ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហិង្សាក្នុងសាលារៀននៅតែជាក្តីបារម្ភរបស់សិស្សានុសិស្សកម្ពុជា


រូបផ្គុំនេះបង្ហាញ​សិស្សនៅខេត្តព្រះសីហនុ​និង​សិស្ស​នៅ​រាជធានី​ភ្នំពេញ ដែល​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​អន្តរាគមន៍​ពាក់ព័ន្ធ​នឹង​ករណី​ឈ្លោះ​ប្រកែក​និង​វាយ​ប្រតប់​គ្នា​ដែលត្រូវបាន​ផ្សាយ​តាម​បណ្តាញ​សង្គម។ (Facebook/ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)
រូបផ្គុំនេះបង្ហាញ​សិស្សនៅខេត្តព្រះសីហនុ​និង​សិស្ស​នៅ​រាជធានី​ភ្នំពេញ ដែល​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​អន្តរាគមន៍​ពាក់ព័ន្ធ​នឹង​ករណី​ឈ្លោះ​ប្រកែក​និង​វាយ​ប្រតប់​គ្នា​ដែលត្រូវបាន​ផ្សាយ​តាម​បណ្តាញ​សង្គម។ (Facebook/ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

កាល​ពី​ថ្ងៃ​ទី​ ៤​ ខែ​មករា ​ឆ្នាំ​ ២០២៤ ​នគរបាល​ខណ្ឌ​កំបូល​ រាជធានី​ភ្នំពេញ​បាន​ឃាត់​ខ្លួន​ក្រុម​ក្មេង​ដែល​ប្រើ​អំពើ​ហិង្សា​លើ​ក្មេង​ស្រី​ម្នាក់។ ​ក្រុម​ក្មេងស្រី​បង្ក​ហិង្សា​ទាំង​នេះ​បាន​ជិះ​ម៉ូតូ​គេច​ខ្លួន​ទៅ​ដល់​ចំណុច​រង្វង់​មូល​វាលរេញ ​ស្រុក​ព្រៃនប់ ​ខេត្ត​ព្រះ​សីហនុ ​ក្រោយ​ធ្វើ​សកម្ម​ភាព​វាយ​ក្មេងស្រី​ម្នាក់ ​ហើយ​បាន​បង្ហោះ​វីដេអូ​ហិង្សា​នេះ ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក។ ​នេះ​បើ​យោង​តាម​ព័ត៌មាន​ដែល​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។​

ចំណែក​កាល​ពី​ថ្ងៃ​ទី​ ៩ ​ខែ​មករា​ ឆ្នាំ​ ២០២៤​ នេះ ​យុវសិស្ស​មួយ​ក្រុម​នៅ​វិទ្យាល័យ​ហ៊ុន សែន ប៊ុនរ៉ានី​វត្ត​ភ្នំ ​ត្រូវ​បាន​សមត្ថ​កិច្ច​នាំ​យក​ទៅ​សាក​សួរ​អំពី​ជម្លោះ​រវាង​គ្នា​និង​គ្នា។ ​អាណាព្យាបាល​ជន​រង​គ្រោះ​និង​អាណាព្យាបាល​ជន​បង្ក​សម្រេច​មិន​ប្តឹង​ផ្តល់​អ្វី​ឡើយ ​ដោយ​សារ​ករណី​អាណា​ធិបតេយ្យ​នៅ​ក្នុង​សាលា​នេះ​មិន​បង្ក​របួស​សា្នម​ដល់​រាង​កាយ ​ហើយ​ក្មេង​បង្ក​នៅ​ជា​អនីតិជន​នៅ​ឡើយ។​ សមត្ថកិច្ច​បាន​អនុញ្ញាត​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ ​ដោយ​មាន​ការ​ធានា​ការ​អប់រំ​ពី​អាណាព្យាបាល។ ​នេះ​បើ​យោង​តាម​ព័ត៌មាន​ដែល​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។​

ជម្លោះ​ហិង្សា​រវាង​សិស្ស​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត ​នៅ​តែ​ជា​បញ្ហា​ប្រឈម​មួយ​ដែល​អាណា​ព្យាបាល​សិស្ស ​និង​អ្នក​ជំនាញ​លើ​វិស័យ​អប់រំ​បារម្ភ​ថា​អាច​ធ្វើ​ឱ្យ​សិស្ស​បាត់​បង់​តម្លៃ​នៃ​សីល​ធម៌​ និង​ប៉ះពាល់​ការ​សិក្សា​របស់​សិស្ស។​

យុវជន​ លូ សុធារិទ្ធ ​ជា​សិស្ស​ថ្នាក់​ទី​ ១០ ​នៅ​វិទ្យាល័យ​ទួល​ប្រាសាទ​សែន​សុខ​ ប្រាប់​វីអូអេ​ថា​ លោក​ធ្លាប់​ជួប​ប្រទះ​ករណី​ហិង្សា​រវាង​សិស្ស ​និង​សិស្ស​នៅ​វិទ្យាល័យ​របស់​លោក​ជា​ច្រើន​ដង។ ​លោក​ថា ​វា​បាន​ផ្តល់​ផល​ប៉ះ​ពាល់​ជា​ខ្លាំង​ដល់​ខ្លួន ​និង​មិត្ត​រួម​សាលា​ដទៃ​ទៀត។ ​សិស្ស​ថ្នាក់​ទី ​១០ ​រូប​នេះ​យល់​ឃើញ​ថា ការ​បង្ក​ហិង្សា​ឬ​ជម្លោះ​នៅ​ក្នុង​សាលា​គឺ​ជា​រឿង​មិន​ល្អ ​បង្ក​ភាព​អសណ្តាប់​ធ្នាប់ ​និង​អាច​បង្ក​ជា​ផល​ប៉ះ​ពាល់​ទៅ​ដល់​អារម្មណ៍​របស់​សិស្សានុសិស្ស​ដទៃ​ទៀត។ ​តាម​បទ​ពិសោធន៍​ដែល​ខ្លួន​បាន​ជួប​ប្រទះ​កន្លង​មក ​យុវជន​វ័យ ​១៨ ​ឆ្នាំ​រូប​នេះ ​លើក​ឡើង​ថា​ ជម្លោះ ​ឬ​ហិង្សា​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​សាលា​ច្រើន​បង្ក​មក​ពី​ការ​ឌឺ​ដង​គ្នា​ទៅ​វិញ​ទៅ​មក​ និង​ការ​បង្កើត​ជា​បក្ស​ពួក​និយម​ជា​ដើម។​

យុវជន​រូប​នេះ​ថ្លែង​ថា៖​ «ចំពោះ​ទំនាស់​ភាគ​ច្រើន​កើត​ឡើង​ដោយ​សារ​ការ​ឌឺ​ដង​គ្នា​ទៅ​វិញ​ទៅ​មក​ មាន​ដូច​ជា​បង្កើត​បក្ស​ពួក​ក្រុម​នៅ​ក្នុង​សាលា​រៀន​ដែល​ធ្វើ​ឱ្យ​មាន​ការ​ឌឺ​ដង​គ្នា​ បង្ក​ជា​ហិង្សា​ ឬ​ក៏​ប៉ះ​ពារ​គ្នា​ដោយ​អចេតនា​ក៏​អាច​បង្ក​ជា​ហិង្សា​គ្នា​ទៅ​វិញ​ទៅ​មក​ ព្រោះ​អី​ចំពោះ​សិស្សានុសិស្ស​ខ្លះ​ គាត់​មាន​ជម្លោះ​នៅ​ខាង​ក្រៅ​សាលា​ ឬ​ក៏​ផ្ទាល់​ខ្លួន​ គាត់​នៅ​ពេល​ដែល​មាន​បញ្ហា​បន្តិច​បន្តួច​ ក៏​គាត់​ប្រើ​ជា​កំហឹង​ដើម្បី​មក​ដោះ​សា្រយ​ដែល​បង្កើត​បាន​ជា​ជម្លោះ​ឬ​ក៏​ហិង្សា»។​

សិស្សានុសិស្ស​មួយ​រូប​ទៀត​ យុវតី នឿន ស្រី កែវ​ ជា​សិស្ស​ថ្នាក់​ទី​ ១១ ​មក​ពី​វិទ្យា​ល័យ​ជា​ស៊ីម​ឈូកវ៉ា​ ប្រាប់​វីអូអេ​ថា​ កន្លង​មក​នៅ​ក្នុង​វិទ្យាល័យ​របស់​ខ្លួន​ធ្លាប់​មាន​ករណី​ជម្លោះ​រវាង​សិស្ស​និង​សិស្ស ​ប៉ុន្តែ​បច្ចុប្បន្ន​នេះ​សាលា​បាន​ពង្រឹង​វិន័យ​ច្រើន ​និង​មិន​មាន​ករណី​ជម្លោះ​កើត​ឡើង​ទៀត​ទេ។​

យុវតី​វ័យ​ ១៦ ​ឆ្នាំ​នេះ​ថា​ កត្តា​ដែល​បង្ក​ឱ្យ​មាន​ជម្លោះ​រវាង​សិស្ស​និង​សិស្ស​មាន​ដូច​ជា​ការ​ឌឺ​ដង​ដាក់​គ្នា ​ការ​ចង់​ឈ្នះ​រៀង​ខ្លួន​ ការ​បង្កើត​ជា​បង​ធំ​បង​តូច ​ឬ​ជម្លោះ​ស្នេហា។ ​កញ្ញា​គិត​ថា​ ជម្លោះ​នេះ​បាន​ជះ​ឥទ្ធិ​ពល​មិន​ល្អ​ទៅ​កាន់​សិស្ស​ដទៃ​ទៀត។​

កញ្ញា​ថ្លែង​ថា៖​ «និយាយ​ទៅ​វា​ផ្តល់​ឥទ្ធិ​ពល​ខ្លាំង​ដោយ​សារ​តែ​ ឧទាហរណ៍​ថា​ គាត់​រាម​ច្បង​ គេ​ចឹង​ទៅ​វា​ធ្វើ​ឱ្យ​ជះ​ឥទ្ធិ​ពល​ដល់​សិស្ស​ប្អូន​ របៀប​ថា​ សាលា​មួយ​ហ្នឹង​អត់​មាន​សណ្តាប់​ធ្នាប់​ ឬ​ក៏​អនា​ធិបតេយ្យ​ដែល​បង្ក​ឱ្យ​មាន​ហិង្សា​ឬ​ក៏​ឈ្លោះ​គ្នា​ វ៉ៃ​គ្នា​អី​បែប​អី​ចឹង»។​

រូបឯកសារ៖ សិស្ស​ថ្នាក់ទី១២ ដើរ​ចេញពី​មណ្ឌល​ប្រឡង​នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ បន្ទាប់ពី​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចប់​នៅព្រឹក​ថ្ងៃចន្ទ ទី៥ ខែធ្នូ ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)
រូបឯកសារ៖ សិស្ស​ថ្នាក់ទី១២ ដើរ​ចេញពី​មណ្ឌល​ប្រឡង​នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ បន្ទាប់ពី​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចប់​នៅព្រឹក​ថ្ងៃចន្ទ ទី៥ ខែធ្នូ ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

បើ​តាម​ការ​លើក​ឡើង​របស់​សិស្សានុសិស្ស​ដែល​វីអូអេ​បាន​សម្ភាស​ ពួក​គេ​សុទ្ធ​តែ​លើក​ឡើង​ស្រដៀង​គ្នា​ថា​ ដើម្បី​បញ្ឈប់ ​ឬ​កុំ​ឱ្យ​មាន​ជម្លោះ​រវាង​សិស្ស​និង​សិស្ស​នៅ​ក្នុង​សាលា ​ត្រូវ​មាន​ការ​ចូល​រួម​ពី​អាណា​ព្យាបាល​ លោក​គ្រូ​អ្នក​គ្រូ ​សិស្ស​ខ្លួន​ឯង ​និង​មិត្ត​ភ័ក្តិ​ ដោយ​មាន​ការ​ពន្យល់ ​ឬ​ការណែ​នាំ​ឱ្យ​បាន​ស៊ី​ជម្រៅ​ពី​ផល​ប៉ះ​ពាល់​ដែល​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​មក​លើ​ពួក​គេ។​

យុវតី ​នឿន ស្រី​កែវ ​សិស្ស​ថ្នាក់​ទី​ ១១ ​មក​ពី​វិទ្យាល័យ​ជា​ស៊ីម​ឈូកវ៉ា ​បញ្ជាក់​ថា៖ ​«កត្តា​ទី ១​ កត្តា​ប៉ា​ម៉ាក់ ទាម​ទារ​ឱ្យ​គាត់​យក​ចិត្ត​ទុក​ដាក់​ ឬ​ផ្តោត​ទៅ​លើ​កូន​ថា​ ​កូន​ហ្នឹង​ទៅ​រៀន​ ឬ​ក៏​ទៅ​កន្លែង​ណា​ផ្សេងៗ។ ​ហើយ​ទី​ ២​ កត្តា​លោក​គ្រូ​អ្នក​គ្រូ​ ឬ​ក៏​ខាង​សាលា។ ​បើ​សិស្ស​ម្នាក់​ហ្នឹង​ទៅ​សាលា​ឬ​ក៏​អត់​ សូម​ឱ្យ​គាត់​រាយ​ការណ៍​មក​អាណា​ព្យាបាល។ ​ហើយ​មួយ​ទៀត​លើ​ខ្លួន​ឯង។ ​តើ​ខ្លួន​ឯង​ចង់​ប្រព្រឹត្ត​អំពើ​បែប​ហ្នឹង​ឬ​ហិង្សា​ដែល​សង្គម​អត់​ទទួល​ស្គាល់​អត់?​ ហើយ​មួយ​ទៀត​មិត្ត​ភ័ក្តិ។​ នៅ​ពេល​ដែល​មិត្ត​ភ័ក្តិ​អូស​ទាញ​អ៊ីចឹង​ទៅ​ យើង​ត្រូវ​ឆ្លើយ​ថា​ទេ ​ ឬ​ប្រកាន់​គោល​ជំហរ​ខ្លួន​ឯង​ថា​ យើង​អត់​ដើរ​នៅ​លើ​ផ្លូវ​ហ្នឹង»។​

យុវតី ​ឃាង រក្សា ​សិស្ស​ថ្នាក់​ទី ​១០ ​មក​ពី​វិទ្យាល័យ​មួយ​ក្នុង​ខេត្ត​កណ្តាល ​ប្រាប់​វីអូអេ​ថា​ ជម្លោះ​ ឬ​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​នៅ​ក្នុង​សាលា​បាន​ជះ​ឥទ្ធិ​ពល​អាក្រក់​ដល់​ខ្លួន​ឯង​ គ្រួសារ ​និង​សាលា​រៀន។​ កញ្ញា​ថា​ ករណី​នេះ​បាន​កើត​ឡើង​គ្រប់​ជំនាន់ ​និង​ធ្លាប់​មាន​ករណី​ដែល​សិស្ស​មាន​ជម្លោះ ​រហូត​ដល់​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​ និង​ធ្វើ​ឱ្យ​មាន​អ្នក​ស្លាប់​នៅ​ក្នុង​ករណី​នេះ​ផង​ដែរ។​

កញ្ញា​ថ្លែង​ថា៖​ «សាលា​ខ្ញុំ​ធ្លាប់​មាន​ប្រវត្តិ​សិស្ស​វ៉ៃ​គ្នា​រហូត​ដល់​ស្លាប់​ ដោយ​សារ​ឈ្លោះ​គ្នា​រឿង​ស្នេហា។ ​ ដូច​ជា​គេ​ឈ្លោះ​គ្នា ​ទាស់​គ្នា​ គ្រាន់​តែ​ចេញ​ពី​សាលា​ភ្លាម​ទៅ​ វា​ចាប់​ផ្តើម​កាក់​វ៉ៃ​ដល់​ស្លាប់​អ៊ីចឹង»។​

អ្នក​ស្រី ​ចាន់​ វាសនា ​អាយុ​ ៤២ ​ឆ្នាំ ​ជា​ម្តាយ​ម្នាក់​ដែល​មាន​កូន​កំពុង​រៀន​នៅ​ថ្នាក់​វិទ្យាល័យ ​ប្រាប់​វីអូអេ​ថា​ ការ​បង្ក​ជា​ជម្លោះ ​ឬ​ហិង្សា​រវាង​គ្នា​និង​គ្នា​ជា​រឿង​មិន​ល្អ ​ថែម​ទាំង​មាន​ផល​ប៉ះ​ពាល់​ខ្លាំង​ដល់​ការ​សិក្សា​របស់​សិស្ស។​

អ្នក​ស្រី​ថ្លែង​ថា៖​ «ចំពោះ​មតិ​អ៊ី​ អ៊ី​យល់​ឃើញ​ថា​ ឥឡូវ​ហ្នឹង​អ៊ី​លើក​ជា​ឧទាហរណ៍​វិញ​ថា​ បើ​សិន​ជា​កូន​សិស្ស​ហ្នឹង​ត្រូវ​ជា​កូន​អ៊ី​ អ៊ី​គិត​ថា​ វា​អត់​ល្អ ​អ៊ីចឹង​ណា​ក្មួយ!​ ព្រោះ​ដោយ​សារ​ថា​ អា​រឿង​វ៉ៃ​គ្នា​នៅ​សាលា​ហ្នឹង​ គឺ​ជា​រឿង​មួយ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ខ្លាំង​ណាស់​ក្មួយ​ ព្រោះ​អ៊ី​អត់​ចូល​ចិត្ត​នូវ​ទង្វើ​អ៊ីចឹង​ទេ»។​

ក្នុង​នាម​ជា​អាណា​ព្យាបាល​សិស្ស​ អ្នក​ស្រី ​ចាន់​ វាសនា ​សំណូម​ពរ​ទៅ​នាយក​សាលា ​ឬ​លោក​គ្រូ​អ្នក​គ្រូ​ដែល​បង្រៀន​នៅ​តាម​វិទ្យា​ល័យ​ទាំង​អស់​ឱ្យ​ជួយ​ពង្រឹង​វិន័យ​ ធ្វើ​យ៉ាង​ណា​អប់រំ​សិស្ស​ឱ្យ​បាន​ខ្ជាប់​ខ្ជួន ​និង​ដាក់​កំហិត​ទៅ​លើ​សិស្ស​ណា​ដែល​ហ៊ាន​ប្រព្រឹត្ត​អំពើ​ហិង្សា ​ដើម្បី​ទប់​ស្កាត់​កុំ​ឱ្យ​ជម្លោះ​ហិង្សា​រវាង​សិស្ស​និង​សិស្ស​កើត​ឡើង។​

អ្នក​ជំនាញ​លើ​វិស័យ​អប់រំ​យល់​ថា​ ការ​បង្ក​អំពើ​ហិង្សា​នេះ​បង្ហាញពី​អសន្តិ​សុខ​មួយ​ដល់​សិស្សានុសិស្ស​នៅ​តាម​គ្រឹះស្ថាន​សិក្សា​ ដែល​ទាមទារ​ឱ្យ​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់​ រួម​មាន​លោក​គ្រូ ​អ្នក​គ្រូ​ មាតា​បិតា ​អាណា​ព្យាបាល​សិស្ស​ និង​ក្រសួង​អប់រំ​មាន​ចំណាត់​ការ ​ដើម្បី​ទប់​ស្កាត់​ និង​បង្ការ​កុំ​ឱ្យ​មាន​ជម្លោះ ​ឬ​ហិង្សា​រវាង​សិស្ស​និង​សិស្ស​នៅ​ក្នុង​ ឬ​ក្រៅ​បរិវេណ​សាលា​រៀន​បន្ត​ទៀត។​

អ្នក​ស្រី ​រឿន សុឃ័ន ​គ្រូ​បង្រៀន​ភាសាខ្មែរ​ និង​សីល​ធម៌​ពល​រដ្ឋ​នៅ​វិទ្យាល័យ​ជា ស៊ីម​សាមគ្គី​ ប្រាប់​វីអូអេ​ថា​ ជម្លោះ​រវាង​សិស្ស​និង​សិស្ស​តែង​មាន​ ​មិន​ថា​នៅ​ក្នុង​សាលា​ឬ​ក្រៅ​សាលា​នោះ​ទេ​ ដោយ​សារ​ការ​ប្រកាន់​ និង​បែង​ចែក​បក្ខ​ពួក។​

អ្នក​ស្រី​ថ្លែង​ថា៖​ «ពួក​គាត់​ប្រកាន់​ណាស់!​ ​គ្រាន់​តែ​មើល​មុខ​គ្នា ​គ្រាន់​តែ​ដើរ​ប៉ះ​គ្នា ​គ្រាន់​តែ​និយាយ​ពី​មួយ ​មួយ​ថាអញ្ចេះ​ ​នាំ​ពាក្យ​ពី​ណេះ​ទៅ​ណោះ ​ពី​ណោះ​មក​ណេះ​ ​ធ្វើ​ឱ្យ​វា​មាន​ជម្លោះ​ក៏​មាន​ដែរ»។​

ក្នុង​នាម​ជា​គ្រូ​បង្រៀន​ម្នាក់​ អ្នក​ស្រី​យល់​ថា​ ដើម្បី​បញ្ចប់​ជម្លោះ​នានា​ដែល​អាច​កើត​មាន​ឡើង​សិស្សានុសិស្ស​ទាំង​អស់​ត្រូវ​ចេះ​ស្រឡាញ់​គ្នា​ យោគ​យល់​គ្នា​ និង​ចេះ​អត់​ឱន​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក។​

រូបឯកសារ៖ បុរសម្នាក់​ធ្វើ​ដំណើរ​កាត់​ក្រសួង​អប់រំ យុវជន​និង​កីឡា នៅរាជធានីភ្នំពេញ កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)
រូបឯកសារ៖ បុរសម្នាក់​ធ្វើ​ដំណើរ​កាត់​ក្រសួង​អប់រំ យុវជន​និង​កីឡា នៅរាជធានីភ្នំពេញ កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)

អ្នកស្រី ​ឃួន វិច្ឆិកា ​អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ​ប្រាប់​វីអូអេ​ថា​ ក្រសួង​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​នេះ ​ហើយ​កន្លង​មក​ ក្រសួង​តែង​តែ​រៀបចំ​សេចក្តី​ណែនាំ​ជា​ប្រចាំ ​ដោយ​មាន​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​ជា​រៀង​រាល់​ឆ្នាំ​ ទាំង​សាលា​រៀន​សាធារណៈ ​និង​ឯក​ជន​ នៅ​ក្នុង​ការ​រៀបចំ​ឱ្យ​មាន​បទ​បញ្ជា​ផ្ទៃ​ក្នុង​សាលារៀន​ជាដើម។ ​អ្នកស្រី​បន្ថែម​ថា​ ក្រសួង​បាន​ប្រឹង​ប្រែង​ទប់​ស្កាត់ ​និង​ធានា​ឱ្យ​បាន​នូវ​ការ​រស់​នៅ​ប្រកប​ដោយ​សុខ​សន្តិភាព ​និង​ការ​យោគ​យល់​អធ្យាស្រ័យ​គ្នា​នៅ​តាម​សាលា​រៀន។​

អ្នក​ស្រី​ថ្លែង​ថា៖​ «សម្រាប់​រាល់​កិច្ច​ការ​ដែល​កើត​មាន​កន្លង​មក​នេះ​ នៅ​ពេល​ដែល​មាន​ហេតុ​ការណ៍​ណា​មួយ​មិន​ប្រក្រតី​កើត​ឡើង​ ឬ​ក៏​នៅ​ពេល​ដែល​សិស្ស​មិន​គោរព​តាម​បញ្ជា​ផ្ទៃ​ក្នុង​នោះ​ គឺ​ក្រសួង​អប់រំ​ក៏​ដូច​ជា​សាលា​រៀន​នីមួយៗ​តែង​តែ​ប្រកាន់​ខ្ជាប់​នូវ​បទ​បញ្ជា​ផ្ទៃ​ក្នុង​ហើយ​ព្យាយាម​ដោះស្រាយ​ ដោយ​ការ​ស្វែង​យល់​ដោយ​សន្តិ​វិធី​ មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​ មិន​ថា​ លោក​គ្រូ ​អ្នក​គ្រូ​ ឬ​ប្អូនៗ​ដែល​បង្ក​អំពើ​ហិង្សា​ ឬ​ស្ថិត​នៅ​ក្នុង​ជម្លោះ​ ក៏​ដូច​ជា​មាតា​បិតា​ អាណា​ព្យាបាល​ផង​ដែរ ​ដើម្បី​ចូល​រួម​ដោះ​ស្រាយ​បញ្ហា​ ដោយ​សារ​យើង​ស្រឡាញ់​ និង​ចង់​ឱ្យ​គាត់​មាន​អនាគត​វែង​ឆ្ងាយ»។​

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ អ្នក​ស្រី ​អ៊ុក ឆាយ៉ាវី​ ប្រាប់​វីអូអេ​ថា​ រាល់​ជម្លោះ ​ឬ​ការ​វាយ​តប់​គ្នា​របស់​សិស្សានុសិស្ស​ដែល​ធ្លាប់​មាន​កន្លង​មក​នេះ ​គឺ​ដោយ​សារ​តែ​ប្រព័ន្ធ​សង្គម ជាពិសេស​ប្រព័ន្ធ​អប់រំ​មាន​ការ​ធ្លាក់​ចុះ ​និង​ភាព​អយុត្តិ​ធម៌​ដែល​អ្នក​ស្រី​យល់​ឃើញ​ថា​ ជា​រឿយៗ​ វា​បាន​ផ្តល់​ជា​គំរូ​មិន​ល្អ​ដល់​យុវជន។​

អ្នក​ស្រី​ថ្លែង​ថា៖​ «យើង​ឃើញ​ហើយ​ថា​ សង្គម​ជាតិ​យើង​សព្វ​ថ្ងៃ​ហាក់​បី​ដូច​ជា​លើក​កម្ពស់​អ្នក​ដែល​ត្រូវ​វាយ​តប់​ អ្នក​ដែល​រង​គ្រោះ​តែង​តែ​អត់​មាន​យុត្តិធម៌។​ បើ​យើង​មើល​ពី​បញ្ហា​សង្គម​រាល់​ថ្ងៃ​ហ្នឹង ​គឺ​យើង​លើក​កម្ពស់​អ្នក​ដែល​ប្រើ​ហិង្សា​ទៅ​វិញ»។​

អ្នក​ស្រី​ អ៊ុក ឆាយ៉ាវី ​ស្នើ​ឱ្យ​មាតា​បិតា​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កូន​របស់​ខ្លួន ​និង​តាម​ដាន​ការ​សិក្សា​របស់​ពួកគេ​ឱ្យ​បាន​ខ្ជាប់​ខ្ជួន

សិស្សានុសិស្ស​ដែល​វីអូអេ​បាន​សម្ភាស​លើក​ឡើង​ថា​ ពួក​គេ​មិន​ចង់​ឃើញ​ឱ្យ​មាន​ជម្លោះ​ហិង្សា​កើត​មាន​រវាង​សិស្ស​និង​សិស្ស​នោះ​ទេ​ ដោយ​ពួក​គេ​យល់​ថា​ វា​ជា​រឿង​ដែល​មិន​ល្អ​សម្រាប់​សង្គម​ ហើយ​វា​ផ្តល់​ភាព​អវិជ្ជមាន​ដល់​សិស្ស​ដទៃ ​ក៏​ដូច​ជា​ធ្វើ​ឱ្យ​ការ​សិក្សា​របស់​ពួក​គេ​ចុះ​អន់​ថយ។​

យុវតី ​ឃាង រក្សា ​សិស្ស​ថ្នាក់​ទី​ ១០ ​មក​ពី​វិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ​ថ្លែង​ថា៖​ «ពួក​យើង​នៅ​ក្មេងៗ​ណាស់​ អ៊ីចឹង​អត់​មាន​រឿង​អី​ដែល​ពួក​យើង​ទៅ​វ៉ៃ​គ្នា​ទេ ​ព្រោះ​ពេល​ដែល​យើង​មាន​រឿង​អី​មួយ​ អ៊ីចឹង​ទៅ​យើង​គួរ​ណាស់​តែ​សម្រួល​គ្នា ​ដោយ​សន្តិវិធី ​ព្រោះ​យើង​នៅ​ក្មេងៗ។ ​អ៊ីចឹង​អត់​អាច​យក​ដៃ​ប៉ះ​ដៃ ​យក​ជើង​ប៉ះ​ជើង​បាន​ទេ។​ យើង​មិន​អាច​ប្រើ​ប្រាស់​អំពើ​ហិង្សា​ទេ ​ព្រោះ​វា​មិន​មែន​ជា​ជម្រើស​ និង​ដំណោះ​ស្រាយ​ល្អ​សម្រាប់​យើង​ទេ»៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG