បន្ទាប់ពីការប្រកាសសាលក្រមផ្តន្ទាទោសដ៏ធ្ងន់លើលោក កឹម សុខា ឱ្យជាប់ឃុំរយៈពេល២៧ឆ្នាំមក អ្នកគាំទ្រមួយចំនួនរបស់អ្នកនយោបាយជើងចាស់រូបនេះបានបង្ហាញជំហរថា ពួកគាត់នឹងមិនទៅចូលរួមបោះឆ្នោតថ្នាក់ជាតិនៅខែកក្កដាខាងមុខនេះទេ។
អ្នកស្រី ជា សាមួន អ្នកគាំទ្រម្នាក់របស់លោក កឹម សុខា ថ្លែងថា អ្នកស្រីសម្រេចចិត្តមិនទៅបោះឆ្នោតឡើយ ដោយហេតុថា គ្មានគណបក្សនយោបាយណាមួយដែលអ្នកស្រីអាចជឿទុកចិត្តបានទេ។
អ្នកស្រីប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា៖ «ព្រោះអីបោះវាអត់មានតម្លាភាពដដែល។ ខ្ញុំអត់ទៅទេ ព្រោះអី វាអត់មានគណបក្សមួយដែលប្រឆាំងដ៏ធំនៅកម្ពុជា។ បើចេះតែបោះតាមការរៀបចំរបស់គេដដែល ខ្ញុំអត់ចេញទៅទេ»។
លោក គីម ហោ អ្នកគាំទ្រម្នាក់ទៀតរបស់លោក កឹម សុខា ប្រាប់វីអូអេថា លោកចាត់ទុកលោក កឹម សុខា ជាអ្នកនយោបាយដ៏ល្អម្នាក់សម្រាប់លោក។ ហើយបើគ្មានលោក កឹម សុខា ចូលរួមធ្វើនយោបាយក្នុងការបោះឆ្នោតថ្នាក់ជាតិខាងមុខនេះ លោកនឹងមិនទៅចូលរួមការបោះឆ្នោតនោះទេ។
លោកថ្លែងថា៖ «ដោយសារតែខ្ញុំជឿជាក់លើឆន្ទៈលោក កឹម សុខា គឺរឿងមិនត្រឹមត្រូវ គាត់មិនធ្វើ។ គាត់ធ្វើតែប្រយោជន៍ ប្រយោជន៍ជាតិ។ គាត់នៅជាមួយប្រជាពលរដ្ឋ»។
កាលពីថ្ងៃទី៣ ខែមីនាកន្លងទៅនេះ លោក កឹម សុខា អតីតមេដឹកនាំនៃគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយកាលពីឆ្នាំ២០១៧ បានរងការផ្តន្ទាទោសឱ្យជាប់ឃុំរយៈពេល២៧ឆ្នាំពីបទសន្ទិដ្ឋិភាព តាមមាត្រា៤៤៣នៃក្រមព្រហ្មទណ្ឌ ដែលស្មើនឹងអំពើក្បត់ជាតិ។
ខណៈអ្នកគាំទ្រលោក កឹម សុខាកំពុងបង្ហាញនិន្នាការមិនទៅបោះឆ្នោតនោះ តំណាងគណបក្សនយោបាយបង្ហាញជំហរខុសៗគ្នា។
លោក រ៉ុង ឈុន អនុប្រធានមួយរូបនៃគណបក្សភ្លើងទៀន យល់ថា និន្នាការនេះមិនមែនជាយុទ្ធសាស្ត្រមានប្រសិទ្ធភាពនោះទេ ក្នុងការទាមទារឱ្យមានការផ្លាស់ប្តូរដែលអ្នកបោះឆ្នោតចង់បាន។
លោកថ្លែងថា៖ «បើសិនជាសំឡេងការគាំទ្រមកលើគណបក្សភ្លើងទៀនបានច្រើនលើសលប់ ពេលហ្នឹងនឹងទទួលបានយុត្តិធម៌នៅពេលខាងមុខនេះ។ ហើយបើសិនជាយើងមិនទៅចូលរួមការបោះឆ្នោត ហើយអត់មានធ្វើអ្វីមួយសោះ ក៏វាមិនអាចទទួលបានដំណោះស្រាយ និងទទួលបានយុត្តិធម៌នោះដែរ»។
អនុប្រធានគណបក្សរូបនេះលើកឡើងទៀតថា បច្ចុប្បន្ននេះ គណបក្សរបស់លោកបាននិងកំពុងតែប្រើយុទ្ធសាស្ត្រយ៉ាងសកម្មដើម្បីទាក់ទាញអ្នកចូលរួមទាំងនោះ ជាពិសេសក្រុមអ្នកបោះឆ្នោតដែលមាននិន្នាការនយោបាយប្រជាធិបតេយ្យផងដែរ។
លោកថ្លែងថា៖ «គណបក្សកំពុងតែចុះយ៉ាងសកម្មទៅតាមខេត្ត ក្រុងនីមួយៗដើម្បីពន្យល់ពួកគាត់អំពីគោលនយោបាយរបស់គណបក្ស ក៏ដូចជាសារនយោបាយរបស់គណបក្ស ហើយពីជំហររបស់គណបក្សថា យើងបើកចំហ បើកទូលាយចំពោះអ្នកប្រជាធិបតេយ្យដូចគ្នា ក្នុងការរួបរួមជាកម្លាំងដើម្បីធ្វើម៉េចជួយស្វែងរកយុត្តិធម៌ ក៏ដូចជាប្រជាធិបតេយ្យជូនដល់ប្រទេសជាតិយើង»។
ដោយឡែក គណបក្សកាន់អំណាចបានចាត់ទុកជំហរមិនចូលរួមបោះឆ្នោតនេះថា ការមិនអនុវត្តសិទ្ធិពលរដ្ឋនិងនយោបាយ ដែលបុគ្គលជាពលរដ្ឋត្រូវបានផ្តល់ឱ្យតាមរដ្ឋធម្មនុញ្ញ។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា គឺលោកសុខ ឥសាន។ ក៏ប៉ុន្តែលោកថា និន្នាការនេះមិនប៉ះពាល់ភាពស្របច្បាប់នៃការបោះឆ្នោតនាពេលខាងមុខនេះឡើយ។
លោកប្រាប់វីអូអេថា៖ «ហើយបើយើងជាប្រទេសតូច ហើយយើងមានអត្រាខ្ពស់នៃអ្នកបោះឆ្នោតរហូតដល់៨០% ខ្ញុំយល់ថា អានេះគឺថាមិនអាចនរណាមួយមកប្រែក្រឡាស់សភាពការណ៍បានទេ បានសេចក្តីថា លទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា កាន់តែចាក់ ឫសជ្រៅ»។
នៅពេលសួរថា តើគណបក្សប្រជាជនកម្ពុជាមានយុទ្ធសាស្ត្រអ្វីខ្លះដើម្បីទាក់ទាញអ្នកមិនទៅបោះឆ្នោតទាំងនោះឱ្យមកគាំទ្រគណបក្សកាន់អំណាច លោកសុខ ឥសានថ្លែងថា គណបក្សរបស់លោកបាន«ខិតខំបង្កើនគុណសម្បត្តិតាមរយៈការធ្វើអំពើល្អរបស់មន្ត្រី ព្រមទាំងធ្វើការឱ្យមានប្រសិទ្ធភាព និងកសាងហេដ្ឋារចនាសម្ព័ន្ធ»ផងដែរ។
អ្នកស្រាវជ្រាវសង្គមនិងនយោបាយនៅសាកលវិទ្យាល័យ Melbourne ប្រទេសអូស្ត្រាលី លោក សេង សារី ប្រាប់វីអូអេថា លោកទទួលស្គាល់ថា លោក កឹម សុខា ពិតជាមានអ្នកគាំទ្រ ក៏ប៉ុន្តែលោកយល់ថា អ្នកគាំទ្ររបស់អតីតមេដឹកនាំគណបក្សប្រឆាំងរូបនោះមិនគ្រប់គ្រាន់សម្រាប់ការធ្វើឱ្យប្រែប្រួលបរិបទនយោបាយនិងការបោះឆ្នោតនៅកម្ពុជាឡើយ។
លោកបញ្ជាក់ថា៖ «អ៊ីចឹងហើយទោះបីយ៉ាងណាក៏ដោយ សរុបមកវិញ ខ្ញុំថា មិនធ្វើអីឱ្យមានការប្រែប្រួលច្រើនទេ អំឡុងពេលដែលស្ថានភាពនយោបាយហ្នឹងក៏កាន់តែមានស្ថានភាពតឹងតែងក្នុងដំណាក់កាលនេះ»។
អ្នកវិភាគនយោបាយរូបនេះក៏បានអះអាងដែរថា កន្លងមកមានការភាន់ច្រឡំថា លោក កឹម សុខា«មានទុននយោបាយ» ប៉ុន្តែអ្វីទាំងអស់នោះគឺដោយសារតែមានការបូកបញ្ចូលគ្នាជាមួយលោកសម រង្ស៊ី។
កាលពីឆ្នាំ២០១២ គណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា ដែលធ្លាប់ឈ្នះបាន៣អាសនៈនៅក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០០៨បានបញ្ចូលរួមគ្នាជាមួយគណបក្ស សម រង្ស៊ី របស់លោក សម រង្ស៊ី ដោយបានបង្កើតរួមគ្នាទៅជាគណបក្សសង្គ្រោះជាតិ។ គណបក្សនេះបានក្លាយជាដៃគូប្រកួតប្រជែងដ៏ខ្លាំងក្លាមួយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចដឹកនាំរដ្ឋាភិបាលកម្ពុជា ដោយឈ្នះបានអាសនៈប្រមាណ៥៥នៅក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ និងឈ្នះបានតំណែងដឹកនាំថ្នាក់មូលដ្ឋានចំនួន៥.០០៧ មុនពេលគណបក្សនេះត្រូវបានរំលាយកាលពីឆ្នាំ ២០១៧។
លោក កឹម សុខា បានប្រឡូកក្នុងនយោបាយកម្ពុជាតាំងពីឆ្នាំ១៩៩២ ជាមួយគណបក្សដែលដឹកនាំដោយលោក សឺន សាន រហូតដល់បង្កើតគណបក្សសិទ្ធិមនុស្សដោយខ្លួនឯងនៅឆ្នាំ២០០៧។
បច្ចុប្បន្ននេះលោក កឹម សុខា កំពុងជាប់ឃុំនៅក្នុងផ្ទះ ដោយមិនត្រូវបានអនុញ្ញាតឱ្យជួបបុគ្គលណាម្នាក់ក្រៅពីសមាជិកគ្រួសារ និងមេធាវីឡើយ។ សាលាដំបូងរាជធានីភ្នំពេញក៏បានដកហូតជាស្ថាពរនូវសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតនិងសិទ្ធិនយោបាយផ្សេងទៀតរបស់លោក កឹម សុខា ផងដែរ។
សម្រាប់អ្នកគាំទ្រលោក កឹម សុខា ដូចជាអ្នកស្រី ជា សាមួន ការកាត់ទោសលោក កឹម សុខា ជារឿងអយុត្តិធម៌មួយ។ អ្នកស្រីរំពឹងថា នឹងមានការចរចានយោបាយដើម្បីឱ្យលោក កឹម សុខា មានសេរីភាពនៅក្នុងការធ្វើនយោបាយឡើងវិញ។ រីឯលោក គីម ហោ យល់ថា រឿងក្តីក្តាំប្រឆាំងលើលោក កឹម សុខា ជារឿងនយោបាយសុទ្ធសាធ ដែលគួរតែមានការសន្ទនាគ្នាតាមផ្លូវនយោបាយទើបអាចបញ្ចប់រឿងក្តីក្តាំនេះបាន៕