កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី ២៥ ខែមករា ឆ្នាំ ២០២៤ ឪពុកម្តាយសិស្សបានជួបជុំគ្នានៅសាលារៀនបឋមសិក្សាព្រះនរោត្តម ដែលមានទីតាំងនៅតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានបង្រៀនពីថ្នាក់មតេយ្យដល់ថ្នាក់ទី ៦។ ការប្រជុំគ្នានេះធ្វើឡើងតាមការអញ្ជើញរបស់ថ្នាក់ដឹកនាំសាលារៀន នៅក្នុងលិខិតមួយច្បាប់ ចុះថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៤។
លិខិតអញ្ជើញដែលមានហត្ថលេខារបស់នាយកសាលា លោក ជ្រិន សាលី បញ្ជាក់ថា៖ «ដើម្បីចូលរួមធ្វើតេស្តដើមឆ្នាំនិងបង្កើតគណៈកម្មការគ្រប់គ្រងថ្នាក់រៀន និងសាលារៀន»។
ប៉ុន្តែឪពុកម្តាយសិស្សត្រូវបានប្រាប់ក្នុងកិច្ចប្រជុំអំពីកង្វះខាតរបស់សាលារៀន ក្នុងនោះមានភ្លើងនិងទឹក។ ក្នុងកិច្ចប្រជុំនោះ ឪពុកម្តាយមួយចំនួនប្រាប់វីអូអេថា ពួកគេត្រូវបានស្នើឲ្យឧបត្ថម្ភប្រាក់ចំនួន ៣ ម៉ឺនរៀលក្នុងម្នាក់សម្រាប់ឆ្នាំសិក្សាថ្មី ដែលមានរយៈពេល ១០ ខែ។ ឪពុកម្តាយសិស្សក៏ត្រូវបានប្រាប់ថា កុំឲ្យបែកព័ត៌មាននេះទៅខាងក្រៅ។
អ្នកស្រី ពិសី ដែលសុំប្រាប់ត្រឹមតែនាមខ្លួន ជាម្តាយរបស់សិស្សថ្នាក់ទី ១ ម្នាក់ បានចូលរួមកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៨ ព្រឹក ដែលជាថ្ងៃឈប់សម្រាករបស់សាលារៀន។ អ្នកស្រីនិយាយថា គ្រូៗដែលមានវត្តមានក្នុងកិច្ចប្រជុំនោះបានប្រាប់ឪពុកម្តាយសិស្សរាប់រយនាក់ថា ទឹកភ្លើងនឹងលែងមានទៀត ក្នុងរយៈពេលបីខែ ដោយរដ្ឋនឹងផ្តាច់ ព្រោះសាលាមិនមានថវិកាសម្រាប់បង់។ អ្នកស្រីបន្ថែមថា សាលារៀនបានសុំឪពុកម្តាយឲ្យជួយឧបត្ថម្ភ ដើម្បីកូនៗរបស់ពួកគេមានទឹក និងភ្លើងសម្រាប់ប្រើប្រាស់។
អ្នកស្រី ពិសី អាយុ៤២ឆ្នាំ ដែលជាអ្នកបម្រើការស៊ីឈ្នួលតាមផ្ទះ ប្រាប់វីអូអេថា៖ «ម៉ែឪចេះតែអាណិតកូន ចេះតែបង់ទៅ។ កូនអត់កង្ហារ វាហប់ អត់ភ្លើង ខ្លាចមូសខាំ»។
អ្នកស្រីបន្ថែមថា៖ «គេថា គ្រាន់តែឲ្យម៉ែៗជួយ ហើយកុំឲ្យបែកធ្លាយទៅខាងក្រៅ»។
អ្នកស្រី ពិសី បញ្ជាក់ថា ឪពុកម្តាយខ្លះបានបង់ប្រាក់នេះរួចហើយ នៅពេលចូលរួមកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍។
អ្នកស្រីថ្លែងបន្តថា៖ «លុយប៉ុណ្ណឹង សាលាមិនគួរខ្វះខាតទេ។ រដ្ឋត្រូវពិនិត្យមើលឡើងវិញ»។
បើតាមអ្នកស្រី ពិសី សាលារៀនព្រះនរោត្តមក៏រកចំណូលបានពីថ្លៃជួលលក់នំចំណី ម្ហូបអាហារ និងសេវាផ្សេងៗទៀត។
ប្រសិនបើឪពុកម្តាយមិនបង់ប្រាក់នេះ ពួកគេបារម្ភថា គ្រូៗមិនយកចិត្តទុកដាក់លើកូនៗរបស់ពួកគេ។ នេះបើតាមអ្នកស្រី ពិសី។
អ្នកស្រីថ្លែងថា៖ «បើអត់បង់ ខ្លាចគេមិនយកចិត្តទុកដាក់បង្រៀន គេអត់ខ្វល់»។
អ្នកស្រី ពិសី បន្ថែមថា កាលពីឆ្នាំមុន អ្នកស្រីបានបង់ប្រាក់២ម៉ឺនរៀលដែរសម្រាប់សេវាទឹកភ្លើងដូចគ្នា។
អ្នកស្រី ពិសី ក៏បានចំណាយប្រាក់ ៤ ម៉ឺនរៀលក្នុងមួយខែសម្រាប់ឲ្យទៅគ្រូបង្រៀន ដើម្បីឲ្យជួយមើលថែយកចិត្តទុកដាក់កូនរបស់អ្នកស្រី។
វីអូអេបានសាកសួរឪពុកម្តាយ និងសាច់ញតិសិស្សដែលមកយកកូនសរុប ៥ នាក់ រួមទាំងសិស្សមួយចំនួន ហើយពួកគេបានអះអាងថា សុទ្ធតែទើបបង់លុយឲ្យកូនៗក្នុងម្នាក់ៗ ៣ ម៉ឺនរៀល។
ក្នុងពេលមកយកក្មួយ ៣ នាក់ ចេញពីសាលារៀននារសៀលថ្ងៃសុក្រនេះ បុរសម្នាក់ដែលសុំមិនបញ្ចេញឈ្មោះប្រាប់ថា រូបលោកទើបបង់លុយចំនួន ៩ ម៉ឺនរៀល សម្រាប់ក្មួយៗ ៣ នាក់ដែលរៀននៅសាលាបឋមសិក្សានរោត្តមនេះ។
លោកថ្លែងថា៖ «បាទ ទើបបង់ពីម្សិលមិញ ម្នាក់ ៣ ម៉ឺនរៀល ថ្លៃទឹក សរុបទាំងអស់ អស់៩ម៉ឺនបាត់ហើយ»។
លោក ជ្រិន សាលី នាយកសាលាបឋមសិក្សាព្រះនរោត្តម ប្រាប់វីអូអេថា លោកពិតជាបានប្រជុំជាមួយឪពុកម្តាយសិស្សកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែលោកបដិសេធថាមិនបាននិយាយអំពីបញ្ហាខ្វះលុយថ្លៃទឹកភ្លើងឡើយ។
លោកថ្លែងថា៖ «គោលបំណងសំខាន់របស់ខ្ញុំពីម្សិលមិញ ខ្ញុំអត់មាននិយាយអំពីទឹកភ្លើងទេ។ ខ្ញុំនិយាយអំពីការបង្កើតគណៈកម្មការដើម្បីគ្រប់គ្រងថ្នាក់រៀន ដើម្បីឲ្យវាមាននិរន្តរភាព។ ខ្ញុំអត់មាននិយាយរឿងទឹក រឿងភ្លើងទេ»។
ទោះជាយ៉ាងណា លោកថា សាលារៀនទទួលស្វាគមន៍ការចូលរួមថវិកាពីឪពុកម្តាយសិស្ស ដោយមិនមានការបង្ខិតបង្ខំឡើយ។
លោកថ្លែងថា៖ «ជាការស្ម័គ្រចិត្តរបស់ឪពុកម្តាយសិស្ស។ បើសិស្សណាអត់លទ្ធភាព ក៏សាលាមិនថា កូនឯងអត់លទ្ធភាព ដេញចេញពីសាលា អត់ទេ គឺកូនណាមានលទ្ធភាពក៏ជួយទៅ»។
បើតាមលោក ជ្រិន សាលី រដ្ឋាភិបាលបានជួយថវិកាក្នុងការបង់ទឹកភ្លើងរបស់សាលារៀន។
នាយកសាលារូបនោះឲ្យដឹងទៀតថា សិស្សនៅសាលារបស់លោកមានចំនួន ៣.១២០នាក់ ដែលមានបន្ទប់រៀនចំនួន ៧៦ បន្ទប់។
អ្នកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ ប្រាប់វីអូអេជាអក្សរតាមប្រព័ន្ធតេឡេក្រាមថា ក្រសួងបានផ្តល់ថវិកាគាំទ្រ និងដំណើរការសាលារៀន។ ប៉ុន្តែមាតាបិតាក៏ដូចជាសិស្សានុសិស្សដែលមានតម្រូវការបន្ថែម ដូចជាបំពាក់ម៉ាស៊ីនត្រជាក់ក្នុងថ្នាក់រៀន សម្ភារៈអគ្គិសនី ឬសម្ភារៈអេឡិចត្រូនិកបន្ថែម ពួកគេអាចពិភាក្សាជាមួយសាលារៀន និងចូលរួមគាំទ្រការងារនេះ។
នៅពេលសួរថា តើការប្រជុំជាមួយឪពុកម្តាយនិយាយអំពីការចូលរួមបង់ថ្លៃទឹកភ្លើងនេះមានភាពមិនប្រក្រតីឬយ៉ាងណា អ្នកនាំពាក្យរូបនោះបញ្ជាក់ថា៖ «ការប្រជុំពិភាក្សារវាងសាលា និងមាតាបិតាគឺដើម្បីគាំទ្រការរៀននិងបង្រៀនរបស់សិស្សានុសិស្ស ដូច្នេះមាតាបិតាអាចសម្រេចចិត្តគាំទ្រ ឬបំពេញបន្ថែមនូវធនធាននានាតាមការស្ម័គ្រចិត្តរបស់គាត់»។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រាប់វីអូអេថា ការប្រមូលលុយពីឪពុកម្តាយកើតឡើងសឹងតែគ្រប់សាលារៀនទៅហើយ។ អ្នកស្រីបន្ថែមថា ការប្រមូលថវិកានេះ ដោយសារមានការអនុញ្ញាតពីក្រសួងអប់រំ។
អ្នកស្រីបន្ថែមថា៖ «បើសិនជាយើងយកលុយ ទោះបីថា តិចតួចតែ ១ពាន់ ២ពាន់ ៥ពាន់ ១ម៉ឺនតិចតួចទេតើ! មិនបានអស់លោកហូបគុយទាវមួយចានផង! វាតិចតួចសម្រាប់អ្នកធំ អ្នកមាន តែចំពោះអ្នកក្រគឺច្រើនបំផុត»។
អ្នកស្រីក៏ចោទជាសំណួរអំពីការគ្រប់គ្រងថវិកាដែលប្រមូលពីឪពុកម្តាយ សូមឲ្យមានតម្លាភាព និងមិនមានការប្រព្រឹត្តអំពើពុករលួយ។
ត្រឡប់ទៅម្តាយរបស់សិស្សម្នាក់ដែលរៀននៅសាលាបឋមសិក្សាព្រះនរោត្តមវិញ អ្នកស្រី ពិសី អះអាងថា អ្នកស្រីមិនទាន់បានបង់ថវិកា ៣ ម៉ឺនរៀលនោះទេ កាលពីថ្ងៃព្រហស្បតិ៍ ដោយរង់ចាំបើកប្រាក់ខែសិន។ អ្នកស្រីលើកឡើងថា បើអ្នកស្រីមានថវិកាច្រើន អ្នកស្រីនឹងបញ្ជូនកូនទៅរៀននៅសាលាឯកជនវិញ៕
វេទិកាបញ្ចេញមតិ