នៅពេលការឃោសនាបោះឆ្នោតប្រធានាធិបតីស.រ.អា.ចូលក្នុងរយៈពេលពីរខែចុងក្រោយ លោកប្រធានាធិបតី ដូណាល់ ត្រាំ និងគូប្រជែងរបស់លោកខាងគណបក្សប្រជាធិបតេយ្យគឺលោកអតីតអនុប្រធានាធិបតី Joe Biden បានបង្កើនការធ្វើដំណើរទៅកាន់រដ្ឋដែលមានការប្រកួតប្រជែងខ្លាំងក្នុងសប្តាហ៍ទីពីរនៃខែកញ្ញា។ ក៏ប៉ុន្តែបេក្ខជនទាំងពីរនេះមានរបៀបបញ្ជូនសាររបស់ពួកគេខុសប្លែកគ្នាទៅកាន់ក្រុមអ្នកគាំទ្រពួកគេ។
ក្នុងសប្តាហ៍ទីពីរនៃខែកញ្ញា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើដំណើរទៅកាន់រដ្ឋចំនួនប្រាំដែលមានការប្រកួតប្រជែងគ្នាខ្លាំងគឺរដ្ឋ Florida , North Carolina ,Michigan, Pennsylvania និងរដ្ឋNevada។
លោកបានធ្វើការជួបជុំដោយមានមនុស្សរាប់ពាន់នាក់ដោយលោកបាននិយាយថា ពួកគេមិនខុសប្លែកពីក្រុមបាតុករនៃចលនាជីវិតក្រុមជនស្បែកខ្មៅមានសារៈសំខាន់នោះទេ។
លោក ត្រាំ បាននិយាយថា៖ «ប្រសិនបើអស់លោកអ្នកចង់ធ្វើកុបកម្មហើយឈរទល់មុខគ្នា និងធ្វើអ្វីដែលលោកអ្នកចង់ធ្វើ លោកអ្នកត្រូវបានអនុញ្ញាតឱ្យធ្វើដូច្នេះ ពីព្រោះអស់លោកអ្នកបានត្រូវចាត់ទុកថា ជាពួកបាតុករដោយសន្តិវិធី។ ដូច្នេះយើងសម្រេចចិត្តហៅការជួបជុំរបស់យើងថា ជាការជួបជុំតវ៉ាដោយសន្តិវិធី»។
នៅពេលជាមួយគ្នានេះ លោក Joe Biden បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យជួបជាមួយក្រុមអ្នកគាំទ្រលោកជាក្រុមតូចៗនៅឆ្ងាយពីគ្នាដោយមានរួមបញ្ចូលការប្រមូលផ្តុំគ្នាកាលពីដើមសប្តាហ៍ទីពីរនៃខែកញ្ញានៅក្នុងរដ្ឋ Pennsylvania ផងដែរ។
ការឃោសនាបោះឆ្នោតរបស់លោក Biden ពឹងពាក់ច្រើនលើការប្រមូលផ្តុំគ្នាតាមវីដេអូដោយចង់បង្ហាញថា បេក្ខជនរបស់ពួកគេជាមេដឹកនាំមានការយល់ចិត្តដែលចៀសវាងមិនឱ្យក្រុមមនុស្សឆ្លងវីរុសកូរ៉ូណា។ លោក Todd Beltដែលជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅឯសាកលវិទ្យាល័យ George Washington បាននិយាយថា៖ «លោក Biden ជាឥស្សរជនទៅចូលរួមក្នុងការប្រមូលផ្តុំគ្នាមានភាពស្និទ្ធស្នាលហើយលោកស្តាប់អ្វីដែលប្រជារាស្ត្រនិយាយ។ ហើយការប្រមូលផ្តុំគ្នាបែបនេះជាផ្នែកមួយនៃទិដ្ឋភាពយុត្តិធម៌សង្គមហើយក៏ជាទិដ្ឋភាពខាងវេជ្ជសាស្ត្រនិងខាងសេដ្ឋកិច្ចនៅក្នុងសាររបស់លោកដែរ។ ចំណែកឯលោកប្រធានាធិបតី ត្រាំ វិញ លោកចង់ឱ្យមានហ្វូងមនុស្សធំៗ។ លោកចង់បង្ហាញថា លោកមានការគាំទ្រពីអ្វីដែលលោកហៅថា ប្រជារាស្ត្រអាមេរិកាំងច្រើននាក់ដែលនៅស្ងាត់ស្ងៀមនិងថា លោកកំពុងឋិតក្នុងការប្រកួតប្រជែង ហើយថា លោកនៅតែមានក្រុមអ្នកគាំទ្រច្រើន»។
នៅក្នុងការឃោសនាបោះឆ្នោតមួយកាលពីថ្ងៃពុធទី៩ កញ្ញា នៅក្នុងរដ្ឋ Michigan លោក Biden បានរិះគន់លោក ត្រាំ ដោយលាតត្រដាងពីសៀវភៅមួយនិពន្ធដោយអ្នកសារព័ត៌មាន Bob Woodward ដែលថា លោកប្រធានាធិបតីបានសារភាពក្នុងការថតសំឡេងកាលពីខែកុម្ភៈដែលថា លោកមិនបានផ្តល់សារៈសំខាន់ខ្លាំងដល់វីរុសកូរ៉ូណាដើម្បីចៀសវាងកុំឱ្យមានការភ្ញាក់ផ្អើល។
លោក Joe Bidenបានមានប្រសាសន៍ថា៖ «លោក ត្រាំ មានព័ត៌មាននេះ។ លោកដឹងអំពីគ្រោះថ្នាក់នៃវីរុសនេះ។ ហើយនៅពេលជំងឺដ៏ប្រល័យនេះរាលដាលក្នុងប្រទេសជាតិយើង លោកគ្មានបំណងធ្វើឱ្យមានជោគជ័យក្នុងការបំពេញការងារនេះរបស់លោកទេ។ នេះជាបញ្ហាស្លាប់រស់ហើយលោក ត្រាំ បានក្បត់ប្រជារាស្ត្រអាមេរិកាំង»។
ចំណែកឯលោក ត្រាំ វិញបាននិយាយថា៖ «យើងមិនចង់ឱ្យមានការភ្ញាក់ផ្អើលទេ។ យើងមិនចង់បង្ហាញការភ្ញាក់ផ្អើលទេ។ ហើយនេះជាអ្វីដែលខ្ញុំបានធ្វើ។ ហើយខ្ញុំមានភាពចំហខ្លាំងណាស់ ទោះជាជាមួយលោក Woodward ឬជាមួយនរណាក៏ដោយ»។
ការស្ទង់មតិបង្ហាញថា ក្រុមអ្នកបោះឆ្នោតផ្តល់សារៈសំខាន់ខ្លាំងលើការរាលត្បាតជាសាកលនៃជំងឺកូវីដ១៩ ហើយថា ប្រជារាស្ត្រអាមេរិកាំងភាគច្រើនមិនសប្បាយចិត្តទេនឹងការដោះស្រាយរបស់លោក ត្រាំ លើវីរុសកូរ៉ូណាដែលក្រុមអ្នកឃោសនាបោះឆ្នោតជូនលោក Biden អន្ទះសាលើកយកមកគូសបញ្ជាក់ណាស់។
ក៏ប៉ុន្តែនៅពេលលោក ត្រាំ ឋិតនៅក្រោយលោក Biden នៅក្នុងការស្ទង់មតិក្នុងប្រទេសជាតិក៏ដោយ ក៏លោក Biden នាំមុខតែបន្តិចបន្តួចជាពិសេសនៅក្នុងរដ្ឋខ្លះដែលមានការប្រជែងគ្នាខ្លាំង។
ពួកអ្នកធ្វើការឃោសនាបោះឆ្នោតឱ្យលោក ត្រាំ បានធ្វើសកម្មភាពតាមប្រពៃណីដោយមានរួមបញ្ចូលការបង្កើតការិយាល័យក្នុងមូលដ្ឋាននៅទូទាំងប្រទេសនិងឃោសនាពីផ្ទះមួយទៅផ្ទះមួយទៀត។
ពួកទីប្រឹក្សាលោក Biden បាននិយាយទទូចថា យុទ្ធសាស្ត្ររបស់ពួកគេដែលផ្តោតការយកចិត្តទុកដាក់លើការរាតត្បាតនៃជំងឺកូវីដ១៩ និងសេដ្ឋកិច្ចដោយយកជាទីដៅក្រុមចម្រុះនានានិងក្រុមមានភាពដូចគ្នានោះ ទទួលបានផលល្អ។ តែអ្នកប្រជាធិបតេយ្យខ្លះនៅតែតប់ប្រមល់ក្នុងចិត្ត។
អ្នកស្រី Christina Proctor នៃគណៈកម្មាធិការគណបក្សប្រជាធិបតេយ្យក្នុងសង្កាត់វ៉ាស៊ីនតោន រដ្ឋ Pennsylvania និយាយថា៖ «ពួកសាធារណរដ្ឋបង្កើតឱ្យមានការរំភើបចិត្តខ្លះជាមួយការប្រមូលផ្តុំរបស់ពួកគេ។ ពួកគេនៅតែដើរគោះទ្វារតាមផ្ទះ។ ដោយសារយើងគិតគូរហ្មត់ចត់អំពីការរាតត្បាតនៃជំងឺកូវីដ១៩ យើងមិនបានដើរទៅគោះទ្វារតាមផ្ទះទេ។ ខ្ញុំខ្វល់ខ្វាយថា ការណ៍នេះអាចដាក់យើងចាញ់ប្រៀប»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ