិច្ឆិកាខាងមុខ។
មុនពេលចាកចេញនៅថ្ងៃអង្គារ លោក Trump បាននិយាយថា យុទ្ធនាការរបស់លោកដំណើរការបាន «យ៉ាងល្អប្រសើរ» ហើយលទ្ធផលនៃការស្ទង់មតិដែលលោកបានឃើញគឺ «ល្អណាស់»។
លោកក៏បានថ្លែងអំពីអំពើហិង្សាតាមដងផ្លូវដែលពាក់ព័ន្ធនឹងការតវ៉ាប្រឆាំងការរើងអើងជាតិសាសន៍នៅតាមទីក្រុងជាច្រើន នៅក្នុងសហរដ្ឋអាមេរិកផងដែរ ដោយថា លោក Biden «ពុំមានកម្លាំង» និង«សមត្ថភាពផ្លូវចិត្តដើម្បីគ្រប់គ្រង» ស្ថានការណ៍នេះទេ។
យុទ្ធនាការរបស់លោក Biden បានបញ្ចេញវីដេអូផ្សព្វផ្សាយថ្មីមួយរយៈពេល ៦០ វិនាទី នៅក្នុងរដ្ឋសំខាន់ៗ ដោយព្យាយាមបង្ហាញថា ការប្រកួតប្រជែងយកតំណែងប្រធានាធិបតីលើកនេះ គឺជាជម្រើសរវាង «ពិភពងងឹត» នៃការកាន់អំណាចរបស់លោក Trump និងលទ្ធភាពនៃ «ការចាប់ផ្ដើមថ្មី» មួយ។
នៅក្នុងការផ្សព្វផ្សាយនោះ អ្នកពណ៌នាបរិយាយថា៖ «នេះគឺជាឱកាសរបស់យើងក្នុងការបោះបង់ចោលនូវពិភពងងឹត ៤ ឆ្នាំកន្លងមក ដើម្បីបញ្ចប់កំហឹង ការប្រមាថ ការបែកបាក់ អំពើហិង្សា និងដើម្បីចាប់ផ្ដើមជាថ្មីនៅក្នុងសហរដ្ឋអាមេរិក។ យើងអាចឈប់ផ្ដោតលើប្រធានាធិបតីដែលគិតតែពីខ្លួនឯង និងចាប់ផ្ដើមផ្ដោតលើអ្វីដែលល្អបំផុតសម្រាប់ប្រទេសរបស់យើង»៕